ក្រុមគ្រូបង្វឹកនៅលីគទី៣ ជប៉ុន នឹងរៀបចំកម្មវិធី Football Clinic ចំនួន ៣ថ្ងៃនៅភ្នំពេញក្រោន 

នូ មករា December 5, 2017


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា នាថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ ក្រុមគ្រូបង្វឹកមកពីក្លឹប Giravanz Kitakyushu ដែលស្ថិតនៅក្របខណ្ឌលីគទី៣ របស់ប្រទេសជប៉ុន នឹងបំពេញទស្សនកិច្ចចំនួន ៣ថ្ងៃនៅកីឡដ្ឋាន RSN របស់ក្លឹបជើងឯក ៦សម័យកាលនៃលីគកំពូលកម្ពុជានេះ ។
ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជានេះដែរ ក្រុមគ្រូបង្វឹកជប៉ុននឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលដល់ក្រុមថ្នាលយុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៤ឆ្នាំ ក្រោមការរៀបចំឡើងដោយ J-League រួមជាមួយសមាគមបាល់ទាត់ជប៉ុន និងក្លឹបបាល់ទាត់ភ្នំពេញក្រោន ដើម្បីចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធល្អៗដល់យុវជនក្មេងៗដែលកំពុងតែស្ថិតក្នុងដំណាក់កាលត្រៀមខ្លួនឆ្ពោះទៅកាន់កម្រិតជាកីឡាករអាជីពសម្រាប់អនាគតនៃវិស័យបាល់ទាត់កម្ពុជា និងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាង J-League និងបណ្តាក្លឹបបាល់ទាត់នៃតំបន់អាស៊ានផងដែរ ។
យ៉ាងណាក៏ដោយនេះមិនមែនជាសកម្មភាពលើកទី១ ឡើយសម្រាប់ក្រុមគ្រូបង្វឹក Giravanz Kitakyushu នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា កាលពីអំឡូងខែកុម្ភៈ កន្លងទៅ ពួកគេក៏បានធ្វើដំណើរមកកាន់ក្លឹបភ្នំពេញក្រោនដើម្បីរៀបចំកម្មវិធីបែបនេះម្តងរួចមកហើយ ថែមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងមានយុវជនចូលរួមយ៉ាងផុសផុលគួរឱ្យកត់សម្គាល់ ។
 
គួរបញ្ជាក់ថា Giravanz Kitakyushu ជាក្លឹបបាល់ទាត់មួយដែលមានមូលដ្ឋាននៅតំបន់ Kitakyushu នៃទីក្រុង Fukuoka ដែលស្ថិតនៅលើដែនកោះ Kyushu ។ ជាងនេះទៅទៀត តំបន់ Kitakyushu ក៏បានចងសម្ព័ន្ធភាពក្នុងនាមជាដៃគូជាមួយរាជធានីភ្នំពេញថែមទៀតផង ៕
អត្ថបទ៖ មករា

មតិយោបល់