ទស្សនិកជន ១៦,៥០០នាក់ នឹងអាចចូលរួមទស្សនាផ្ទាល់វគ្គផ្តាច់ព្រ័ត្រ Champions League នៅប៉ទុយហ្កាល់

មាស សុផាណារ៉ុង May 26, 2021


 

ប៉ទុយហ្កាល់៖ នៅទីបំផុតម្ចាស់ផ្ទះប៉ទុយហ្កាល់ បានសម្រេចអនុញាត្តឱ្យទស្សនិកជនចំនួន ១៦,៥០០នាក់ អាចចូលរួមទស្សនាផ្ទាល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ដែលមានន័យស្មើនឹង ១ភាគ៣ នៃចំនួនផ្ទុកសរុបនៅកីឡដ្ឋាន Estadio do Dragao ក្នុងទីក្រុង Porto។

ជាមួយគ្នានេះ UEFA ក៏បានរៀបចំសំបុត្រចំនួន ៦,០០០សន្លឹកដល់ក្រុមនីមួយៗ ពោលគឺសម្រាប់ Chelsea និង Manchester City ហើយបានបម្រុងទុក ១,៧០០សន្លឹកទៀត សម្រាប់ទស្សនិជនទូទៅ។

ចំពោះតម្លៃសំបុត្រគឺមានចន្លោះពី ៧០ ទៅដល់ ៦០០អឺរ៉ូ ប៉ុន្តែអ្នកចូលរួមទាំងអស់ក៏តម្រូវឱ្យធ្វើតេស្តស្វែងរកវីរុសកូវីដ-១៩ ជាមុនផងដែរ ចំណែកជនបរទេសគឺត្រូវបំបេញបែបបទកំណត់ទៅតាមការកំណត់នៃវិធានការនៅតាមព្រំដែន ឬអាកាសយានដ្ឋានជាដើម ដើម្បីធានាថាការប្រកួតនឹងប្រព្រឹត្តទៅដោយសុវត្ថិភាព។

សូមរំលឹកថា ជំនួបរវាង Man City និង Chelsea វគ្គផ្តាច់ព្រ័ត្រ Champions League ត្រូវបានប្តូរទៅធ្វើនៅប្រទេសប៉ទុយហ្កាល់វិញ ដោយសារតែប្រទេសទួគី ដែលជាទីតាំងដើមកំពុងស្ថិតនៅក្នុងបម្រាមធ្វើដំណើររបស់ប្រទេសអង់គ្លេស ជាហេតុនាំឱ្យអ្នកគាំទ្រមិនអាចធ្វើដំណើរទៅទស្សនា ឬគាំទ្រក្រុមទាំង ២រៀងៗខ្លួនបាន៕

 

ប្រភព៖ AFP

មតិយោបល់