កម្មវិធី “រត់ដើម្បីក្តីស្រឡាញ់” បន្ថែមការលើកទឹកចិត្តដល់ស្រ្តីនៅក្នុងវិស័យកីឡា

គឹមហុក March 7, 2015


កីឡាគឺជាចំណែកមួយនៃជីវិតរបស់មនុស្សគ្រប់ៗរូបការហាត់កីឡាជាប្រចាំមិនត្រឺមតែអាចធ្វើឲ្យលោកអ្នកមានសុខភាពល្អនោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការបង្កើនមិត្តភាព ក្តីស្រឡាញ់ចំពោះមនុស្សជុំវិញខ្លួន និងនាំមកនូវភាពស្រស់ស្រាយក្នុងចិត្តផងដែរ។ យ៉ាងណាក៏ដោយមនុស្សជាច្រើននៅតែមានទស្សនៈថា កីឡាគឺជាសកម្មភាពដែលសមស្របសម្រាប់បុរសតែប៉ុណ្ណោះ ហេតុដូច្នេះហើយទើបចំនួនស្ត្រីដែលចូលរួមក្នុងវិស័យកីឡាហាក់នៅមានកម្រិតតិចនៅឡើយបើធៀបទៅនឹងចំនួនដ៏ច្រើនរបស់បុរស។

ក្នុងបុព្វហេតុដើម្បីជាការជួយជំរុញឲ្យនារីបានចូលរួមក្នុងការហាត់កីឡានេះហើយ ទើបកម្មវិធីរត់ប្រណាំងមហាជនមួយត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមប្រធានបទ ស្ត្រី និងកីឡា រត់ដើម្បីក្តីស្រឡាញ់!។ ជាមួយនឹងវត្តមាននៃអ្នកចូលរួមជាច្រើនពាន់នាក់បានធ្វើឲ្យទឹកដីនៃទីក្រុងកោះពេជ្រនាព្រឹកព្រលឹមស្រាងៗនោះ បានក្លាយទៅជាទីលានប្រកួតដ៏កុះករពោរពេញដោយក្តីសប្បាយរីករាយអមទៅដោយសំណើចក្អាកក្អាយដែលបានបន្លឺចេញពីស្នាមញញឹមពព្រាយនៃអ្នកចូលរួមទាំងឡាយ។ សំឡេងនៃដូរតន្រ្តីដែលត្រូវបានប្រគុំឡើងនៅសងខាងផ្លូវប្រកួតបានបង្កើនបរិយាកាសឲ្យកាន់តែអធិកអធមថែមមួយកម្រិតទៀត ខណៈដែលយុវជនក្មេងៗក្នុងឯកសណ្ឋានជាអ្នកកីឡាដ៏ស្វាហាប់បានធ្វើដំណើរឆ្ពោះមកកាន់ទីចាប់ផ្តើមដើម្បីត្រៀមខ្លួនក្នុងការបំពេញបេសកកម្មដ៏រំភើបរបស់ពួកគេ។

 

រត់ដើម្បីក្តីស្រឡាញ់

រត់ដើម្បីក្តីស្រឡាញ់

 

កញ្ញា រចនា ដែលជាបុគ្គលិកនៃក្រុមហ៊ុនឯកជនមួយក្នុងរាជធានីភ្នំពេញបានថ្លែងនូវចំណាប់អារម្មណ៍របស់ខ្លួនថា៖« ខ្ញុំបានសម្រេចចិត្តចុះឈ្មោះដើម្បីចូលរួមក្នុងការប្រកួតនាព្រឹកនេះ ព្រោះតែខ្ញុំចូលចិត្តការរត់ប្រណាំង ម្យ៉ាងក៏ដើម្បីទទួលបានភាពរីករាយជាមួយមិត្តភក្តិឯទៀតដែរ។ នេះជាពេលវេលាមួយដ៏ល្អក្នុងការហាត់កីឡាវា ដូចដែលអ្នករាល់គ្នាបានឃើញស្រាប់មនុស្សក្មេងៗនៅភ្នំពេញមិនសូវចូលចិត្ត ឬមានពេលហាត់ប្រាណច្រើនទេ ដូច្នេះការចំណាយពេលដើម្បីមកទីនេះគឺជាប្រការដ៏ល្អមួយ!»

បន្ថែមពីលើការរត់ចម្ងាយក្នុងវិញ្ញាសានីមួយៗហើយនោះ ការរត់ប្រណាំងជាគូដែលតម្រូវឲ្យអ្នកចូលរួមចងជើងភ្ជាប់គ្នា (រត់ជើងបី) បានក្លាយជាការប្រកួតដ៏គួរឲ្យអស់សំណើចបំផុតមួយ។ ក្នុងពេលដែលអ្នកប្រកួតព្យាយាមរត់ទាំងប្រផាប់ប្រភីងនោះ អ្នកទស្សនាដែលនាំគ្នាឈរនៅតាមដងផ្លូវបានស្រែកហ៊ោកញ្ជៀវ ខ្លះទៀតទះដៃតាមចង្វាក់ភ្លេងជាហេតុធ្វើឲ្យកម្មវិធីនាពេលព្រឹកនោះរឹតតែមានភាពអ៊ូអរក្រៃលែង។

ប្អូនស្រី ជា កន្និកា​ ជាសិស្សកំពុងសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិបានបញ្ជាក់ដោយក្តីរីករាយថា៖« នេះជាកម្មវិធីមួយដ៏ល្អដែលបានជួយជំរុញឲ្យមនុស្សជាច្រើនបានចូលរួមក្នុងការហាត់កីឡាពិសេសគឺសម្រាប់នារីៗតែម្តងហើយវាក៏បានរួមចំណែកក្នុងការលើកកម្ពស់តម្លៃនៃស្ត្រីភេទដែរ ដោយបង្វែរថ្ងៃ១៤ កុម្ភៈឲ្យក្លាយជាថ្ងៃនៃការហាត់កីឡាដើម្បីសុខភាពជាជាងការដើរលេង ឬប្រព្រឹត្តិអំពើដែលខុសពីគន្លងប្រពៃណីខ្មែរយើង។ ខ្ញុំសង្ឃឹមថាកម្មវិធីបែបនេះនឹងមានជាបន្តទៀតនៅឆ្នាំក្រោយ ហើយបើអាចបង្កើតឲ្យមានកីឡាប្រភេទផ្សេងៗទៀតកាន់តែល្អ!»

យ៉ាងណាក៏ដោយបើទោះបីជាកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្ត ក៏ដូចជាដើម្បីជំរុញឲ្យស្ត្រីបានចូលរួមថែមទៀតក្នុងវិស័យកីឡានៅកម្ពុជាក៏ពិតមែនប៉ុន្តែក៏មានវត្តមានបុរស ឬ​យុវជនជាច្រើនបានធ្វើដំណើរមកកាន់ទីក្រុងកោះពេជ្រក្នុងគោលដៅដើម្បីគាំទ្រដល់យុទ្ធនាការដ៏មានអត្ថន័យនេះ ហើយសកម្មភាពបែបនេះក៏បានស្តែងឲ្យឃើញថាកីឡាគឺជាតម្រូវការរបស់មនុស្សគ្រប់គ្នាហើយវាក៏ជាមធ្យោបាយមួយក្នុងការនាំមកនូវមិត្តភាព រួមទាំងសាមគ្គីភាពរវាងគ្នាទៅវិញទៅមកនៅក្នុងសង្គម។ ជាងនេះទៅទៀតកម្មវិធីនេះក៏ទទួលបាននូវការគាំទ្រយ៉ាងផុសផុលពីសំណាក់អ្នកចូលរួម និងមជ្ឈដ្ឋានទូទៅដែលជាកម្លាំងមួយដ៏សំខាន់ក្នុងការបង្កើននូវសេចក្តីក្លាហាន និងការរួមចំណែកកាន់តែច្រើនពីសំណាក់ស្ត្រីក្នុងវិស័យកីឡានៅកម្ពុជា៕

 

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត