សមាគមបាល់ទាត់អង់គ្លេស នឹងមានប្រធានជាស្ត្រី លើកដំបូងក្នុងប្រវត្តិសាស្ត្រ ១៥៧ឆ្នាំ

មាស សុផាណារ៉ុង June 10, 2021


 

អង់គ្លេស៖ សមាគមបាល់ទាត់អង់គ្លេស ឬ The English Football Association (FA) បានបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រ ១៥៧ឆ្នាំរបស់ខ្លួន ដោយបានសម្រេចតែងតាំងស្ត្រីជាប្រធានដឹកនាំចាប់ពីខែមករា ឆ្នាំ២០២២ តទៅ។ ជាមួយនឹងប្រវត្តិជោគជ័យក្នុវិស័យជំនួញនាពេលកន្លងមក លោកស្រី Debbie Hewitt ត្រូវបានគេរំពឹងថានឹងអាចកាច់ចង្កូតស្ថាប័នបាល់ទាត់ដ៏ធំនៅទ្វីបអឺរ៉ុបមួយនេះ ឱ្យបានងើបមុខឡើងវិញក្រោយពីទទួលរងការខាតបង់យ៉ាងច្រើនដោយតែវីរុសកូវីដ១៩នោះ។

លោកស្រី Hewitt បានថ្លែងថា៖ “ខ្ញុំមានចំណូលចិត្តលើបាល់ទាត់តាំងពីក្មេង ហើយខ្ញុំពិតជារំភើបណាស់ដែលបានទទួលឱកាសក្នុងការបំពេញតួនាទីដ៏សំខាន់ដើម្បីដឹកនាំអនាគតនៃវិស័យមួយដែលមានមនុស្សរាប់លាននាក់និយមចូលចិត្ត ហើយយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងច្បាស់នូវអ្វីដែលបានកើតឡើងកាលពីពេលថ្មីៗកន្លងមក ហេតុនេះ ខ្ញុំយល់ថាវាជាដំណាក់កាលចាំបាច់ក្នុងការរួបរួមគ្នាដើម្បីរក្សាឱ្យបាននូវចីរភាពសម្រាប់បាល់ទាត់អង់គ្លេស។”

សូមបញ្ជាក់ថា ការតែងតាំង លោកស្រី Debbie Hewitt បានធ្វើឡើងបន្ទាប់ពីសមាគមបាល់ទាត់អង់គ្លេស ខាតបង់ប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មានគឺរហូតដល់ទៅជាង ៣០០លានផោន និងនាំឱ្យមានកាត់បន្ថយបុគ្គលិកប្រមាណជា ១២៤នាក់ផងដែរ។

សម្រាប់លោកស្រី Hewitt ដែលមានបទពិសោធន៍ជោគជាំផ្នែកជំនួញ និងការដឹកនាំបានទទួលការគាំទ្រខ្លាំងដោយសារតែភាពច្បាស់លាស់ និងសមត្ថភាពខ្ពស់ជាពិសេសគឺសមិទ្ធផលជាច្រើនដែលបានជំរុញឱ្យលោកស្រីបានកាន់តំណែងជាសមាជិកប្រតិបត្តិលើអាជីវកម្មធំៗដូចជា Visa Europe, White Stuff, សម្ព័ន្ធក្រុមហ៊ុន BGL និង The Restaurant Group plc ជាដើម៕

 

ប្រភព៖ The Guardian

មតិយោបល់