Copa America 2021 នឹងធ្វើនៅប្រេស៊ីល ក្រោយអាហ្សង់ទីន និងកូឡុំប៊ី ដកខ្លួនពីការធ្វើម្ចាស់ផ្ទះ

មាស សុផាណារ៉ុង June 1, 2021


 

ប្រស៊ីល៖ ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាម៉េរិកខាងត្បូង (Copa America 2021) ឆ្នាំ២០២១ នឹងត្រូវបានរៀបចំឡើងដោយប្រេស៊ីល បន្ទាប់ពី អាហ្សង់ទីន និងកូឡុំប៊ី ជាសហម្ចាស់ផ្ទះបានប្រកាសដកខ្លួនជាបន្តបន្ទាប់ ខណៈការប្រកួតនេះសល់តែ ២សប្តាហ៍ទៀតនឹងចាប់ផ្តើម។

សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង (Conmebol) បាននិយាយថាអាហ្សង់ទីន ត្រូវបានដកចេញពីតំណែងជាម្ចាស់ផ្ទះដោយសារតែស្ថានភាពបច្ចុប្បន្នប្រទេសនេះកំពុងតែមានការកើនឡើងនូវករណីជំងឺកូវីដ-១៩ និងជាមួយគ្នាផងដែរ ប្រទេសកូឡុំប៊ី ក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាម៉េរិកខាងត្បូង សម្រេចប្តូរការប្រកួតទាំងនេះចេញដោយសារតែកូឡុំប៊ី កំពុងតែរងការបោកបក់ដោយរលកនៃភាពវឹកវរនយោបាយ និងកុបកម្មតវ៉ារបស់ប្រជាជនដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិច​ ១៥នាក់បានបាត់បង់ជីវិត។។

យ៉ាងណាមិញកាលពីម្សិលមិញនេះ Conmebol បានបញ្ជាក់ថាប្រេស៊ីលនឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា ខណៈមិនទាន់មានកីឡដ្ឋានណាមួយត្រូវបានប្រកាសសម្រាប់ការប្រកួតនៅប្រេស៊ីលនៅឡើយ។

សូមបញ្ចាក់ថា បើគ្មានអ្វីប្រែប្រួលគម្រោងនៃការប្រកួតពានរង្វាន់ដដែលនេះ គ្រោងចាប់ផ្តើមពីថ្ងៃទី១៣ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១៕

មតិយោបល់