FFC ទទួលបានជំនួយពីកូរ៉េ ៤ម៉ឺនដុល្លារ មកអភិវឌ្ឍន៍គម្រោងសាលាបាល់ទាត់ ២៥ខេត្ត-ក្រុង

នូ មករា December 14, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលជំនួយពីមូលនិធិការចែករំលែកសេចក្ដីស្រលាញ់បាល់ទាត់កូរ៉េ(KOFICE) និងមូលនិធិដើម្បីផ្លាស់ប្ដូរវប្បធម៌ពិភពលោក(KFLSF) នូវទឹកប្រាក់ចំនួន ៤ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុង ។
 
ពិធីប្រគល់បានធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាពលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងមូលនិធីទាំងពីខាងលើ ។ លោក សៅ សុខា បានមានប្រសាសនន៍ថា ក្នុងនាមសហព័ន្ធ លោកពិតជាមានក្ដីរីករាយក្រៃលែង ចំពោះសប្បុរសជនក្រៅប្រទេស ពិសេសថ្នាក់ដឹកនាំមូលនិធិកូរ៉េ ដែលបានចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា តាមរយៈការផ្ដល់ជំនួយខាងលើ ។ លោករំពឹងថា ជំនួយនេះ នឹងក្លាយជាចំណែកដ៏សំខាន់ នៅក្នុងគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ ដែលសហព័នន្ធកំពុងអនុវត្តសកម្មភាពក្នុងប្រទេស ដូចជាការជួសជុលទីលានតាមសាលាមួយចំនួន និងការរៀបចំជើងឯកយុវជនជាដើម ។
 
ប្រមុខថ្នាក់ដឹកនាំសហព័ន្ធដដែលបន្ដថា គិតមកទល់ពេលនេះ មានសប្បុរសជនច្រើន ពិសេសតំណាងខេត្តមួយចំនួន បានសន្យាជួយអភិវឌ្ឍន៍គម្រោងសាលាបាល់ទាត់ក្នុងខេត្តខ្លួន ហើយមានក្រុមហ៊ុនឯកជនជាបន្ដបន្ទាប់ បានចូលរួមជួយឧបត្ថម្ភគាំទ្រ តែសហព័ន្ធមិនទាន់កំណត់បានពីទិដ្ឋន័យច្បាស់លាស់នៃសាច់ប្រាក់ទទួលបាន និងទំហំទឹកប្រាក់ត្រូវចំណាឡើយ ។ ប៉ុន្ដែអ្វីដែលសំខាន់ គម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់នេះ គឺត្រូវការការចំណាយច្រើន ដូច្នេះជំនួយទទួលបាននៅមិនទាន់អាចឆ្លើយតបនឹងការចំណាយនោះឡើយ ។
 
ជាមួយគ្នានោះ លោក Gap Jin Lee ប្រធានមូលនិធិការចែករំលែកសេចក្ដីស្រលាញ់បាល់ទាត់កូរ៉េ បានបញ្ជាក់ថា នេះគឺជាជំហានចាប់ផ្ដើម ដើម្បីសហការជាមួយ FFC ប៉ុន្ដែលោកនឹងព្យាយាមគៀងគរស្វែងរកសប្បុរសជនជាតិកូរ៉េផ្សេងទៀត មកចូលរួមជាមួយគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់របស់កម្ពុជា ។ លោកថា លោករីករាយក្នុងការជួយដល់វិស័យបាល់ទាត់កម្ពុជា ដែលមានផែនការច្បាស់លាស់ និងកំពុងអភិវឌ្ឍន៍ខ្លួនឲ្យរីកចម្រើននាពេលបច្ចុប្បន្ន ។ តាមរយៈកិច្ចសហការនេះ លោកក៏រំពឹងថា ប្រទេសទាំងពីរ និងប្រជាពលរដ្ឋប្រទេសទាំងពីរ កាន់តែមានទំនាក់ទំនងស្អិតរមួតបន្ថែមទៀត ៕
 អត្ថបទ៖ បុត្រា

មតិយោបល់