ធនាគារស្វីស Julius Baer ត្រូវបានផាកពិន័យជាង ៧០លានដុល្លារព្រោះពាក់ព័ន្ធបញ្ហាពុករលួយក្នុងស្ថាប័ន FIFA

មាស សុផាណារ៉ុង May 29, 2021


 

ស្វីស៖ ធនាគារស្វីស Julius Baer ត្រូវពិន័យឱ្យបង់ប្រាក់ចំនួន ៧៩,៧លានដុល្លារអាម៉េរិក ដល់នាយកដ្ឋានយុត្តិធម៌សហរដ្ឋអាម៉េរិក (the U.S. Department of Justice)​ ពាក់ព័ន្ធនឹងអំពើពុករលួយដែលបានរីករាលដាលជុំវិញ FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ពិភពលោក។

យោងតាមលទ្ធផលនៃការសើបអង្កេតបានបង្ហាញថា ធានាគារ Julius Baer បានបំពេញតួនាទីជាផ្នែកមួយសម្រាប់សកម្មភាពលាងលុយខុសច្បាប់ក្នុងដំណើរការទូទាត់លើការផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ World Cup ក្រោមការជួយសម្រួលរបស់ធនាគារិកម្នាក់ ដែលបំពេញការងារនៅទីនោះ។

របាយការណ៍បានបន្ថែមថា ធនាគារ Julius Baer បានធ្វេសប្រហែស និងព្រងើយកន្តើយចំពោះទង្វើនេះដោយមិនមានចំណាត់ការណាមួយដើម្បីទប់ស្កាត់ ឬបញ្ឈប់សកម្មភាពខុសច្បាប់នេះទេ។

ជាលទ្ធផល ធនាគារធំលំដាប់ទី៣ នៅក្នុងប្រទេសស្វីសនេះបានយល់ព្រមទទួលកំហុស ហើយយល់ព្រមក្នុងការទូទាត់ប្រាក់ពិន័យជាមួយនឹងថេរវេលា ៣ឆ្នាំ ខណៈដែលបុគ្គលិករបស់ខ្លួនឈ្មោះ Jorge Arzuaga ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំផងដែរ ពីបទសមគំនិតប្រព្រឹត្តិបទល្មើសលាងលុយជាមួយលោក Julio Grondona អតីតប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន និងជាអនុប្រធាន FIFA ផង ប៉ុន្តែលោកបានបាត់បង់ជីវិតទៅហើយកាលពីឆ្នាំ២០១៤។

សូមបញ្ជាក់ថា នាយកដ្ឋានយុត្តិធម៌សហរដ្ឋអាម៉េរិក ទទួលបានសំណុំរឿងប្រមាណជា ៤០ពាក់ព័ន្ធនឹងស្ថាប័ន FIFA ដោយក្នុងចំណោមនេះមាន ៣០ករណីត្រូវបានពិនិត្យឃើញថាពិតជាកំហុសពិតប្រាកដមែន៕

 

ប្រភព៖ Reuters

មតិយោបល់