ម្ចាស់ក្លិប Johor របស់ម៉ាឡេសុីកំពុងចរចារដើម្បីបញ្ជូនក្រុម U21 ទៅលេងក្នុងលីគកំពូលសិង្ហបុរី

មាស សុផាណារ៉ុង June 8, 2021


 

ម៉ាឡេសុី៖ ម្ចាស់ក្លិបបាលទាត់ដ៏ធំរបស់ម៉ាឡេសុី Johor Darul Ta’zim (JDT) កំពុងតែសម្លឹងមើលឱកាសក្នុងការបញ្ជូនក្រុមយុវជនអាយុក្រោម ២១ឆ្នាំ (U-21) របស់ខ្លួនទៅចូលរួមប្រកួតក្នុងលីគកំពូលសិង្ហបុរី​ ឬ the Singapore Premier League (SPL) ខណៈដែលកម្មវិធីប្រកួតនៅក្នុងទឹកដីម៉ាឡេសុី មិនសូវជាមានច្រើនសម្រាប់ពង្រឹងសមត្ថភាពរបស់ពួកគេនោះឡើយ។

ព្រះអង្គម្ចាស់ Tunku Ismail ដែលជាម្ចាស់ក្លិបបានមានបន្ទូលថា ក្លិប JDT កំពុងតែពិភាក្សាជាមួយសមាគមបាល់ទាត់សិង្ហបុរី ឬ the Football Association of Singapore (FAS) អំពីលទ្ធភាពក្នុងការចូលរួមនៅ SPL។

“យើងបានវិនិយោគច្រើនណាស់លើការបណ្តុះបណ្តាលធនធានយុវជន ប៉ុន្តែពេលនេះមិនសូវជាមានកម្មវិធីប្រកួតច្រើនទេនៅក្នុងប្រទេសម៉ាឡេសុី ហេតុនេះ ខ្ញុំរំពឹងថាការពិភាក្សារវាងភាគីទាំងពីរនឹងទទួលបានផ្លែផ្កាហើយអាចយើងនឹងអាចបញ្ជូនក្រុម U21 ឬ JDT III ដើម្បីទៅចូលរួមក្នុងប្រកួតប្រជែងក្នុងលីគកំពូលសិង្ហបុរី ដើម្បីជាការបន្ថែមឱកាសឱ្យពួកគេបានប្រកួតកាន់តែច្រើននិងអាចពង្រឹងសមត្ថភាពថែមទៀតក្រៅពីកម្មវិធី the Malaysia President Cup និងការប្រកួតជើងឯកថ្នាក់ជាតិអាយុក្រោម ២១ឆ្នាំ។” ព្រះអង្គម្ចាស់បានលើកឡើងបែបនេះ។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Tunku Ismail ជារជ្ជទាយាទនៃរដ្ឋ Johor ដែលជាទឹកដីមានសេដ្ឋកិច្ចខ្លាំងមួយនៃប្រទេសម៉ាឡេសុីនេះ ព្រមទាំងបានចូលដឹកនាំក្លឹប Johor Darul Ta’zim ជាមួយនឹងថាមពលក៏ដូចជាជ័យជម្នះដ៏ធំធេងដោយបានគ្រប់គ្រងជើងឯកលីគកំពូលម៉ាឡេសុី រហូតដល់ទៅ​ ៧សម័យកាលជាប់ៗគ្នាហើយបានចំណាយព្រះទ្រព្យជាង ៤០លានដុល្លារដើម្បីកសាងកីឡដ្ឋានថ្មីរបស់ខ្លួនដែលអាចផ្ទុកទស្សនិកជនបាន ៤មុឺននាក់ និងមានឈ្មោះថា Sultan Ibrahim Stadium ដើម្បថ្វាយជាកិត្តិយសដល់បិតារបស់ទ្រង់ គឺស៊ុលតង់ Ibrahim ibni Almarhum Sultan Iskandar ដែលកំពុងសោយរាជ្យជាព្រះមហាក្សត្ររដ្ឋ Johor។

គួររំលឹកដែរថា កាលពីឆ្នាំ២០១១ កន្លងមក សមាគមបាល់ទាត់សិង្ហបុរី និងសមាគមបាល់ទាត់ម៉ាឡេសុី ឬ the Football Association of Malaysia (FAM) បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីអនុញ្ញតឱ្យក្រុមសិង្ហបុរី Lions XII បានចូលរួមប្រកួតនៅម៉ាឡេសុី ចំណែកឯក្រុមម៉ាឡេសុី Harimau Muda ក៏អាចចូលរួមលេងនៅក្នុងលីគសិង្ហបុរីផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានបញ្ចប់ទៅវិញកាលពីចុងឆ្នាំ២០១៥ បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិរបស់សមាគមបាល់ទាត់ម៉ាឡេសុី បានបោះឆ្នោតដកក្រុម LionsXII ពីការប្រកួតនានាលើទឹកដីម៉ាឡេសុីវិញ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ លីគកំពូលសិង្ហបុរី មាន ៨ក្រុមចូលរួមក្នុងនោះក្រុមការពារតំណែងជើងឯក Albirex Niigata គឺជាក្រុមបរទេសដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន៕

 

ប្រភព៖ CNA

មតិយោបល់