ការប្រកួតកីឡាចំបាប់បុរាណ-សម័យជើងឯកជាតិ ឆ្នាំ២០១៧ បញ្ចប់ដោយជោគជ័យ

នូ មករា November 29, 2017


ភ្នំពេញ៖ ការប្រកួតចំបាប់ជើងឯកជាតិឆ្នាំ២០១៧ ដែលរៀបចំឡើងនៅខេត្តកំពង់ឆ្នាំងនោះបានបញ្ចប់ហើយកាលពីពេលថ្មីៗកន្លងទៅដែលនេះជាការប្រកួតទាំងចំបាប់បូរាណ និងចំបាប់សម័យ។ លោកធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឱ្យដឹងថា នេះជាលើកដំបូងហើយដែលការប្រកួតជើងឯកជាតិត្រូវបានរៀបចំតាមខេត្តបែបនេះ។ មិនតែប៉ុនណោះលោកអគ្គលេខាធិការបានបន្ថែមទៀតថា នេះជាការបំផុសមួយដើម្បីឲ្យសមាគម ក៏ដូចជាក្លិបតាមបណ្ដាខេត្តចូលរួមអភិវឌ្ឍកីឡាចំបាប់ដោយបបួលគ្នាលេងទាំងចំបាប់បូរាណ ទាំងសម័យដើម្បីឈានទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិក្នុងគោលដៅដណ្តើមមេដាយជូនជាតិ ។

 លោកក៏បានចាត់ទុកថា នេះគឺជាយុទ្ធសាស្រ្តមួយរបស់សហព័ន្ធក្នុងការស្វែងរកយុវជនវ័យក្មេងដែលមានសមត្ថភាពយកមកធ្វើការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។ សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ បុរាណសម័យ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៧នេះ ជាលទ្ធផលគឺ ក្លឹបភ្នំពេញ ទទួលបានចំណាត់លេខ១ ដោយឈ្នះមេដាយសរុប ១៥គ្រឿងក្នុងនោះមាស៧ ប្រាក់៥ និងសំរឹទ្ធ៣, លេខ២ សមាគមកីឡាចំបាប់ក្រសួងមហាផ្ទៃ និងលេខ៣ សមាគមកីឡាចំបាប់បារមីម៉ឺនឯក ខេត្តកណ្តាល ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់