គ្រូ Villarreal ជំរុញកូនក្រុមឱ្យជម្នះរនាំងឧបសគ្គនៅវគ្គផ្តាច់ព្រ័ត្រ Europa League

មាស សុផាណារ៉ុង May 26, 2021


 

ប៉ូឡូញ៖ គ្រូបង្វឹក Unai Emery ដែលមានបទពិសោធន៍ជោគជាំនៅក្នុងព្រឹត្តិការណ៍ Europa League ដោយធ្លាប់ឈ្នះពាននេះ ២លើកផងនោះ បានជំរុញឲ្យកូនក្រុម Villarreal របស់លោកប្រឹងប្រែងដើម្បីជម្នះឧបសគ្គនាវគ្គផ្តាច់ព្រ័ត្រតទល់នឹងក្រុម Manchester United ជាមួយនឹងគោលដៅពង្រីកសក្តានុពលក្លាយចូលទៅក្នុងក្រុមក្លឹបបាល់ទាត់ខ្លាំងៗនៅតំបន់អឺរ៉ុប។

“យើងបានបំបាក់រនាំងជាច្រើ់ននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយមោទកភាព ប៉ុន្តែយើងត្រូវតែបន្ថែមការទទួលខុសត្រូវកាន់តែធំនៅវគ្គនេះ ព្រោះ Man United ជាក្រុមខ្លាំងដែលមានកីឡាករល្អៗនិងមានប្រវត្តិដ៏ត្រចះត្រចង់ ប៉ុន្តែមិនមែនបានន័យថា យើងមិនអាចតស៊ូបាននោះទេ ពិតណាស់យើងពិតជាចង់ឈ្នះពានពិតមែន។” លោក Unai Emery បានថ្លែងបែបនេះ។

សូមបញ្ជាក់ថា Villarreal ជាទីក្រុងតូចមួយដែលមានប្រជាជនប្រមាណជាជាង ៥មុឺននាក់ និងមានឈ្មោះល្បីល្បាញនោះទេ ប៉ុន្តែក្រោយពីបានទទួលសិទ្ធិឡើងមកលេងនៅ La Liga កាលពីឆ្នាំ១៩៩៨មក កេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ខណៈដែលក្រុមបាល់ទាត់នៃតំបន់នេះបានក្លាយជាក្រុមកំពូលមួយនៅលីគអេស្ប៉ាញ។

ជាមួយនឹងបទពិសោធន៍របស់ខ្លួន គេរំពឹងថា លោក Unai Emery ដែលធ្លាប់ឈ្នះពាន Europa League កាលពីឆ្នាំ២០១៤ និង២០១៦ រួមទាំងជើងឯករងជាមួយក្រុម Arsenal កាលពីឆ្នាំ២០១៩ ផងនោះនឹងអាចដឹកនាំក្រុម Villarreal ទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ៕

 

ប្រភព៖ Reuters

មតិយោបល់