លោក Hansi Flick នឹងចូលដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ដ៏ក្រោយព្រឹត្តិការណ៍ Euro 2020

មាស សុផាណារ៉ុង May 26, 2021


 

អាល្លឺម៉ង់ដ៏៖ គ្រូបង្វឹក Hansi Flick ដែលនឹងចាកចេញពីក្រុម Bayern Munich នាពេលឆាប់ៗនេះ គ្រោងនឹងបន្តអាជីពដោយប្តូរទៅដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ដ៏វិញនៅក្រោយពីព្រឹត្តិការណ៍ Euro 2020 បិទបញ្ចប់នេះបើតាមការប្រកាសជាផ្លូវការរបស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ដ៏ ឬ the German Football Association (DFB) កាលពីថ្ងៃអង្គារម្សិលមិញ។

បើយោងតាមការបញ្ជាក់ លោក Flick នឹងដឹកនាំក្រុមឥន្ទ្រីយ៍ដែកនេះរហូតដល់ឆ្នាំ២០២៤ខណៈដែលរូបលោកផ្ទាល់មានក្តីរំភើបនិងអះអាងថា លោកពិតជារីករាយក្នុងការចូលដឹកនាំក្រុមដែលពោរពេញដោយកីឡាករល្អៗនិងមានវ័យក្មេងៗនេះ។ សូមបញ្ជាក់ថា លោក Hansi Flick ក៏ធ្លាប់ជាជំនួយការគ្រូបង្វឹកបច្ចុប្បន្នគឺលោក Joachim Low ដែលធ្លាប់បានដឹកនាំក្រុមអាល្លឺម៉ង់ដ៏អស់រយៈពេល​១៥ឆ្នាំព្រមទាំងធ្លាប់ឈ្នះជើងឯក 2014 World Cup ផងដែរ។

សម្រាប់លោក Hansi Flick ត្រូវបានគេវាយតម្លៃថា ជាបេក្ខភាពដែលស័ក្តិសមបំផុតដោយបានសាងកេរ្តិ៍ឈ្មោះក្លាយជាគ្រូបង្វឹកល្អបំផុតម្នាក់ប្រចាំទ្វីបអឺរ៉ុបជាមួយនឹងការឈ្នះពាន Bundesliga ចំនួន ២រដូវកាលកន្លងមកជាមួយក្រុម Bayern Munich ថែមទាំងធ្លាប់ជានាយកបច្ចេកទេសរបស់ DFB កាលពីឆ្នាំ២០១៤ និង ២០១៧ កន្លងមក៕

 

ប្រភព៖ AFP

មតិយោបល់