មនុស្សជាង ១០.០០០នាក់ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្តឆ្នាំនេះ

នូ មករា December 3, 2017


ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ដែលបានប្រារព្ធធ្វើឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧នេះ មានអ្នកចូលរួមរហូតដល់ទៅជាង ១០.០០០នាក់ឯណោះ ។ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកថា នេះជាចំនួនដែលកើនឡើងហួសពីការស្មាន ។ តាមការឲ្យដឹងបន្ថែមក្នុងចំនួនអ្នកចូលរួមជាង ១០.០០០នាក់នោះគឺបានធ្វើដំណើរមកពីប្រទេសចំនួន ៧៦លើពិភពលោក ។  ចំពោះលទ្ធផលចំណាត់ថ្នាក់វិញនោះគឺសម្រាប់វិញ្ញាសាពាក់កណ្ដាលម៉ារ៉ាតុងបុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករមកពីប្រទេសចិន Qui Bian ដែលរត់ក្នុងថិរវេលា ១ម៉ោង១២នាទី៤២វិនាទី, លេខ២ បានទៅកីឡាករកម្ពុជា Takizaki Kuniaki ដែលរត់ក្នុងថិរវេលា ១ម៉ោង១៤នាទី៤២វិនាទី និងលេខ៣ បានទៅកីឡាករកម្ពុជា ម៉ា វីរ៉ូ ដែលរត់ក្នុងថិរវេលា ១ម៉ោង១៥នាទី៣៥វិនាទី ។

ចំពោះវិញ្ញាសារត់ពាក់កណ្ដាលម៉ារ៉ាតុងនារីវិញ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីមកពីប្រទេសអៀរឡង់ Nic Amhlaoibh ដែលរត់ក្នុងថិរវេលា១ម៉ោង២៨នាទី៤៥វិនាទី ។ លេខ២ គឺកីឡាការិនីបារាំង Messina Veronique រត់ក្នុងថិរវេលា១ម៉ោង៣១នាទី២៩វិនាទី និង លេខ៣ បានទៅកីឡាការិនីចក្រភពអង់គ្លេស Clarue Lynsay ដែលរត់ក្នុងថិរវេលា១ម៉ោង៣៣នាទី៤០វិនាទី ។

សម្រាប់វិញ្ញាសារត់ ១០គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករកម្ពុជាវ៉ាន់ ភារ៉ា រត់ក្នុងថិរវេលា៣៤នាទី៤៤វិនាទី, លេខ២ គឺកីឡាករមកពីប្រទេសអេត្យូពី Tamiru Andarge Ayal ដែលរត់ក្នុងថិរវេលា ៣៦នាទី១៣វិនាទី និងលេខ៣ គឺកីឡាករកម្ពុជា ជា សម្ផស្ស រត់ក្នុងថិរចវេ៣៦នាទី៤១វិនាទី ។

ចំណែកឯវិញ្ញាសារត់១០គីឡូម៉ែត្រនារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីបារាំង Pech Agathe រត់ក្នុងថិរវេលា៤៥នាទី២៧វិនាទី១១,  លេខ២ កីឡាការិនីកម្ពុជា ហុង សុជាតា រត់ក្នុងថិរវេលា៤៥នាទី៣៩វិនាទី៥៤ និងចំណាត់ថ្នាក់លេខ៣ គឺកីឡាការិនីសិង្ហបូរី Wilson Amanda រត់ក្នុងថិរវេលា៤៧នាទី១៣វិនាទី៩៤ ។

ចំពោះវិញ្ញាសារត់១០គីឡូម៉ែត្រជនពិការ ចំណាត់ថ្នាក់លេខ១ គឺកីឡាករ ជឹម ផាន រត់ក្នុងថិរវេលា៤៩នាទី៣៥វិនាទី២៣, លេខ២កីឡាករ ញ៉ក់ គឹមហោរ រត់ក្នុងថិរវេលា១ម៉ោង ០១នាទី៣៤វិនាទី និងចំណាត់ថ្នាក់លេខ៣ កីឡាករ សាន ម៉ៅ រត់ក្នុងថិរវេលា១ម៉ោង ០៧នាទី៣៨វិនាទី ។ ពួកគេសុទ្ធតែជាកីឡាករកម្ពុជាទាំងអស់ ។

ដោយឡែកវិញ្ញាសាប្រណាំងរទេះជនពិការពាក់កណ្ដាលម៉ារ៉ាតុងចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ សែម គឹមសួរ ធ្វើបានក្នុងថិរវេលា១ម៉ោង៤៤នាទី៣៩វិនាទី, លេខ២កីឡាករ ហេង សាវឿន ធ្វើក្នុងថិរវេលា១ម៉ោង៤៤នាទី៥៤វិនាទី និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ សាង មនោ ធ្វើបានសម្រេចក្នុងថិរវេលា១ម៉ោង៤៦នាទី៤៤វិនាទី ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់