អត្តពលិកជិត ៤០០០នាក់នឹងចូលរួមពិធីបាយសាមគ្គីជាមួយសម្ដេចតេជោឆ្នាំនេះ

នូ មករា March 1, 2018


ភ្នំពេញ៖ នេះជាលើកទី២ហើយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាអនុញាតរៀបចំឱ្យមានពិធីជួបជុំសំណេះសំណាលជាលក្ខណៈសាមញ្ញជាមួយក្រុមកីឡាជាតិទូទាំងប្រទេស ។ ពិធីជប់លៀងបរិភោគអាហាពេលល្ងាចជាលក្ខណៈមហាគ្រួសារកីឡាជាតិនេះនឹងត្រូវរៀបចំឡើងនៅក្នុងមណ្ឌលកំសាន្តកោះពេជ្រនាថ្ងៃទី០៤ ខែមេសាខាងមុខនេះ ។
សម្រាប់ព្រឹត្តិការណ៍ការជួបជុំពិសាភោជនាហារជាលក្ខណៈមហាគ្រួសារកីឡាខ្មែរជាមួយថ្នាក់ដឹកនាំប្រទេសនេះត្រូវបានប្រធាន NOCC លោក ថោង ខុន បានចាត់ទុកថាជាព្រឹត្តិការណ៍មួយដែលអាចកត់ត្រាទុកជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាព្រោះបើតាមការស្រាវជ្រាវរបស់លោកបណ្តាប្រទេសនៅលើពិភពលោកមិនដែលរៀបចំព្រឹត្តិការណ៍ដូច្នេះទេ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងដែរថា៖ «គណៈកម្មការបានរៀបរយរួចហើយគឺមានកីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូជំនួយចំនួន ២០៩៥នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន៥២ និងចំនួន ១៨៩៥នាក់មកពីប្រតិបត្តិមន្ត្រីបុគ្គលិក NOCC និងអង្គភាពពាក់ព័ន្ធចំនួន ១៧ស្ថាប័ន គឺសរុបមានចំនួន ៣៩៩០នាក់»។ លោកបានបន្តថា ការជួបជុំនេះគឺដើម្បីផ្តល់នូវការគាំទ្រ និងភាពកក់ក្តៅដល់បងប្អូនកីឡាករទាំងអស់ និងកំណត់ទិសដៅឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣នាពេលខាងមុខ ។
គួរបញ្ជាក់ថា អាគារចំនួន ៦អាគាររួមជាមួយរថយន្តក្រុងចំនួនជាច្រើនគ្រឿងនឹងត្រូវបានរៀបចំដើម្បីដឹកមន្ត្រី និងអត្តពលិកទាំងអស់ទៅជួបជុំគ្នា ចូលសំណេះសំណាល និងទទួលទានអាហារពេលល្ងាចជាមួយលោកនាយករដ្ឋមន្ត្រីក្នុងពេលដ៏ឆាប់ខាងមុខនេះ ។ យ៉ាងណាក៏ដោយ ការទទួលបានឱកាសទៅជួបលោក ហ៊ុន សែន ដោយមានការរៀបចំបាយសាមគ្គី និងបានប្រាក់រង្វាន់ម្នាក់ ១០ ម៉ឺនរៀលនេះ ធ្វើឲ្យមានការថ្នាំងថ្នាក់ដល់អ្នកដែលមិនបានចូលរួមផងដែរ​​ ។ អ្នកស្រី ឡុង រ៉ាវី ប្រធានក្លិបកីឡាគុនខ្មែរឈ្មោះខ្លារខិន បាននិយាយថា៖ «សហព័ន្ធប្រដាល់គុនខ្មែរ ផ្តល់ឱកាសឲ្យកីឡាករមិនគ្រប់គ្នាទេ គឺមាននិយមបក្ខពួក ព្រោះមានកីឡាករឆ្នើម និងគ្រូបង្វឹកខ្លះ មិនត្រូវគេដាក់ឈ្មោះទៅនោះទេ»។ ដូចគ្នានេះដែរ លោក ម៉ៃ សុភា គ្រូបង្វឹកកីឡាប្រដាល់មកពីក្លិបយុវជនច្បារអំពៅ ក៏ឱ្យដឹងដែរថា៖ «អត្ថន័យធំ នាជំនួបរបស់សម្តេច ហ៊ុន សែនគឺកីឡាករ និងគ្រូបង្វឹក ប៉ុន្តែកីឡាករខ្លះ និងគ្រូខ្លះ ដូចរូបខ្ញុំ ជាដើម គឺគ្មានឈ្មោះនៅក្នុងបញ្ជីសហព័ន្ធកីឡាប្រដាល់ទេ ប៉ុន្តែកន្លងមកខ្ញុំមានឱកាសទៅចូលរួមបាន ដោយសារចុះឈ្មោះក្នុងសហព័ន្ធកីឡាផ្សេងទៅវិញ»។ គួរបញ្ជាក់ផងដែរថា តាមកម្មវិធី មន្ត្រី និងអត្តពលិកទាំងអស់ត្រូវជួបជុំគ្នានៅកីឡដ្ឋានជាតិអូឡាំពិក ដោយជួបជុំគ្នាឡើងជិះរថយន្តរួមគ្នានៅម៉ោង ១៥ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ទៅកោះពេជ្រតែម្តង៕ ប៉ាវឡុង ជីង

 

មតិយោបល់