ព្រឹត្តិការណ៍ប្រណាំងក្របីនៅវត្តវិហារសួគ៌ឆ្នាំនេះ ក្សត់ទាំងក្របី ខ្សត់ទាំងអ្នកឧបត្ថម្ភ

នូ មករា September 25, 2017


កណ្តាល៖ ព្រឹត្តិការណ៍ប្រកួតកីឡាប្រពៃណីនៅក្នុងបរិវេណវត្តវិហារសួគ៌ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែបញ្ចប់កាលពីសប្ដាហ៍មុននោះ ត្រូវបានគេមើលឃើញថាមានលក្ខណៈក្សត់ខ្សោយជាងឆ្នាំមុន ដោយមិនសូវមានសត្វក្របីសម្រាប់ធ្វើការប្រណាំងឡើយ ពោលមានតែ ៥គូប៉ុណ្ណោះ ក្រៅពីនេះមានតែសេះ ការប្រកួតចំបាប់ គុនដំបង និងការសម្តែងល្បុក្កតោ តែប៉ុណ្ណោះដែលមានចំនួនច្រើនដូចមុនឡើយ សូម្បីតែអ្នកឧបត្ថម្ភក៏គ្មានសូម្បីតែមួយ ខណៈដែលរាល់កម្មវិធីកន្លងមកគឺទទួលបានការឧបត្ថម្ភពី NOCC ។
ប្រធានភូមិវិហារសួគ៌ និងជាប្រធានគ្រប់គ្រងការប្រកួតកីឡាប្រពៃណីនៅវិហារសួគ៌លោក ថែ ថាំង បានផ្ដល់បទសំភាសន៍ឱ្យកាសែតក្នុងស្រុកមួយថា នៅឆ្នាំនេះ ក្រៅពីការប្រណាំងក្របីទាំង ៥ គូនេះ គឺមានការប្រណាំងសេះរហូតដល់ ២៧ គូ សម្តែងល្បុក្កតោចំនួន ២ គូ ព្រមទាំងការប្រកួតគុនដំបង និងប្រកួតចំបាប់បុរាណបែបស្ម័គ្រចិត្តរបស់អ្នកភូមិវិហារសួគ៌តែម្តង ដោយមានការឧបត្ថម្ភថវិកាបន្តិចបន្តួចដល់អ្នកដែលស្ម័គ្រចិត្តចូលរួមលេង ។ ខណៈដែលថវិកាឧបត្ថម្ភកន្លងមក គឺបានទទួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តែឆ្នាំនេះ មិនមានការចូលរួមឧបត្ថម្ភនោះទេ ដោយសារស្ថាប័ននេះមានការមមាញឹកច្រើនហើយមន្ត្រីជំនាញរបស់ NOCC គឺលោក វ៉ាត់ ចំរើន ក៏ជាប់ទៅបំពេញបេសកកម្មនៅប្រទេសតួកម៉េនីស្ថានអំឡុងពេលភ្ជុំនោះផងដែរ។
លោកបានបន្ថែមថា៖ «នៅរាល់ឆ្នាំ យើងមានចំនួនក្របីចូលរួមច្រើន មិនដែលក្រោម ១០ គូនោះទេ ប៉ុន្តែនៅឆ្នាំនេះយើងមានតែ ៥ គូទេ ព្រោះក្របីនៅភូមិឃុំរបស់យើង វាកើតអុតក្តាម ធ្វើឲ្យវាឈឺក្រចក មិនអាចយកមកជិះបាន ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន បានលក់វាទៅឲ្យឈ្មួញមកពីវៀតណាម ហើយសព្វថ្ងៃនេះការប្រើប្រាស់ក្របីសម្រាប់ធ្វើស្រែចម្ការនៅទីនេះ ក៏មានការធ្លាក់ចុះផងដែរ ព្រោះប្រជាពលរដ្ឋមួយចំនួនបានប្តូរមកប្រើគ្រឿងចក្រជំនួសវិញ»។ លោកបន្តថា៖ « សម្រាប់ការ រៀបចំឲ្យមានកីឡាប្រពៃណីនៅវិហារសួគ៌នេះ គឺមានតែពួកខ្ញុំជាគណៈកម្មការ និងចៅអធិការវត្ត ទេ ជាអ្នកស្វះស្វែងរៀបចំឲ្យមានជារៀងរាល់ឆ្នាំ ហេតុនេះសូមឲ្យក្រសួងពាក់ព័ន្ធជួយដឹងឭ និងយកចិត្តទុកដាក់ផង ព្រោះការប្រណាំងក្របីនេះ គឺមានតែនៅវិហាសួគ៌ទេ ដែលតំណាងឲ្យប្រទេសទាំងមូល អ៊ីចឹងពួកខ្ញុំមិនចង់ឲ្យវប្បធម៌ប្រពៃណីដ៏ផូរផង់ ដែលបានបន្សល់ទុកពីជីដូនជីតារាប់រយឆ្នាំមកនេះ រលាយបាត់ និងត្រូវប្រទេសជិតខាង ដណ្តើមយកទៅបាត់នោះទេ ព្រោះបើពឹងតែលើការខំប្រឹងរបស់ពួកខ្ញុំ និងចៅអធិការវត្ត យើងក៏ពិបាកក្នុងការថែរក្សាកីឡាប្រពៃណីនេះឲ្យគង់វង្ស ដែរ»៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់