ប្រធានអូឡាំពិកអន្តរជាតិអះអាងថា Tokyo Olympics នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព ខណៈម្ចាស់ផ្ទះយឺតយ៉ាវការចាក់វ៉ាក់សាំង

មាស សុផាណារ៉ុង May 19, 2021


 

ជប៉ុន៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ឬ The International Olympic Committee (IOC) លោក Thomas Bach បានធានាអះអាងដោយក្តីជឿជាក់ថា ប្រទេសជប៉ុននឹងអាចដំណើរការរៀបចំការប្រកួត Tokyo Olympics ប្រកបដោយសុវត្ថិភាពចំពោះអត្តពលិក ក៏ដូចជាក្រុមអ្នករៀបចំកម្មវិធី ព្រមទាំងគណៈប្រតិភូទាំងអស់ស្របពេលដែលសំឡេងរិះគន់ច្រើនៗឡើងបានវាយប្រហារលើរាជរដ្ឋាភិបាលជប៉ុន ពិសេសអំពីក្តីបារម្ភលើប្រព័ន្ធសុខភាពសាធារណៈ និងភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងតែម្តង។

យ៉ាងណាក៏ដោយ បើតាមលោក Bach ចំនួន ៨០% នៃអ្នកដែលត្រូវស្នាក់នៅភូមិកីឡា គឺនឹងបានទទួលការចាក់វ៉ាក់សាំងមុនការប្រកួតចាប់ផ្តើមជាផ្លូវការនាថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ ជាមួយគ្នានេះ លោកក៏បានបដិសេធចំពោះសំណើរសុំឱ្យមានការលុបចោលព្រឹត្តិការណ៍ដែលបានពន្យារពេលអស់ ១ឆ្នាំទៅហើយនោះ។ មតិនេះគឺជាការលើកទឹកចិត្តបន្ថែមទៀតដល់រាជរដ្ឋាភិបាលជប៉ុន ដែលកំពុងតែប្រយុទ្ធយ៉ាងស្វិតស្វាញតទល់នឹងការបរិហារពីសំណាក់ប្រជាជនចំពោះដំណើរការយឺតយ៉ាវក្នុងការផ្តល់វ៉ាក់សាំង។

បើតាមសារព័ត៌មានជប៉ុន Nikkei គិតមកទល់ពេលនេះមានប្រជាជនតែ ៣.៧% ប៉ុណ្ណោះក្នុងចំណោមប្រជាជនសរុបទាំងជាង ១២៦លាននាក់ដែលបានចាក់វ៉ាក់សាំងយ៉ាងតិច ១ដូស ដែលនេះជាអត្រាទាបបំផុតបើធៀបនឹងបណ្តាប្រទេសអ្នកមានដទៃទៀត។

គួរជ្រាបថា ការយឺតយ៉ាវនេះក៏ព្រោះតែប្រទេសនេះទទួលចាក់តែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer Inc និង BioNTech SE តែប៉ុណ្ណោះ ហើយគេរំពឹងថា រាជរដ្ឋាភិបាលក្រុងតូក្យូនឹងអនុម័តបន្ថែមលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna Inc’s ដើម្បីបង្កើនការចាក់ជូនប្រជាជនជាទ្រង់ទ្រាយធំតែម្តង។

សូមបញ្ជាក់ថា ចំពោះមុខការវាយប្រហារដោយរលកទី៤ នៃវីរុសកូវីដ១៩ ទីក្រុងធំៗដូចជាតូក្យូ និងអូសាកា កំពុងស្ថិតនៅក្នុងការប្រកាសអាសន្នចំណែកក្រុមគ្រូពេទ្យមិនដល់ ៣០%ទេដែលបានចាក់វ៉ាក់សាំងប៉ុន្តែ លោក Thomas Bach បានបញ្ជាក់ថា IOC អាចនឹងផ្តល់ក្រុមការងារវេជ្ជសាស្ត្របន្ថែមដល់ប្រទេសជប៉ុន ដើម្បីបំពេញសេវាកម្មសុខាភិបាលក្នុងការប្រកួតអូឡាំពិក ដែលជាផ្នែកមួយដើម្បីធានាសុវត្ថិភាពសាធារណៈរបស់ប្រទេសម្ចាស់ផ្ទះផងដែរនោះ។

ចំណែករាជរដ្ឋាភិបាល បានដាក់គោលដៅថាត្រឹមចុងខែកក្កដាខាងមុខនឹងផ្តល់វ៉ាក់សាំងឱ្យបានច្រើនបំផុតដល់ប្រជាជននវ័យចំណាស់ ពីដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ទាំង ៣៦លាននាក់ហើយរំពឹងថាដំណើរការចាក់វ៉ាក់សាំងនឹងអាចកើនដល់ ៥សែននាក់ក្នុង ១ថ្ងៃ ឬ ៣ដងលឿនជាងស្ថានភាពបច្ចុប្បន្ន៕

 

ប្រភព៖ Reuters

មតិយោបល់