សារៈប្រយោជន៍នៃកីឡាវាយកូនឃ្លីលើតុ

គឹមហុក November 3, 2015


នៅពេលដែលយើងនិយាយអំពីកីឡាវាយកូនឃ្លីលើតុមានប្រិយមិត្តមួយចំនួនធំហាក់ដូចជាមានភាព ស្រពិចស្រពិលថាជាកីឡាប្រភេទណាឲ្យប្រាកដ ព្រោះថាប្រជាជនទូទៅមិននិយមក្នុងការហៅឈ្មោះបែបនេះឡើយ ដោយគេតែងហៅយ៉ាងរត់មាត់ថាជាកីឡាវាយប៉េងប៉ុង។ ជាមួយគ្នានេះដែរកីឡាមួយប្រភេទនេះក៏ទទួលបានការនិយមយ៉ាងផុសផុលពីសំណាក់ប្រជាជនខ្មែរជាច្រើនពិសេសគឺយុវជនតែម្តង។ ក្រៅពីការលេងកម្សាន្តហើយនោះ វាយកូនឃ្លីលើតុក៏ជាកីឡាមួយដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងមានការប្រកួតជាលក្ខណៈពិភពលោកថែមទៀតផង។

11013159_673009796159669_1515160645230389903_n

សូមជម្រាបថា ពក្យថាកីឡាវាយប៉េងប៉ុងដែលយើងតែងតែនិយមហៅនេះគឺពាក្យជាភាសាចិន ប៉ុន្តែឈ្មោះជាផ្លូវការរបស់វាគឺ កីឡាវាយកូនឃ្លីលើតុ ហៅជាភាសាបារាំង ឬភាសាអង់គ្លេសថាតេន្នីសលើតុ (Table Tennis)។ កីឡានេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៥ ដោយជនជាតិអង់គ្លេស និងត្រូវបាននាំយកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ១៩៥៨ ហើយដោយមានការវិវឌ្ឍន៍នៃសម័យកាល និងការអភិវឌ្ឍន៍រីកចម្រើននូវឧបករណ៍ប្រើប្រាស់គេក៏បានបន្ថែមការកែប្រែថែមទៀតដែលរួមមានដូចជារឺកែត និងតុត្រូវបានទ្រាប់ និងក្រាលដោយកៅស៊ូដែលបានក្លាយជាជំនួយដល់គ្រាប់កូនបាល់ឲ្យមានសន្ទុះលឿនជាងមុន។ កីឡាប្រភេទនេះដើមឡើយអាចលេងរហូតដល់ទៅ៣ម៉ោង ពិន្ទុ២១ទើបចប់មួយក្ដារប៉ុន្តែនៅក្នុងឆ្នាំ១៩៩៨ គេបានសម្រេចឲ្យលេងត្រឹម១១ពិន្ទុវិញ។ មួយវិញទៀតនៅក្នុងឆ្នាំ១៩៨៨ គណៈកម្មាធិការកីឡាអូឡាំពិចក៏បានរាប់បញ្ចូលកីឡាវាយកូនឃ្លីលើតុនេះជាកីឡាអូឡាំពិចហើយវាក៏ត្រូវបានគេទទួលស្គាល់ថាជាកីឡាប្រភេទធ្ងន់មិនមែនស្រាលទៀតទេ។ ឧបករណ៍សម្រាប់លេងកីឡាប្រភេទនេះរួមមានតុ (ទទឹង១.៥២៥ម៉ែត្រ បណ្ដោយ២.៧៤ម៉ែត្រ និងកម្ពស់ ០.៧៦ម៉ែត្រ) សំណាញ់កម្ពស់ ១.៥២៥សង់ទីម៉ែត្រ  ក្ដារវាយ (រឺកែត) និងកូនបាល់ជ័រ (គ្រាប់ប៉េងប៉ុង ទម្ងន់៣ក្រាម)។

11159522_673009802826335_3558365796103577009_n

ងាកមកមើលអត្ថប្រយោជន៍របស់វាវិញយើងឃើញថា ចំពោះមនុស្សវ័យចំណាស់ដែលត្រូវការហាត់ដើម្បីរក្សាសុខភាពការលេងកីឡាវាយកូនឃ្លីលើតុមានផលប្រយោជន៍ច្រើន និងងាយស្រួលសម្រាប់ពួកគាត់ក្នុងការអនុវត្ដ និងរក្សានូវភាពរហ័សរហួនដោយវាមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែកីឡានេះត្រូវប្រើការគិតច្រើនជាពិសេសទាមទារឲ្យមានភាពរហ័សរហួន និងឈ្លាសវៃ។ កីឡានេះក៏បានរួមចំណែកធ្វើឲ្យយើងអាច ហ្វឹកហាត់ភ្នែកឲ្យរហ័ស និងមានបញ្ញាស្មារតីប្រុងប្រយ័ត្នជានិច្ច ។ ម្យ៉ាងទៀតវាក៏អាចជួយបង្ការជម្ងឺលើសឈាម ខ្សោយបេះដូង មហារីកជាដើម និងជួយឲ្យមានកម្លាំងកាយមាំមួនផងដែរ។ ក្រៅពីនេះកីឡាវាយកូនឃ្លីលើតុមិនបណ្តាលឲ្យមានការប៉ះពាល់ដល់ការលូតលាស់របស់កុមារទេ និងមានសុវត្ថិភាពជាងកីឡាផ្សេងៗទៀត។

ហេតុនេះសម្រាប់កុមារគឺអាចចាប់ផ្តើមអនុវត្តកីឡាប្រភេទនេះនៅអាយុ៨ឆ្នាំបាន ព្រោះពួកគេអាចរក្សាសុវត្ថិភាពបានដោយខ្លួនឯង និងជាវ័យដែលកំពុងមានការវិវឌ្ឈន៍បានល្អ។ ជាក់ស្ដែងបណ្តាជើងឯកកីឡានេះនៅលើពិភពលោកមានអាយុក្មេងៗ នេះក៏ព្រោះតែគេចាប់ផ្ដើមហាត់តាំងពីតូចមកម្ល៉េះ។ ស្របគ្នានេះប្រសិនបើលោកអ្នកចង់ហាត់ដើម្បីសុខភាពគួរហាត់នៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីដំណេកយ៉ាងតិចឲ្យបាន៣០នាទី។ ព្រោះនៅវេលានេះ លោកអ្នកនៅមានកម្លាំងមាំមួនហើយនិងមានឱកាសបានទទួលទានអាហារបង្គ្រប់វិញបន្ទាប់ពីសម្រាកហាត់។ ប៉ុន្តែជាការប្រសើរអ្នកគួរមានអ្វីទ្រាប់ពោះខ្លះមុនពេលហាត់នាពេលល្ងាច តែបើទទួលទានអាហារមិនងាយរលាយ គួរមានការសម្រាកយ៉ាងតិច ២ម៉ោងសឹមចូលលេង។

កីឡាវាយកូនឃ្លីលើតុត្រូវការកាយសម្បទាមាំមួនក្នុងការលេងដោយមានការ ប្រើរួមគ្នាទាំងកម្លាំងល្បឿន កម្លាំងរហ័ស កម្លាំងអំណត់ និងកម្លាំងរំញោចទើបធ្វើឲ្យជ័យជំនះអាចសម្រេចបានងាយបំផុត ហើយ ភាពរំញោចដែលលេចធ្លោជាងគេចំពោះការលេងកីឡានេះមានប្រាំចំនុច គឺកដៃ កែងដៃ ស្មា ចង្កេះ និងកជើង។ ដោយហេតុថាការប្រើកម្លាំងកដៃអាចជួយឲ្យកូនបាល់មានកម្លាំងខ្លាំង ទោះបីវាយឆ្វេង ឬស្ដាំដៃក៏ដោយ។ សម្រាប់អ្នកហាត់ដំបូង គួររៀនចាប់ពីត្រេះកូនបាល់ដើម្បីឲ្យស្គាល់ចលនាខ្យល់ជាមុនសិន។ កីឡានេះត្រូវមាន ភ្នែករហ័សដើម្បីធ្វើការប៉ាន់ស្មាន និងវាយតម្លៃថាកូនបាល់ត្រូវរត់ទៅទិសណា។ កីឡាវាយកូនឃ្លីលើតុទាមទារការយកចិត្ដទុកដាក់ច្រើនសម្រាប់អ្នកដែលចង់ចាប់ជាអាជីព ជាពិសេសទាមទារឱ្យមានការហាត់សមរាល់ថ្ងៃ យ៉ាងហោចណាស់ក៏រយៈពេល២ ម៉ោងដែរ។ ការលេងដោយមិនមានការគិតគូរដល់សុខភាពរាងកាយងាយនឹងធ្វើឲ្យរាងកាយឆាប់អស់កម្លាំង។ ការទទួលទានសុរា ឬគ្រឿងញៀន ទោះបីជាបារីក៏អាចប៉ះពាល់ដល់ការលេងកីឡានេះដែរ៕

Table Tennis

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត