Zidane ឈ្នះពាន ១១ ជាមួយ Real Madrid ក្រោយចាកចេញកាលពីម្សិលមិញ

មាស សុផាណារ៉ុង May 27, 2021


 

អេស្ប៉ាញ៖ នៅទីបំផុត Zinedine Zidane បានសម្រេចចិត្តចាកចេញពីតំណែងជាគ្រូបង្វឹកនៅទឹកដី Bernabeu ជាផ្លូវការហើយ ដែលជាការបញ្ចប់រជ្ជកាលទី២ នៃការគ្រប់គ្រងរបស់ខ្លួន ខណៈដែលភាគីក្លឹបបានបញ្ជាក់ថាគោរពតាមការសម្រេចចិត្តរបស់លោក និងនៅតែបន្តចងចាំនូវស្នាដៃ ក៏ដូចជាសមិទ្ធផលដែលលោកបានសម្រេចឡើងជាមួយក្រុមខ្លាំងមួយនេះ។

ក្លឹប Real Madrid បានចេញសេចក្តីថ្លែងការណ៍នាថ្ងៃនេះថា រឿងរ៉ាវរបស់ Zidane ជាមួយ Los Blancos គឺប្រៀបបាននឹងទេវកថាមួយ ហើយវីរភាពរបស់លោកក្នុងនាមជាគ្រូបង្វឹកនឹងចារឹកនៅទីនេះជាប់ជានិច្ចប្រដូចទៅនឹងបេះដូងរបស់ក្លឹប។

គួររំលឹកថា បន្ទាប់ពីបានលើកពាន Champions League ចំនួន ៣លើកនៅក្នុងរជ្ជកាលទី១ ដែលមានអាយុកាល ២ឆ្នាំកន្លះរួចមក លោក Zinedine Zidan បានសម្រេចចាកចេញពីក្លឹបអធិរាជសនេះ ប៉ុន្តែបានវិលត្រលប់មកវិញដើម្បីដឹកនាំក្នុងរដូវកាល ២០១៩/២០ តែមិនទទួលបានលទ្ធផលជាទីគាប់ចិត្តនោះទេ។

ពានទាំង១១ ដែល Zidane ឈ្នះជាមួយ Real Madrid រួមមាន៖

  • La Liga៖ ២ដង នៅឆ្នាំ២០១៦-១៧, ២០១៩-២០២០
  • Supercopa de España៖ ២ដង នៅឆ្នាំ២០១៧, ២០១៩-២០
  • UEFA Champions League៖ ៣ដង ២០១៥-១៦, ២០១៦-១៧, ២០១៧-១៨
  • UEFA Super Cup៖ ២ដង ២០១៦, ២០១៧
  • FIFA Club World Cup៖  ២ដង ២០១៦, ២០១៧

តាមប្រភពព័ត៌មានខ្លះបានអះអាងថា លោក Antonio Conte ដែលទើបតែដឹកនាំក្រុម Inter លើកពានលីគកំពូលអុីតាលី Serie A គ្រោងនឹងធ្វើដំណើរមកកាន់អេស្ប៉ាញក្នុងសប្តាហ៍នេះដើម្បីចូលមកជំនួសតំណែងរបស់ Zinedine Zidan។ យ៉ាងណាក៏ដោយក៏មានលើកឡើងដែរថា លោក Massimiliano Allegri ក៏ជាបេក្ខភាពម្នាក់ដែល Real Madrid សម្លឹងឃើញផងដែរ៕

 

ប្រភព៖ 90min

មតិយោបល់