អតីតប្រធានាធិបតីអាម៉រិកលោក អូបាម៉ា កោតសរសើរ Rashford សម្រាប់កិច្ចការមនុស្សធម៌កុមារ

មាស សុផាណារ៉ុង May 28, 2021


 

អង់គ្លេស៖ អតីតប្រធានាធិបតីអាម៉រិកលោក Barack Obama បានថ្លែងកោតសរសើរកីឡាករ Marcus Rashford របស់ក្រុម Manchester United ចំពោះការងារមនុស្សធម៌របស់គេលើការដោះស្រាយភាពក្រីក្រ និងអាហារូបត្ថម្ភកុមារ​ខណៈដែលលោក Obama ផ្ទាល់ទើបតែបានជួបពិភាក្សាតាមរយៈវីដេអូខលជាមួយកីឡាករវ័យក្មេងរូបនេះអំពីប្រធានបទការចូលរួមរបស់យុវជននៅក្នុងសង្គម។

សូមបញ្ជាក់ថា កាលពីឆ្នាំមុនកីឡាករ Marcus Rashford​ បានដឹកនាំយុទ្ធនាការមួយក្នុងគោលដៅដើម្បីបញ្ចប់ភាពអត់ឃ្លាន និងភាពក្រីក្ររបស់កុមារ មិនត្រឹមតែប៉ុណ្ណោះរូបគេក៏បានចរចារជាមួយរាជរដ្ឋាភិបាលអង់គ្លេស ប្រកបដោយភាពជោគជ័យឱ្យរក្សាទុកនូវគោលនយោបាយផ្តល់អាហារដោយឥតគិតថ្លៃដល់សិស្សានុសិស្សក្នុងអំឡុងពេលឈប់សម្រាក។ ជាមួយនឹងសមិទ្ធផលនេះ រូបគេថែមទាំងទទួលបានពានរង្វាន់ក្នុងសកម្មភាពមនុស្សធម៌ជួយដល់ជនងាយរងគ្រោះក្នុងដំណាក់កាលកូវីដ-១៩ ផងដែរ។

លោក Barack Obama បានលើកឡើងថា៖ “ខ្ញុំបានជួបយុវជនជាច្រើនក្នុងចំណោមនោះក៏មាន Marcus ដែរ ពួកគេកំពុងធ្វើការងារជាច្រើនដូចដែលខ្ញុំធ្លាប់ធ្វើកាលនៅអាយុ ២៣ឆ្នាំដែរ។ យើងមើលឃើញយ៉ាងច្បាស់ថា យុវជនទាំងនេះកំពុងបង្កើតឱ្យមានការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេទោះបីជាសមិទ្ធផលខ្លះមានទំហំតូចក៏ដោយ ប៉ុន្តែកាលណាវាជំរុញឱ្យកើតមាននូវលទ្ធផលជាវិជ្ជមាននោះគឺជាស្នាដៃដែលត្រូវកោតសរសើរហើយវានឹងរួមចំណែកកសាងនូវភាពប្រសើរឡើងសម្រាប់អ្នកជំនាន់ក្រោយៗទៀត។”

ជាការឆ្លើយតបខ្សែប្រយុទ្ធក្រុម Man Utd រូបនេះបានបញ្ជាក់ថា គេមានក្តីរីករាយចំពោះការលើកទឹកចិត្តពីសំណាក់លោក Barack Obama ចំពោះការងារដែលរូបគេបានធ្វើនេះក៏ព្រោះតែបទពិសោធន៍នៃកុមារភាពមួយដែលពោរពេញដោយការលំបាក និងឧបសគ្គជាច្រើនទើបរូបគេចង់រួមចណែកជួយកុមារផ្សេងៗទៀតតាមលទ្ធភាពដែលអាចធ្វើបាន។

 

ប្រភព៖ Reuters

មតិយោបល់