កម្ពុជា ចំណាយជាង៤សែនដុល្លារសម្រាប់ការបង្កើតសៀវភៅអប់រំកាយ និងកីឡា

នូ មករា April 2, 2018


ភ្នំពេញ៖ នាយកដ្ឋានអប់រំកាយ និងកីឡា បានសហការជាមួយនឹងអង្គការ JICA និងអង្គការបេះដូងមាស តាមយៈគម្រោង Sport for Tomorrow គ្រោងនឹងបង្កើត សៀវភៅសិក្សាអប់រំកាយ និងកីឡា ក្នុងទិសដៅពន្លឿនការអភិវឌ្ឍចំណេះដឹងដល់លោកគ្រូ-អ្នកគ្រូ អប់រំកាយ និងកីឡាកម្រិតមធ្យមសិក្សា ឬអនុវិទ្យាល័យដែលដែលគ្រោងចំណាយថវិកាជាង ៤សែនដុល្លារអាមេរិក។ សៀវភៅសម្រាប់អប់រំកាយ កម្រិតមធ្យមសិក្សា សម្រាប់គ្រូដែលទើបមានវត្តមាននៅកម្ពុជាលើកដំបូងនេះទំនងពុំបង្កការលំបាកដល់លោកគ្រូ-អ្នកគ្រូ ដែលជាអ្នកអនុវត្តនោះទេ ត្បិតកម្មវិធីបង្រៀនពុំមានភាពស្មុគស្មាញ និងងាយសិក្សាស្វែងយល់មុនបន្តផ្ទេរចំណេះដឹងនេះទៅកាន់សិស្សា-នុសិស្ស។
សាស្ត្រាចារ្យជំនាញអប់រំកាយ និងកីឡា មកពីសាកលវិទ្យាល័យ Tokyo លោក Suzuki Satoshi បានឱ្យដឹងថា គម្រោងចងក្រសៀភៅសិក្សាអប់រំកាយ និងកីឡា គ្រោងនឹងបញ្ចប់និងបោះពុម្ភជាផ្លូវការនៅត្រឹមឆ្នាំ២០២០។ គម្រោងនេះនឹងជោគជ័យខ្លាំងព្រោះផែនការបណ្តុះបណ្តាលមន្ត្រីជំនាញនៃនាយកដ្ឋានអប់រំកាយ និងកីឡាកម្ពុជា អនុវត្តបានល្អប្រសើរស្របតាមបទដ្ឋាន និងមានភាពច្បាស់លាស់ដូចបណ្តាប្រទេសរីកចម្រើនមួយចំនួនទៀត ។ គួរបញ្ជាក់ថា ជំហានដំបូងសម្រាប់ការបោះពុម្ភសៀវភៅអប់រំកាយ និងកីឡា គ្រូកម្រិតមធ្យមសិក្សា នៅឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់ដល់ខេត្តក្រុងគោលដៅចំនួន៣ រួមមាន៖ រាជធានីភ្នំពេញ, ស្វាយរៀង, បាត់ដំបង, ជាបន្ទុករបស់ភាគីជប៉ុន ខណៈការបោះពុម្ភចែកចាយទូទាំងប្រទេសតាមដំណាក់កាលបន្តបន្ទាប់ ក្រសួងអប់រំយុវជន និងកីឡាកម្ពុជាជាអ្នករ៉ាប់រង៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់