និស្សិតខ្មែរ និងជប៉ុនស្វែងយល់រួមគ្នាពីសកម្មភាពកីឡានៅសាលាបឋមសិក្សា

នូ មករា March 2, 2018


ភ្នំពេញ៖ ដោយមានការជ្រោមជ្រែងពីអង្គការ Gift របស់ជប៉ុន ក្រុមនិស្សិតសាកលវិទ្យាល័យតូយ៉ូ (TOYO) របស់ជប៉ុនចំនួន២០រូប និងនិស្សិតកម្ពុជាមកពីសាកលវិទ្យាល័យនានានៅកម្ពុជាចំនួន១២រូបបានចុះស្វែងយល់រួមគ្នាពីចំណង់ចំណូលចិត្តរបស់សិស្សសាលាបឋមសិក្សាទៅលើវិស័យកីឡា ដោយបេសកកម្មនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែកុម្ភៈហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៥ ខែមីនាខាងមុខនេះ ។
ក្នុងបេសកកម្មនេះក្រុមនិស្សិតបានចុះទៅមើលការលក់សំភារៈកីឡានៅផ្សារអ៊ីអន និងផ្សារធំថ្មីដើម្បីសិក្សានៅតាមហាងលក់សំភារៈទាំងនេះពួកគេនឹង ដឹងតើនៅកម្ពុជាប្រភេទកីឡាណាខ្លះដែលគេចូលចិត្តនោះ ។ គួរបញ្ជាក់ថា នៅឆ្នាំ២០២០ខាងមុខនេះនៅទីក្រុងតូក្យូគឺជាកន្លែងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកហេតុនេះការរៀបចំព្រឹត្តិការណ៍ស្វែងយល់ពីចំណូលចិត្តកីឡារបស់ប្រទេសនីមួយៗជារឿងសំខាន់បំផុត ។ ដោយឡែកកាលនៅព្រឹកថ្ងៃទី២ ខែមីនានេះក្រុមនិស្សិតទាំង២ប្រទេសនេះបានចុះទៅសាលាបឋមសិក្សាបាក់ទូកដែលនៅទីនោះពួកគេ បានជួបជាមួយគ្រូអប់រំកាយ គ្រូកីឡាប្រចាំសាលា ព្រមទាំងបានជួបជាមួយកីឡាករ-កីឡាការិនីរបស់សាលា និងស្វែងយល់ពីចំណង់ចំណូលចិត្តរបស់សិស្សចំពោះប្រភេទកីឡានានាផងដែរ ។
បេសកកម្មនេះក៏ជាផ្នែកមួយបណ្ដុះបណ្ដាលនូវគំនិតធ្វើការជាក្រុម និងធ្វើឲ្យពួកគេចេះរៀបចំព្រឹត្តិការណ៍កីឡាឲ្យស្របទៅតាមចំណង់ចំណូលចិត្តរបស់សិស្ស ហើយបន្ទាប់ពីស្វែងយល់ពីអារម្មណ៍សិស្សចំពោះប្រភេទកីឡានៅសាលាបឋមសិក្សាបាក់ទូកហើយនោះនិស្សិតទាំង ២ ប្រទេសត្រូវរួមគ្នារៀបចំសកម្មភាពកីឡានៅពហុកីឡដ្ឋានជាតិអូឡាំពិកហើយសិស្សសាលាបឋមសិក្សាបាក់ទូកចំនួនពី៦០ទៅ៩០នាក់នឹងត្រូវចូលរួមលេងកីឡានៅទីនោះតែម្ដង ។ នេះជាសកម្មភាបបំផុសសិស្សានុសិស្សឲ្យចាប់អារម្មណ៍លេងកីឡា និងយល់ពីតម្លៃនៃកីឡា ដោយតាមរយៈការសំភាសន៍ផ្ទាល់នោះសិស្សានុសិស្សភាគច្រើនចូលចិត្តលេងកីឡាបាល់ទាត់ បាល់បោះ និងបាល់ទះ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់