Lewandowski មានអារម្មណ៍ថាខ្លួនដូចកំពុងស្ថិតនៅក្នុង “ខ្សែភាពយន្តប្រឌិត” ក្រោយបំបែកកំណត់ត្រានៅ Bundesliga

មាស សុផាណារ៉ុង May 23, 2021


 

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski បាននិយាយថា វាមានអារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុង “ខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ” ខណៈដែលរូបគេបានរកគ្រាប់បាល់បញ្ចូលទីបាន ៤១គ្រាប់ នៅ Bundesliga ក្នុងរដូវកាលនេះកាលពីថ្ងៃសៅរ៍ ដើម្បីបំបែកកំណត់ត្រារបស់ Gerd Mueller ក្នុងបញ្ជីកីឡាកររកគ្រាប់បាល់ក្នុងលីគកំពូលអាល្លឺម៉ង់ រយៈពេល ៤៩ឆ្នាំ។

កីឡាករ Lewandowski បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី៩០ នៃជ័យជម្នះ ៥-២ លើក្រុមម្ចាស់ផ្ទះ Augsburg ដោយបានតាមស្មើកំណត់ត្រារបស់កីឡាករ Mueller ដែលរកបាន ៤០គ្រាប់ កាលពីឆ្នាំ ១៩៧១/៧២។

លោក Lewandowski បានប្រាប់ Sky ថា៖ “អ្នករង់ចាំរហូតដល់ ៩០នាទី ហើយបន្ទាប់មកវាកើតឡើងក្នុងរយៈពេលប៉ុន្មានវិនាទីចុងក្រោយ។ វាដូចជាស្ថិតនៅក្នុងខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ។ ខ្ញុំនិយាយលែងចេញ។ ខ្ញុំបានឃើញ Leroy ស៊ុតសំដៅទី ខ្ញុំត្រូវតែបន្តការជឿជាក់ហើយសំណាងដ៏ល្អក៏បានកើតឡើង។”

កីឡាករ Lewandowski បានអះអាងថា ការព្យាយាមបំបែកកំណត់ត្រារបស់គេ ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទីដល់ទៅ ៦ដង នាំឲ្យ Lewandowski បន្ថែមទៀតថា៖ “ខ្ញុំមានការខកចិត្តបន្តិច ដែលមិនបានស៊ុតបញ្ចូលទីបានឆាប់ ប៉ុន្តែពេលខ្លះកំណត់ត្រាបែបនេះត្រូវតែមានការប្រជែងខ្លាំង។ ខ្ញុំអត់ធ្មត់ និងជឿជាក់រហូតដល់ទីបញ្ចប់។ ខ្ញុំសូមអរគុណដល់ក្រុមរបស់ខ្ញុំ ដែលបានរួមចំណែកជួយរកកំណត់ត្រាជាមួយខ្ញុំ។”

 

ប្រភព៖ AFP

មតិយោបល់