កីឡាករថៃ Sasalak នឹងត្រូវខ្ចីជើងទៅលេងនៅក្លឹបលីគកំពូលកូរ៉េ ៦ខែក្រោយចប់បេសកកម្មជម្រុះ World Cup

មាស សុផាណារ៉ុង May 26, 2021


 

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ siamsport បានឱ្យដឹងថា សមាជិកក្រុមជម្រើសថៃដែលកំពុងលេងនៅក្លឹប Buriram គឺកីឡាករ Sasalak Haiprakhon នឹងត្រូវប្តូរទៅលេងនៅក្លឹប Jeonbuk Hyundai Motors FC របស់លីគកំពូលកូរ៉េខាងត្បូង ជាមួយនឹងកិច្ចសន្យាខ្ចីជើង ក្នុងរយៈពេល ៦ខែ។

តាមការគ្រោងទុកកីឡាករដែលមានកំណើតនៅខេត្ត Buriram នេះនឹងធ្វើដំណើរទៅប្រកបអាជីពនៅលើទឹកដីកូរ៉េ នាអំឡុងខែមិថុនាខាងមុខ បន្ទាប់ពីរូបគេបានបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិថៃ ក្នុងការប្រកួតវគ្គជម្រុះ World Cup សម្រាប់ទ្វីបអាស៊ីរួចរាល់សិន ខណៈដែលក្រុមរហស្សនាម “ដំរីសឹកថៃ” នេះសល់ការប្រកួតចំនួន ៣ប្រកួតក្នុងពូល G ដោយត្រូវជួប ឥណ្ឌូនេស៊ី នៅថ្ងៃទី០៣ មិថុនា បន្ទាប់មកជួបម្ចាស់ផ្ទះ អារ៉ាប់រួម ថ្ងៃទី០៧ មិថុនា និងចុងក្រោយជួប ម៉ាឡេស៊ី ថ្ងៃទី១៥ មិថុនា។

យោងតាមប្រភពដដែល លោក Newin Chidchob ដែលជាម្ចាស់ក្លឹប Buriram បានគាំទ្រពេញទំហឹងចំពោះការខ្ចីជើងនេះដោយបានលើកឡើងថា៖ “វាដល់ពេលដែលសមគួរហើយដែលត្រូវពិសោធន៍ថាខ្លួនធ្វើបានប៉ុណ្ណា ព្រោះមិនមានអ្វីដែលបានមកដោយងាយៗទេ ដូចនេះត្រូវតស៊ូឱ្យអស់ពីសមត្ថភាពដើម្បីប្រកាសឱ្យមនុស្សគ្រប់គ្នាបានដឹងថា អ្នកស្រុក Buriram មានការព្យាយាមបែបណា មិនត្រូវរាថយ មិនត្រូវចុះចាញ់ ហើយ ៦ខែនៅក្លឹបថ្មីនេះត្រូវតែពុះពារឱ្យបានស្វិតស្វាញដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនហើយអ្នកគ្រប់គ្នានៅទីនេះផ្តល់កម្លាំងចិត្តជានិច្ច។”

សូមបញ្ជាក់ថា Jeonbuk Hyundai Motors FC ធ្លាប់បានឈ្នះជើងឯកលីគកំពូលកូរ៉េខាងត្បូង ៨លើកដោយលើកដំបូង នាឆ្នាំ២០០៩ ព្រមទាំងធ្លាប់បានឈ្នះពាន ​Korean FA ចំនួន ៤ដង នាឆ្នាំ២០០០,​២០០៣, ២០០៥ និង ២០២០។ ក្លឹបដែលមានមូលដ្ឋាននៅកីឡដ្ឋាន Jeonju World Cup Stadium នេះក៏ធ្លាប់ឈ្នះពាន AFC Champions League ២លើកកាលពីឆ្នាំ២០០៦ និងឆ្នាំ២០១៦៕

 

ប្រភព៖ siamsport

មតិយោបល់