វិធីសាស្ត្រងាយៗដើម្បីជួយឲ្យសាច់ដុំរឹងមាំ
នូ មករា November 2, 2015
សម្រាប់មនុស្សសម័យថ្មីនេះ សាច់ដុំស្អាតគឺជាបំណងប្រាថ្នារបស់បុរសទាំងឡាយដោយហេតុថាក្រៅពីបង្ហាញឲ្យឃើញនូវភាពរឹងមាំ ស៊ិចស៊ី វាក៏ជាមន្តស្នេហ៍ផ្ទាល់ខ្លួនមួយក្នុងការអន្ទងចិត្តនារីៗថែមទៀតផង។ ទោះជាយ៉ាងណាក៏ដោយ មិនមែនបុរសគ្រប់ៗសុទ្ធតែកើតមកដោយនាំមកជាមួយនូវរូបរាងសង្ហារ និងសាច់ដុំមាំមួននោះទេ ហេតុនេះហើយការបង្កើន ក៏ដូចជារក្សាសាច់ដុំឲ្យរឹងមាំបានក្លាយជាចំនុចដ៏សំខាន់មួយសម្រាប់បុរសៗនោះ យើងខ្ញុំសូមនាំមកជូនមិត្តៗសុភាពបុរសនូវវិធីសាស្ត្រងាយៗមួយចំនួនដើម្បីទទួលបានសាច់ដុំរឹងមាំដែលមានដូចខាងក្រោមនេះ៖
១. លើកដុំដែក ៣ ដងក្នុងមួយសប្តាហ៍។ ដុំដែកគឺជាឧបករណ៍ហាត់កីឡាមួយប្រភេទដែលត្រូវបានគេទទួលស្គាល់ថាបានជួយក្នុងការបង្កើនសាច់ដុំព្រមទាំងធ្វើឲ្យសាច់ដុំមានភាពហាប់ណែនល្អផងដែរ ប៉ុន្តែជាការប្រសើរ អ្នកគួរលើកដុំដែកមួយថ្ងៃរំលងមួយថ្ងៃ ដើម្បីផ្តល់ពេលវេលាឱ្យរាងកាយរបស់អ្នករក្សា និងបង្កើនកម្លាំងមកវិញបន្ថែមពីលើនេះអ្នកក៏អាចស្វែងរកការពិភាក្សាជាមួយអ្នកជំនាញអំពីវិធីសាស្ត្រក្នុងការលើកដុំដែក ព្រោះវាជារឿងសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវធ្វើវាតាមរបៀបមួយដែលត្រឹមត្រូវ។
២. ដើម្បីទទួលបានប្រសិទ្ធិភាពឆាប់រហ័សអ្នកត្រូវលើកដុំដែកណាដែលធ្ងន់ ដោយអ្នកអាចលើកបានត្រឹម ៥ដង ផ្ទួនៗគ្នា ព្រោះការធ្វើបែបនេះវាគឺជាចំណុចសំខាន់នៃការធ្វើឱ្យសាច់ដុំរឹងណែន។
៣. នៅចន្លោះថ្ងៃដែលអ្នកមិនលើកដុំដែកទេនោះ អ្នកត្រូវហាត់កីឡាណាដែលជួយសម្រួលដល់សរសៃឈាមបេះដូង ដែលមានដូចជា ការហែលទឹក ឬ ការរត់ជាដើម។ ចំណុចសំខាន់ក្នុងការអនុវត្តវិធីនេះគឺបញ្ចេញកម្លាំងឱ្យអស់ក្នុងរយៈពេល ៣០វិនាទី ដំបូង បន្ទាប់មកបន្ថយកម្លាំង រយៈពេល ១នាទី ហើយអនុវត្តពីដំបូងឡើងវិញ ដោយប្រើរយៈពេល ២០នាទី។
៤. ពិនិត្យលើរបបអាហាររបស់អ្នកដោយការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង ទឹកសូដា អាហារកញ្ចប់ និងអាហារប្រភេទ fast food ជាដើម ព្រោះអាហារទាំងនេះមិនមានកាឡូរីដែលមានប្រយោជន៍នោះទេ ប៉ុន្តែសាច់ដុំរបស់អ្នកត្រូវការសារធាតុចិញ្ចឹមដើម្បីលូតលាស់។ ឧទាហរណ៍ ប្រសិនបើអ្នកចង់បានកម្រិតកាឡូរី ១៨០០ ក្នុងមួយថ្ងៃដើម្បីធ្វើការពង្រឹងសាច់ដុំរបស់អ្នក ហើយអ្នកបានញុំានំដំឡូងបារាំង អស់៥កញ្ចប់ជារៀងរាល់ថ្ងៃ នោះតើអ្នកនឹងបានទទួលលទ្ធផលបែបណា? តើវាអាចទៅរួចទេដែលអ្នកអាចនឹងកើនទម្ងន់? ចំលើយនោះគឺថា “ទេ” អ្នកនឹងមិនអាចឡើងទម្ងន់ដោយសារការទទួលទានបែបនេះទេ។ មូលហេតុដ៏សាមញ្ញនោះគឺ ដំឡូងបារាំងគឺជាអាហារសម្រន់ដែលមិនមានសារជាតិបំប៉នកាឡូរីនោះទេ។ ដូច្នេះអ្នកត្រូវទទួលទានអាហារណាដែលអាចពង្រឹងសាច់ដុំអ្នកបាន និងផ្តល់ឲ្យអ្នកទាំងកាឡូរី និងសារជាតិបំប៉នផងដែរ។
៥. បរិភោគពពួកកាបូនអ៊ីដ្រាត (complex carbohydrate) ដូចជា បន្លែ ឱ្យបានច្រើន និងបរិភោគអាហារដែលមានកាបូនអ៊ីដ្រាតធម្មតាដូចជា ផ្លែឈើជាដើម។ រាងកាយរបស់អ្នកនឹងបំប្លែងពពួកកាបូនអ៊ីដ្រាតបានល្អហើយនឹងបញ្ជូនវាទៅកាន់សាច់ដុំជាជាងការរក្សាវាទុកក្នុងរូបរាងជាខ្លាញ់។
៦. បរិភោគប្រូតេអ៊ីនយ៉ាងតិច ១ ក្រាម ក្នុង ០,៥គីឡូក្រាម នៃទម្ងន់ដុំដែកដែលអ្នកលើក។ រាងកាយរបស់អ្នកត្រូវការប្រូតេអ៊ីនក្នុងការសាងសង់សាច់ដុំឡើងវិញបន្ទាប់ពីអ្នកហាត់ប្រាណ ដូច្នេះអ្នកគួរទទួលទានសាច់ទ្រូងមាន់ ត្រីធូណា និងប្រភពប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាបឱ្យបានច្រើន។ ការសិក្សាផ្សេងៗគ្នាជាច្រើន បានបង្ហាញថា នៅពេលដែលអ្នកបានធ្វើលំហាត់ប្រាណក្នុងកម្រិតសកម្មភាពខ្លាំងក្លានោះរាងកាយរបស់អ្នកនឹងត្រូវការសារជាតិអាមីណូអាស៊ីត។ សារជាតិនេះអាចផ្តល់ឲ្យអ្នកនូវការគាំទ្រចំពោះការជួសជុល និងការរីកលូតលាស់របស់សាច់ដុំ។ វាជាការពិតដែលថាការរួមផ្សំគ្នារវាងរបបអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងការហ្វឹកហាត់ដ៏ខ្លាំងក្លាអាចធ្វើឲ្យអ្នកមានសាច់ដុំរឹងមាំ។ ជាតិប្រូតេអ៊ីន គឺជាអាហារដ៏ប្រសើរបំផុតក្នុងការពង្រឹងសាច់ដុំអ្នកបាន ក្នុងរយៈពេលដ៏ខ្លី។
វិធីសាស្ត្រខាងលើនេះ បានផ្តល់ឲ្យលោកអ្នកនូវចំនេះដឹងមួយចំនួនក្នុងការជ្រើសរើសអាហារប្រភេទណាដែលអ្នកគួរទទួលទានដើម្បីអោយសាច់ដុំមានភាពរឹងមាំបាន។ ការទទួលទានអាហារបានត្រឹមត្រូវ និងល្អឥតខ្ចោះ គឺមានអត្ថប្រយោជន៍ដូចជាការហាត់ប្រាណបានត្រឹមត្រូវដូច្នោះដែរ។ ដូច្នេះវិធីសាស្ត្រដ៏សាមញ្ញទាំងនេះនឹងអាចជួយអ្នកឲ្យយល់បានពីប្រភេទអាហារ និងសកម្មភាពកីឡាខ្លះៗដែលអាចជួយឲ្យសាច់ដុំអ្នករឹងមាំបាន៕
អត្ថបទ៖ មករា