«ទិវាកីឡាដើម្បីទាំងអស់គ្នា» រឹតបន្តឹងចំណងមិត្តភាព និងស្វែងរកអ្នកមានទេពកោសល្យ

នូ មករា November 24, 2017


ភ្នំពេញ៖ ដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា នោះនាយកដ្ឋានអប់រំកាយ និងកីឡាបានរៀបចំព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នា ពេញមួយថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញនៅពហុកីឡដ្ឋានជាតិអូឡាំពិក។លោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា រួមជាមួយលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងតំណាងនាយកដ្ឋានទាំង ៤ចំណុះអគ្គនាយកដ្ឋានកីឡាបានអញ្ជើញចូលរួមក៏ដូចជាផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្រុមជ័យលាភីផងដែរ។

លោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានកីឡាករកីឡាការិនីចំនួន ២៩៥នាក់ចូលរួមដោយពួកគេមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, សហព័ន្ធខ្មែរកីឡាហែលទឹក និងសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។ ប្រភេទកីឡាចំនួន ១០ដែលដាក់ឲ្យលេងនោះជាប្រភេទកីឡាមានលក្ខណៈជាមូលដ្ឋាន និងមានចរិតបង្កនូវភាពសប្បាយរីករាយដល់អ្នកលេង ដែលជាប្រភេទកីឡាមានលក្ខណៈជាល្បែងដែលមានផលប្រយោជន៍ដល់រាងកាយ និងសុខភាព និងបង្កើតឲ្យមានមិត្តភាព ដែលមានល្បែងសត្វក្អែប, ល្បែងអង្គុយលើប៉ោងៗ, ល្បែងកៀបបាល់, ល្បែងខ្យល់ព្យុះ, ល្បែងរត់ដាក់គ្រាប់ប៉េងប៉ុង, ល្បែងលោតកង្កែប, ល្បែងលោតអន្ទាក់ជើង២, ល្បែងបញ្ជូនបាល់ពីលើក្បាល, ល្បែងចងជើងរត់ប្រណាំង (មួយក្រុម៥នាក់ចងជើងជាប់គ្នា) និងល្បែងទាញព្រ័ត្រ ។

ចំពោះលទ្ធផលនៃការប្រកួតមួយថ្ងៃនេះផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្រុមទី៧, លេខ២ គឺសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងលេខ៣ បានទៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្រុមទី១០។ ចំណាត់ថ្នាក់ផ្នែកនារីលេខ១ បានទៅក្រុមវិទ្យាស្ថានជាតិអប់រំកាយក្រុមទី១, លេខ២ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងលេខ៣ បានទៅក្រុមសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។ ចំពោះចំណាត់ថ្នាក់សម្រាប់ក្រុមចម្រុះបុរសនារីលេខ១ បានទៅក្រុមសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, លេខ២ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្រុមទី៥ និងលេខ៣ បានទៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្រុមទី៤ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់