កូវីដបម្លែងខ្លួន មិនអាចរារាំងជម្រើសជាតិឥណ្ឌា បន្តចូលរួមប្រកួតជម្រុះ World Cup ដែលនៅសល់

មាស សុផាណារ៉ុង May 19, 2021


 

ឥណ្ឌា៖ កីឡាករនៃក្រុមជម្រើសជាតិឥណ្ឌា ចំនួន ២៨នាក់ នឹងធ្វើដំណើរទៅទីក្រុងដូហា នៅថ្ងៃពុធនេះ មុនការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី (2022 FIFA World Cup qualification-AFC) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី (2023 AFC Asian Cup qualification)។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Igor Stimac រហស្សនាម តោខៀវ មួយនេះ នឹងត្រូវប្រកួតជាមួយកាតា នៅថ្ងៃទី០៣ ខែមិថុនា នៅកីឡដ្ឋាន Jassim bin Hamad ។ ក្រុមទាំងពីរបានជួបគ្នាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០១៩ ហើយពួកស្មើគ្នា ០-០ ដែលនាំឲ្យឥណ្ឌា រកបានពិន្ទុដំបូងក្នុងយុទ្ធនាការជម្រុះរបស់ពួកគេ។ បន្ទាប់មកឥណ្ឌា នឹងត្រូវប្រកួតជាមួយគូប្រជែងប្រចាំតំបន់អាស៊ីខាងត្បូង បង់ក្លាដែស ៤ថ្ងៃក្រោយមុននឹងបិទការប្រកួតជុំទី២ ទល់នឹងអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ ខែមិថុនា។

គ្រូបង្វឹកសញ្ជាតិក្រូអាត បានបង្ហើបថាផែនការរបស់ក្រុមសម្រាប់ជំរំហ្វឹកហាត់នៅដើមខែឧសភា ត្រូវបានលុបចោល ប៉ុន្តែនឹងឆ្លងកាត់វគ្គហ្វឹកហាត់ជាច្រើន។

“វាមិនមែនជាស្ថានភាពល្អទេ នៅពេលយើងឈានទៅវគ្គបន្តក្នុងខែមិថុនា។ ដោយសារជំងឺរាតត្បាត ជំរំហ្វឹកហាត់របស់យើង ដែលគ្រោងនឹងចាប់ផ្តើមនៅ Kolkata នៅដើមខែឧសភាត្រូវតែលុបចោល។ ជំងឺរាតត្បាតនេះក៏បានបំផ្លាញយើងពីការប្រកួតមិត្តភាពនៅឌូបៃ ផងដែរ។”

“ទោះយ៉ាងណាយើងយល់ពីទំហំនៃស្ថានភាព ហើយវានឹងមានការហ្វឹកហាត់កាន់តែខ្លាំងនៅទីក្រុងដូហា ដើម្បីឲ្យកាន់តែប្រសើរ និងព្យាយាមត្រៀមខ្លួនសម្រាប់ការប្រកួត ដែលត្រូវតតាំងជាមួយម្ចាស់ការពារតំណែងជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៩ ជម្រើសជាតិកាតា នៅទីក្រុងដូហា។”

បញ្ជាក់ថា ឥណ្ឌាឈរនៅលេខ៣ ក្នុងពូល E ដោយមាន ៣ពិន្ទុប៉ុណ្ណោះ គឺនៅពីក្រោយក្រុមកំពូលតារាងកាតា អូម៉ង់ និងអាហ្វហ្គានីស្ថាន ប៉ុន្តែនៅពីលើបង់ក្លាដែស៕

 

ប្រភព៖ the-afc.com

មតិយោបល់