FFC ត្រូវការថវិកាខ្ទង់ ៥លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសាលាបាល់ទាត់ ២៥ខេត្ត-ក្រុង

នូ មករា February 9, 2018


ភ្នំពេញ៖ គម្រោងបង្កើតសាលាតម្រង់ទិសកីឡាបាល់ទាត់ ២៥ខេត្ត-ក្រុងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) រហូតមកទល់ពេលនេះ បានបញ្ចប់គម្រោងជាស្ថាពរហើយ ប៉ុន្ដែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ពិសេសទីលានមិនទាន់បញ្ចប់នោះទេ ខណៈ FFC ត្រូវការថវិកាប្រមាណ ៤ ទៅ ៥លានដុល្លារ សម្រាប់ចំណាយ និងឈានទៅសម្រេចគោលដៅរបស់ខ្លួន ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ សាម៉េត អនុប្រធាន FFC ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលលោក ខៀវ សាម៉េត ទៅទទួលប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino កាលពីល្ងាចមិញ លោកបានលើកឡើងថា មកទល់ពេលនេះ គម្រោងបង្កើតសាលាបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុងបានបញ្ចប់ហើយ នៅឡើយតែការសាងសង់ទីលាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗប៉ុណ្ណោះ ។
លោកបានបន្ដថា ជាបណ្ដោះអាសន្នពេលនេះ សហព័ន្ធទើបសាងសង់ទីលានបានមួយប៉ុណ្ណោះ ស្ថិតនៅខេត្តត្បូងឃ្មុំ ដែលចំណាយអស់ជាង ១០ម៉ឺនដុល្លារ ។ ដោយឡែកគម្រោងសាងសង់ទីលានទី២ របស់សាលាបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុង កំពុងដំណើរការនៅលើទឹកដីខេត្តស្វាយរៀង ។
ហេតុនេះ គោលដៅបន្ទាប់ គឺសហព័ន្ធនឹងត្រូវបន្ដការសាងសង់ទីលានឲ្យបានគ្រប់ខេត្តទាំងអស់ ដែលត្រូវការការចំណាយយ៉ាងធំធេង រហូតដល់ទៅខ្ទង់ ៤ ទៅ ៥លានដុល្លារ ស្របពេលក្នុងមួយឆ្នាំ FIFA បានផ្ដល់ជំនួយលើគម្រោងអភិវឌ្ឍន៍មកដល់កម្ពុជាប្រមាណ ១លាន ២សែនដុល្លារ ។ តែទន្ទឹមកម្ពុជាត្រូវបានជ្រើសរើសជាទីតាំងរៀបចំកិច្ចប្រជុំ FIFA Executive Football Summit 2018 ថ្ងៃនេះ លោករំពឹងថា នឹងទទួលបានដំណោះស្រាយមួយកាន់តែល្អប្រសើរពី FIFA ដើម្បីជំរុញគម្រោងសាលាបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុងឲ្យទទួលបានជោគជ័យ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់