ថៃ នាំកីឡាករ ៤១នាក់ទៅប្រកួតជម្រុះ World Cup នៅអារ៉ាប់រួម ក្រោយមានលក្ខខណ្ឌដ៏ពិសេស

មាស សុផាណារ៉ុង May 21, 2021


 

ថៃ៖ លោក Akira Nishino គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ សម្រេចផ្តល់ឱកាសដល់កីឡាករ ៤១រូប ដោយមិនកាត់ឈ្មោះនរណាម្នាក់ពីក្រុមរហស្សនាម “ដំរីសឹកថៃ” ឡើយ ក្នុងការចេញទៅចូលរួមប្រកួតជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ៣ប្រកួតចុងក្រោយនៅទឹកដីកណ្ដាលប្រទេសអារ៉ាប់រួម ដើម្បីកំណត់ជោគវាសនារបស់ពួកគេនៅក្នុងការឡើងទៅជុំបន្ទាប់។

ដោយសារតែកីឡាករគ្រប់រូបមានការប្តេជ្ញាចិត្ត និងការតាំងចិត្តខ្ពស់ ដូច្នេះជាការត្រៀមខ្លួនផ្តល់ឱកាសឱ្យកីឡាករទាំងអស់បង្ហាញខ្លួននៅក្នុងការប្រកួតកម្តៅសាច់ដុំ ចំនួន ២ប្រកួត បន្ទាប់ពីបានមកដល់ប្រទេសអារ៉ាប់រួម មុនពេលសម្រេចចិត្តប្រកាសបញ្ជីឈ្មោះការប្រកួតដំបូង ទល់នឹងឥណ្ឌូណេស៊ី។ លើសពីនេះទៅទៀតនៅក្នុងវគ្គនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានអនុញ្ញាតឲ្យក្រុមនីមួយៗអាចធ្វើការផ្លាស់ប្ដូរសមាសភាពកីឡាករ ២៣នាក់ចុងក្រោយ នៅរាល់ការប្រកួតបញ្ចប់ម្ដង បានដោយសេរីផងដែរ។

លោក Pathit Supapong អគ្គលេខាធិការសមាគមកីឡាបាល់ទាត់ ថ្លែងក្នុងបទសម្ភាសន៍មុនពេលធ្វើដំណើរបានឲ្យដឹងថា៖ “បន្ទាប់ពីការសន្ទនាជាមួយគ្រូបង្វឹកជនជាតិជប៉ុន Akira Nishino និងក្រុមការងារ អំពីចំនួនកីឡាករដែលនឹងត្រូវជ្រើសរើសចេញទៅប្រកួត កាលពីមុនគ្រោងត្រឹមតែ ២៥-២៧នាក់ ប៉ុន្តែបន្ទាប់ពីមានហេតុការណ៍មិននឹកស្មានដល់កីឡាករម្នាក់បានឆ្លងជំងឺកូវីដ-១៩ បណ្តាលឱ្យ លោក Nishino សម្រេចចិត្តមិនកាត់កីឡាករណាម្នាក់ចេញពីក្រុម នឹងជ្រើសរើសយកទៅទាំងអស់សរុបចំនួន ៣៩នាក់ ហើយរួមជាមួយកីឡាករ ២នាក់ផ្សេងទៀតដែលកំពុងលេងនៅក្រៅប្រទេស គឺកីឡាករ Chanathip Songkrasin ពីក្លិប Consadole Sapporo និងកីឡាករ Thanawat Sungjit ដែលជាយុវជនលេងឲ្យ Leicester City នឹងធ្វើឱ្យក្រុមជម្រើសជាតិថៃ មានកីឡាករសរុបចំនួន ៤១ នាក់នៅក្នុងការប្រកួតនេះ។”

អគ្គលេខាធិការនៃសមាគមកីឡាបាល់ទាត់ថៃ រូបនេះបានបន្តថា “គ្មានបញ្ហាអ្វីទេ។ យើងត្រៀមខ្លួនដើម្បីគាំទ្រដល់ការងាររបស់ លោក Nishino និងក្រុមការងាររបស់គាត់។ យើងបានសម្របសម្រួល និងរៀបចំឯកសារ ដោះស្រាយបញ្ហាផ្សេងទៀតសម្រាប់អត្តពលិក វារួចរាល់ហើយ។ សង្ឃឹមថាអ្នកគាំទ្រកីឡាបាល់ទាត់ថៃនឹងជួយ ព្រមទាំងលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាក្នុងការធ្វើដំណើររបស់ពួកគេដើម្បីប្រកួតប្រជែងនាពេលនេះផងដែរ។”

ក្រុមជម្រើសជាតិថៃ ទាំង ៣៩នាក់នឹងចាកចេញពីថៃ នៅថ្ងៃនេះ ដោយបែងចែកជា ២ក្រុមផ្សេងគ្នា ក្រុមទី១ ចំនួន ២១នាក់ និងក្រុមទី២ ចំនួន ១៨នាក់ ហើយកីឡាករ ២នាក់នៅក្រៅប្រទេសនឹងធ្វើដំណើរដោយខ្លួនឯងទៅតាមក្រោយ។

ក្រុមរហស្សនាម “ដំរីសឹកថៃ” សល់ការប្រកួតចំនួន ៣ប្រកួតក្នុងពូល G ដោយត្រូវជួប ឥណ្ឌូនេស៊ី នៅថ្ងៃទី០៣ មិថុនា​ បន្ទាប់មកជួបម្ចាស់ផ្ទះ អារ៉ាប់រួម ថ្ងៃទី០៧ មិថុនា និងចុងក្រោយជួប ម៉ាឡេស៊ី ថ្ងៃទី១៥ មិថុនា៕

តារាងចំណាត់ថ្នាក់ពូល G៖

 

ប្រភព៖ siamsport

មតិយោបល់