ខ្លះៗមុន Man City និង Chelsea ជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League យប់នេះ

មាស សុផាណារ៉ុង May 29, 2021


 

ប៉ទុយហ្កាល់៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នឹងឈានចូលមកដល់នាវេលាម៉ោង ២:០០ រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ខណៈដែលគ្រូបង្វឹកក្រុមទាំង ២គឺ Man City និង Chelsea សុទ្ធតែបានអះអាងថា បានត្រៀមខ្លួនរួចរាល់ហើយដើម្បីលើកពានជើងឯកលើទឹកដី Porto នេះ។

នេះក៏ជាលើកទី៣ ដែលក្រុមខ្លាំងៗមកពីលីគអង់គ្លេស ត្រូវប្រកួតប្រជែងគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃពានលំដាប់ទ្វីបអឺរ៉ុប និងជាលើកទី២ ក្នុង ៣រដូវកាលកន្លងមក ដែលបានបង្ហាញឱ្យឃើញពីសក្តានុពលដ៏មុតមាំរបស់បណ្តាក្លឹបបាល់ទាត់នៅប្រទេសអង់គ្លេស ក្រោមការចំណាយយ៉ាងសម្បើមពីសំណាក់មហាសេដ្ឋីធំៗជាពិសេសក្នុងអំឡុងពេល ២ទសវត្សចុងក្រោយនេះជាក់ស្តែង Chelsea មានការផ្លាស់ប្តូរខ្លាំងក្រោយពីមហាសេដ្ឋីរុស្សុី លោក Roman Abramovich បានទិញយកកាលពីឆ្នាំ២០០៣ ចំណែក Man City ក៏លេចមុខខ្ពស់ត្រដែតបន្ទាប់ពីព្រះអង្គម្ចាស់ Sheikh Mansour មកពីក្រុង Abu Dhabi បានចូលព្រះកាយមកវិនិយោគ នាឆ្នាំ២០០៨ មក។

សម្រាប់ Man City ក្រោមការដឹកនាំរបស់គ្រូបង្វឹក Guardiola កំពុងតែគ្រងតំណែងជើងឯក Premier League ជាលើកទី៣ ក្នុងរយៈពេលត្រឹម ៤រដូវកាលចុងក្រោយ ព្រមទាំងបានឈ្នះពាន League Cup ផង ស្របពេលដែល Chelsea ក៏មានប្រវត្តិជោគជាំក្នុងការប្រកួតកម្រិតទ្វីបដោយធ្លាប់ទម្លាក់ក្រុម Bayern Munich កាលពីឆ្នាំ២០១២ តាំងពីពេលនោះក៏បានឈ្នះពាន Europa League ចំនួន ២លើកផង ព្រមទាំងគ្រងជើងឯក Premier League បាន ៧ដងក្នុងរយៈកាល ១០រដូវកាលកន្លងមក។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមតោខៀវកាន់តែគ្រោះថ្នាក់ខ្លាំងក្រោមការដឹកនាំរបស់ លោក Tuchel ដែលបានចូលមកជំនួសតំណែង លោក Frank Lampard កាលពីខែមករា ជាតឹកតាងត្រឹម ៦សប្តាហ៍កន្លងមក Chelsea ធ្លាប់បានផ្តួល Man City បាន ២លើករួចមកហើយដោយដំបូងឡើងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup និងនៅកីឡដ្ឋាន Etihad Stadium ក្នុងការប្រកួតលីគ។

យ៉ាងណាក៏ដោយ អតីតគ្រូបង្វឹកក្រុម PSG រូបនេះបានថ្លែងដោយប្រយ័ត្នប្រយែងថា៖ “នេះជាកាលានុវត្តភាពដ៏អស្ចារ្យមួយហើយយើងមានគោលដៅក្នុងការកសាងសមិទ្ធផលមួយនៅទីនេះ ប៉ុន្តែគូប្រកួតយើងគឺជា Man City ដែលជាក្រុមមួយមានគុណភាពល្អជាងគេនៅអឺរ៉ុប ឬអាចថានៅក្នុងពិភពលោកផង”។

ជាការឆ្លើយតបលោក Guardiola បានលើកឡើងថា៖ “ខ្ញុំមានក្តីរីករាយបំផុតក្នុងការឈានមកដល់វគ្គនេះ ហើយក្រុមទាំងមូលនឹងព្យាយាមជាអតិបរិមាដើម្បីសម្រេចបំណងរបស់យើងពោលគឺជ័យជម្នះតែម្តង”។

 

ប្រភព៖ AFP

មតិយោបល់