កីឡា និងរបបអាហារគឺជាគុណសម្បត្តិដ៏វិសេសក្នុងការជៀសផុតពីជំងឺមហារីក

គឹមហុក November 15, 2015


នាយុគសម័យបច្ចុប្បន្ននេះដោយសារតែកង្វះការយកចិត្តទុកដាក់ទៅលើការបរិភោគអាហារ និងភាពមមាញឹកក្នុងជីវិតរស់នៅប្រចាំថ្ងៃបានធ្វើឲ្យប្រជាជនកម្ពុជាច្រើនឡើងៗប្រឈមមុខនឹងបញ្ហាធាត់លើសទម្ងន់ដែលជាដើមចម​នៃជម្ងឺ​បេះដូង​ សរសៃឈាម និងជម្ងឺ​ទឹកនោម​ផ្អែមជាដើម។ មិនត្រឹមតែប៉ុណ្ណោះការលើស​ទម្ងន់ និងធាត់ក៏អាច​បង្កឲ្យកើតមាន​ជម្ងឺមហារីក​ថែមទៀតផង។

          អ្នកវិទ្យាសាស្ត្រជាច្រើនបានដាស់តឿនថា ដើម្បីជៀសផុតពីបញ្ហាខាងលើនេះបុគ្គលគ្រប់រូបត្រូវតែចំណាយពេលវេលារបស់ខ្លួនខ្លះដើម្បីលេង​កីឡា និងត្រូវផ្តោតការគិតអំពីរបបអាហារប្រចាំផងដែរដោយសារថាសកម្មភាពទាំងនេះអាចជួយឲ្យអ្នកបាន​ចៀសផុត​ពីជម្ងឺមហារីក​ពោះវៀនធំ មហារីកសុដន់​ (ធ្លាក់មក​កម្រិតទាបជាងមុន) លើសពីនេះទៅទៀតកីឡា​ក៏អាច​កាត់បន្ថយ​ជម្ងឺមហារីក​ប្រូស្ដាតដែលអាចកើតមានទៅលើបុរស មហារីកសួត និងមហារីកស្បូន​បានដែរ។ ស្របគ្នាដែរការលើស​ទម្ងន់អាច​បង្កឲ្យកើតមានការ​កើនឡើង​គ្រោះថ្នាក់​មហារីក​ពោះវៀនធំ មហារីក​សុដន់ចំពោះ​ស្ដ្រីអស់រដូវ មហារីកស្បូន មហារីក​តម្រង់នោម និងមហារីក​បំពង់កជាដើម។

diet

 

ក្នុងនោះដែរប្រភេទកីឡាងាយៗប៉ុន្តែមានប្រសិទ្ធិភាពយ៉ាងច្រើនក្នុងការជួយពង្រឹងសុខភាពរបស់អ្នកដែលមិនត្រូវការការបញ្ចេញកម្លាំងខ្លាំង និងអាចអនុវត្តបានគ្រប់ៗគ្នានោះគឺសុទ្ធតែជាកីឡាប្រើកម្លាំង​កាយល្មមៗ ដូចជា​ការដើរ​លឿន ជិះកង់ ការឡើងចុះ​ជណ្ដើរ​ដោយជើង ការហាត់កាយសម្ព័ន្ធ​ជាដើម ដោយគ្រាន់តែលោកអ្នកចំណាយពេលត្រឹមតែមួយថ្ងៃ៣០នាទី ហើយ៥ដង​ក្នុង១សបា្ដហ៍​រឹតតែ​ប្រសើរ។ មួយវិញទៀតអ្នកគួរតែបង្កើតទម្លាប់បរិភោគ​ផ្លែឈើ និងបន្លែ​ស្រស់ឲ្យបានច្រើន ហើយ​សារធាតុ​អាហារ​ផ្សេងៗទៀតដែលអ្នកគួរកាត់បន្ថយមាន​ដូចជា​សាច់សត្វ សាច់ផាកឡូវ ជាតិស្ករ ខ្លាញ់សត្វ និងស៊ុតសត្វ​ជាដើម។ ការអនុវត្តនូវសកម្មភាពទាំងនេះបានអាចជួយកាត់​បន្ថយ​ជម្ងឺមហារីក​ផ្លូវរំលាយ​អាហារ (ជាពិសេសពោះវៀនធំ បំពង់អាហារ និងក្រពះ) រហូតដល់​ទៅ៣០%​ ឯណោះ។

Exercises

 

សូមចងចាំថាទំនាក់​ទំនង​រវាង​សកម្មភាព​ផ្លូវកាយ និងជម្ងឺមហារីកផ្ដល់អត្ថ​ប្រយោជន៍​ដល់សុខភាព​រាងកាយគួរឲ្យ​កត់សម្គាល់។ ជារួមសកម្មភាពផ្លូវកាយទោះបី​ក្នុងរូបភាព​ជីវភាពរស់នៅក្តី សកម្មភាព​ប្រកប​មុខរបរ វិជ្ជាជីវៈ ឬការបំពេញកិច្ចការងារក្តី ការកំសាន្ដ​សប្បាយ និងសកម្មភាព​ផ្សេងៗ​នៅផ្ទះ​ជាដើមក្ដី សុទ្ធតែ​អាចជួយ​កាត់បន្ថយការ​កើតជម្ងឺ​មហារីកបាន​យ៉ាងច្រើន ជាពិសេស​ជម្ងឺមហារីក​ពោះវៀនធំ និងជម្ងឺ​មហារីកសុដន់តែម្តង។ លើសពីនេះទៅទៀត ​ការលេង​កីឡាថែមទាំងអាចជួយទប់ស្កាត់​ការឡើងទម្ងន់បានថែមទៀតផង ពោលគឺកីឡាអាចជួយឲ្យលោកអ្នកមាន​ទម្ងន់ខ្លួនថេរ និងចៀសផុត​ពីជម្ងឺមហារីក​មួយចំនួន។

អ្វីដែលស្ទើរតែមិនគួរឲ្យជឿនោះគឺបើសិនជា​បុរស​គ្រប់​រូប​អាច​ចូលរួម​លេង​កីឡាហែលទឹក ​៣០​នាទី​ក្នុង​មួយ​ថៃ្ង​នោះ​ ការ​ប្រឈមនឹង​ជម្ងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​​នឹងអាច​មានការ​ថយចុះ ព្រោះថាការ​ហែល​ទឹក​អាច​លើកកម្ពស់​សមត្ថភាព​ប្រឆាំង​នឹង​ជម្ងឺ​ និង​ជួយ​ជំរុញ​ឲ្យ​ចរន្តឈាម​ក៏ដូចជា​ដំណើរ​ឈាម​រត់ក្នុង​កូនកណ្តុរ​ផ្នែក​ក្រពេញ​ប្រូ​ស្តា​ត​មានដំណើរ​ការ​ល្អ​ ធ្វើ​ឲ្យ​ដំណើរ​ឈាម​រត់​ក្នុង​ក្រពេញ​ប្រូ​សា្ត​ត​មាន​ភាព​ខ្លាំងក្លា​ហើយ​វា​អាច​ជួយ​ឲ្យ​ជំងឺ​រលាក​ក្រពេញ​ប្រូ​សា្ត​ត​មានការ​ថយ​ចុះ​។​​ ផ្ទុយទៅវិញ​បុរស​ដែល​លេង​កីឡា​ដូច​ជា​ការ​ជិះ​កង់​ ការ​ហាត់ប្រាណ​ និង​សកម្មភាព​កម្តៅ​សាច់ដុំ​ផ្សេងៗ​ទៀត​ដែល​មាន​កម្រិត​ខ្លាំង​ហួសហេតុ​នឹង​អាច​មាន​អត្រា​កើត​មាន​ជម្ងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ខ្ពស់​ជាង​៣០% ​នៃ​មនុស្ស​ធម្មតា​ទៅ​វិញ​។​ នេះក៏ដោយសាតែ​ការ​ធ្វើ​លំ​ហាត់ប្រាណ​កម្រិត​ខ្លាំង​ហួសហេតុ​អាច​បណ្តាល​ឲ្យ​ក្រពេញ​ប្រូ​ស្តា​តកក​ស្ទះឈាម​ ជម្ងឺ​ហើម​ និង​បណ្តាល​អោយ​កើត​មាន​ជម្ងឺ​ក្រពេញ​ប្រូ​ស្តា​តតែម្តង​។​

ក្រៅពី​នេះចំពោះអ្នកដែលកើតមានជំងឺក្រពេញប្រូស្តាតវិញ​ ការ​ហែល​ទឹក​ក៏​អាច​ជួយ​ឲ្យសារពាង្គកាយរបស់ពួកគេអាចស្រូបយក​ឱសថ​កាន់តែ​ល្អ​ហើយ​ក៏​អាច​លើកកំពស់​ប្រ​សិ​ទិ្ធ​ភាព​ឱសថ​ផង​ដែរ​។​ ម្យ៉ាងវិញទៀតកីឡាទាំងនេះវា​ក៏​អាចជួយឲ្យរាងកាយរបស់អ្នកទទួល​បាន​អត្ថប្រយោជន៍​មួយចំនួនបន្ថែមទៀតដូចជាចំពោះ​ជំងឺសរសៃប្រសាទ​ និង​ជំងឺ​សរសៃ​ប្រសាទ​ចុះ​ខ្សោយ​ជាដើម។

ដូច្នេះសូមកុំបណ្តោយឲ្យសុខភាព និងរាងកាយរបស់អ្នកជួបប្រទះនូវផលវិបាកនៃជំងឺដ៏អាក្រក់ទាំងនេះអី ហើយសូមចាប់ផ្តើមអនុវត្តនូវការហាត់កីឡាព្រមទាំងបង្កើតនូវរបបអាហារដែលមានសារៈប្រយោជន៍ដ៏វិសេសវិសាលចំពោះលោកអ្នក។ ពេលនេះហើយដែលជំងឺមហារីកមិនអាចមានឱកាសវាយលុកអ្នកបានឡើយ ស្របគ្នានេះដែរសម្រាប់អ្នកដែលកំពុងតែមានជម្ងឺមហារីកក៏អាចទទួលបាននូវភាពល្អប្រសើរជាលំដាប់ដោយមិនចាំបាច់ចំណាយប្រាក់ច្រើននោះឡើយ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត