ដើរតែបន្តិចប៉ុន្តែផ្តល់ផលយ៉ាងច្រើនអនេកចំពោះសុខភាព

គឹមហុក March 5, 2015


ការដើរត្រូវបានរាប់បញ្ចូលថាជាមធ្យោបាយធ្វើដំណើរដ៏សាមញ្ញានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប យ៉ាងណាមិញបើទោះបីជាសកម្មភាពមួយនេះមិនត្រូវបានអនុវត្តជាទូទៅក្នុងចំណោមប្រជាជនកម្ពុជាក៏ដោយប៉ុន្តែវាស្ទើតែបានក្លាយទៅជាទម្លាប់មួយទៅហើយសម្រាប់ប្រជាជននៅលោកខាងលិច និងបណ្តាប្រទេសមួយចំនួនដែលមានចំនួនប្រជាជនច្រើននៅអាស៊ីដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និង ថៃជាដើម។ យ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះ និន្នាការនៃការដើរឬការធ្វើដំណើរដោយថ្មើរជើងចាប់ផ្តើមទទួលបានប្រជាប្រិយពីសំណាក់ពលរដ្ឋខ្មែរពិសេសបណ្តាជនដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញតែម្តង ដោយអ្នកខ្លះបានចាត់ទុកថាវាជាវិធីមួយក្នុងការរួមចំណែកកាត់បន្ថយការបំពុលបរិយាកាស កាត់បន្ថយការចំណាយលើការធ្វើដំណើរ ខណៈដែលមនុស្សជាច្រើនទៀតចាត់ទុកថាវាជាការហាត់ប្រាណដើម្បីសុខភាពផងដែរ។ ជាការពិតណាស់ ការដើរគឺជាប្រភេទកីឡាដ៏សាមញ្ញាមួយដែលបានផ្តល់នូវផលល្អជាច្រើនយ៉ាងដល់សុខភាព និងរូបរាងកាយរបស់អ្នក។

 

ដើរតែបន្តិចប៉ុន្តែផ្តល់ផលយ៉ាងច្រើនអនេកចំពោះសុខភាព

ដើរតែបន្តិចប៉ុន្តែផ្តល់ផលយ៉ាងច្រើនអនេកចំពោះសុខភាព

 

ងាយបំផុតអ្នក​អាច​ដើរ​តែ​ម្នាក់​ឯង ឬ​ជា​ក្រុម ដោយគ្មាន​ប្រកាន់​អាយុ ​ពេល​វេលា​ ​ទី​កន្លែង​ និងជាពិសេស​មិន​ចាំ​បាច់​ចំណាយប្រាក់ច្រើននោះឡើយ ពោលគឺ​សាមញ្ញ​​ងាយ​ស្រួល​អនុវត្ត​ ប៉ុន្តែមាន​ឥទ្ធិពល​ជា​អនេក​ដល់​ខ្លួន​ប្រាណ​ និង​បញ្ញាស្មារតីរបស់អ្នក។

របៀប​ដើរ

  • ការដើរ​យឺតៗ (ដើរ​ក្នុង​ល្បឿនក្រោម ៤,៨​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង) សម្រាប់មនុស្សពេញវ័យការ​ដើរ​របៀប​នេះ អាច​នាំ​ឲ្យសរីរាង្គ​​​បញ្ចេញ​សកម្មភាព​ និងមាន​សមត្ថភាព​ស្រូបបរិមាណ​​ខ្យល់​អុកស៊ីហ្សែនទៅ​ក្នុង​ខ្លួន​បាន​ ពី​ ៣០​ទៅ ៤៥%​ ក្នុង​មួយ​នាទី ឬ ​ហៅ​តាម​បែប​បច្ចេកទេស ៣០ ទៅ​៤៥%​VO2max និង​ ធ្វើឲ្យបេះដូង​​លោត​ក្នុង​ចង្វាក់​ ពី ​៩៥​ ទៅ​ ១០០ ​ក្នុង​មួយ​នាទី។
  • ការ​ដើរ​ធម្មតា​ និង​ស្វាហាប់ (ដើរ​ក្នុង​ល្បឿន​ពី ​៤,៨ ទៅ​ ៦,៤​ គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង) ការដើរបែបនេះស្មើ​នឹង​ការ​ស្រូប​ខ្យល់​បាន​ពី ៤៥ ​ទៅ​ ៧០% និង​មាន​ចង្វាក់​បេះ​ដូង​លោតក្នុង​ល្បឿន​ ១៣៥ ទៅ ១៦០ ក្នុង​មួយ​នាទី។
  • ដើរ​លឿន (ដើរ​ក្នុង​ល្បឿន ៨ ​គីឡូម៉ែត្រ​ក្នុង​ម៉ោង) សកម្មភាពនេះ​នឹងជួយឲ្យរាងកាយរបស់អ្នកអាច​ស្រូប​​ខ្យល់​អុកស៊ីហ្សែនបាន​ពី ​៧០ ទៅ ​​៩០%​ ហើយបេះ​ដូង​លោត​ក្នុង​ល្បឿន​ ១៣៥ ទៅ​១៦០​ ក្នុង​មួយ​នាទី។
  • ដើរ​លឿន​ខ្លាំង (លើស​ពី ៨ ​គីឡូម៉ែត្រក្នុង​ម៉ោង) រាងកាយនឹងអាច​ស្រូប​បិរមាណ​ខ្យល់​អុកស៊ីហ្សែន​បាន​ជាង ៩០%​ VO2 max រីឯបេះ​ដូងអាច​លោត​លើស​ពី ​១៦០​ ក្នុង​មួយនាទី។

សារៈប្រយោជន៍​សម្រាប់​សុខភាព

ជាធម្មតាសរីរាង្គ​ដែល​មានការពាក់​ព័ន្ធ និង​ទទួលបាន​ផល​ប្រយោជន៍​ខ្លាំង​ពី​ការ​ដើរនោះគឺ ​បេះដូង និង​សាច់​ដុំ​អវយវៈផ្នែកខាងក្រោម។ ដោយសារថានៅពេល​ដើរ ​បេះដូង​ត្រូវ​ប្រឹង​ធ្វើ​ការ​បន្ថែមដោយ​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ល្បឿន​នៃ​ការ​ដើរ ពោលគឺវាបានជួយបង្កើនប្រសិទ្ធិភាពនៃ​ការ​កន្ត្រាក់​បេះដូង និង​សម្រួល​​ឈាម​​​តាម​សរសៃ​វែនផងដែរ។ ដោយឡែកចំពោះអវយវៈ​ក្រោមវិញឃើញថា សាច់​ដុំ​ជើង​ដែល​ធ្វើ​ការ​ច្រើន​ជាង​គេ​នៅ​ពេល​ដើរ គឺ​សាច់​ដុំ​ភ្លៅទាំង​បួន សាច់​ដុំ​កំភួន​ជើង​ សរសៃជើង​ ស្មងជើង​រហូត​ដល់​ម្រាម​ជើង និង​សូម្បី​តែ​សាច់​ដុំ​ពោះ​ ខ្នង​ គឺសុទ្ធ​តែ​ត្រូវ​មាន​សកម្មភាព​នៅ​ពេល​ដើរ​ទាំង​អស់ ហើយសាច់​ដុំ​ស្មាដែល​មាន​មុខងារ​រក្សា​លំនឹង​ក៏​បាន​ចូល​រួម​ចំណែក​ធ្វើ​សកម្មភាព​នៅ​ពេល​ដើរ​ដែរ។ ជា​សរុបសាច់ដុំ​ក្នុង​ខ្លួន​ជិត​ពាក់​កណ្តាល​ត្រូវ​បានកម្តៅ​នៅ​ពេលដែលលោកអ្នក​ដើរ។ ក្រៅពីនេះការ​ដើរ​ផ្តល់​ប្រយោជន៍​វិជ្ជមាន​​ច្រើន​មាន​អាទិ៍ បង្កើន​​សមត្ថភាព​បេះដូង​ក្នុង​ការ​ស្រូប​ខ្យល់​អុកស៊ីហ្សែន កាត់​បន្ថយ​ម៉ាសមាឌ ជាពិសេស​សម្រក​ជាតិ​ខ្លាញ់ មាន​ផល​ល្អ​​សម្រាប់​សម្ពាធសរសៃ​ឈាម​បេះដូង​​ កាត់​បន្ថយ​ទុក្ខព្រួយ​ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ សម្រួល​កម្រិត​ខ្លាញ់​ក្នុង​ឈាម កូឡេស្តេរ៉ូល ពង្រឹង​ឆ្អឹង​ បង្កើន​កម្លាំង​សាច់ដុំ និង​លំនឹង​ក្នុង​ខ្លួន។

ដូច្នេះការដើរ​ច្រើន​ អនុគ្រោះ​បំផុត​ដល់​សុខភាពប្រចាំ​ថ្ងៃ ហើយសូមចងចាំថាការដើរ​ ៥ ​គីឡូម៉ែត្រ​ក្នុង​មួយម៉ោងគឺ​ស្មើ​នឹង​ការ​ចំណាយ​ថាមពល​បី​ដង​លើស​ការ​សំរាក​នៅ​ស្ងៀម​។ ប៉ុន្តែ​ការ​បញ្ចេញ​ថាមពល​ដោយ​ដើរ​នេះក៏​អាស្រ័យ​ផង​ដែរ​ទៅ​នឹង​ទម្ងន់​មនុស្សស្ថានភាព​ដី​ ឬ​របៀប​ដើរ។ មួយវិញទៀតក្នុង​ល្បឿន​ដូច​គ្នា​មនុស្ស​ធាត់​ចំណាយ​ថាមពល​ច្រើនជាង​មនុស្ស​ស្គម។ ជាមួយគ្នានេះការដើរ​ឡើង​ទួល​ក៏​ត្រូវ​ការ​ថាមពល​ច្រើន​ជាង​​ដើរ​លើទីរាប ហើយ​ការ​ដើរ​បង់​បោយ​ ឬ​រលាស់​ជើង​ខ្លាំង ក៏​បញ្ចេញ​ថាមពល​ច្រើន​ជាង​ការដើរ​តាម​សម្រួល​ គ្មានបង់បោយដែរ៕

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត