ប្រធានសភាតំណាងរាស្ត្រអាម៉េរិក អំពាវនាវឱ្យប្រទេសនានាដកខ្លួនពីការប្រកួតអូឡាំពិក រដូវរងារ​ ២០២២ នៅប្រទេសចិន

មាស សុផាណារ៉ុង May 19, 2021


 

សហរដ្ឋអាម៉េរិក៖ លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រនៃសហរដ្ឋអាម៉េរិក បានធ្វើការអំពាវនាវកាលពីម្សិលមិញដោយស្នើឱ្យមន្ត្រីការទូតអាម៉េរិក ក៏ដូចជាបណ្តាមេដឹកនាំប្រទេសដទៃទៀតពិចារណាពីការដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួតប៉េកាំងអូឡាំពិក រដូវរងារ នៅប្រទេសចិន (2022 Winter Olympics Beijing)​ ដើម្បីជាការប្រឆាំងចំពោះការរំលោភសិទ្ធិមនុស្សរបស់ប្រទេសមហាអំណាចនៅទ្វីបអាសុីនេះ។

លោកស្រីថែមទាំងបានព្រមានទៀតថា ប្រទេសណាដែលចូលរួមព្រឹត្តិការណ៍កីឡានេះអាចនឹងត្រូវបាត់បង់តម្លៃគុណធម៌របស់ខ្លួនចំពោះការព្រងើយកន្តើយទៅលើការបង្រ្កាបជនជាតិចិនមូស្លីម Uyghurs ពីសំណាក់អាជ្ញាធរចិន។​ លោកស្រីបានស្នើសុំឱ្យមានចំណាត់ការផ្នែកការទូតមួយដែលច្បាស់លាស់ ជាពិសេសបណ្តាប្រទេសធំៗគួរតែពិនិត្យឱ្យបានហ្មត់ចត់ពីវត្តមានរបស់ខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ។

បើតាមលោកស្រី ប្រមុខរដ្ឋនៃប្រទេសទាំងអស់មិនត្រូវផ្តល់កិត្តិយសដល់រដ្ឋាភិបាលចិនតាមរយៈការអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នេះទេ ព្រោះនៅទីនោះកំពុងកើតមានអំពើប្រល័យពូជសាសន៍ និងអំពើអសីលធម៌ជាច្រើនទៀតដោយតាមរបាយការណ៍មានប្រជាជនភាគតិច Uyghurs និងជនជាតិចិនមូស្លីម ឯទៀតយ៉ាងតិច ១លាននាក់ដែលត្រូវបានអាជ្ញាធរចិនដាក់ទណ្ឌកម្មនៅតាមជំរុំកែប្រែក្នុងតំបន់ស្វយ័ត Xinjiang ដែលជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។


​យ៉ាងណាក៏ដោយ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាម៉េរិក លោក Liu Pengyu បានឆ្លើយតបថា ការអំពាវនាវនេះនឹងបរាជ័យហើយថា មន្ត្រីអាម៉េរិកគ្មានសមត្ថកិច្ច ឬតួនាទីអ្វីដែលត្រូវមកតាំងខ្លួនជាអ្នកដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន ទាំងដែលពួកគេមិនបានសិក្សាពីប្រវត្តិសាស្ត្រ និងស្ថានភាពពិតប្រាកដផងនោះ។

ជាមួយគ្នានេះដែរ មន្ត្រីនៃសេតវិមានលោក Antony Blinken បានលើកឡើងថា បញ្ហានេះមិនទាន់ត្រូវបានកំណត់ជាប្រធានបទការទូតដើម្បីពិភាក្សារវាងប្រទេសទាំងពីរទេ ហើយអ្វីៗនឹងដំណើរការទៅតាមការគ្រោងទុក។ ចំពោះមន្ត្រីកីឡាអាម៉េរិកវិញបានរិះគន់ថា ការអំពាវនាវរបស់លោកស្រី Nancy Pelosi គឺជារឿងអយុត្តិធម៌សម្រាប់ក្រុមអត្តពលិកដែលត្រូវមកទទួលរងទណ្ឌកម្មពាក់ព័ន្ធលើផ្នែកនយោបាយ ខណៈដែលព្រឹត្តិការណ៍អូឡាំពិកគឺជាឱកាសដ៏សំខាន់សម្រាប់អាម៉េរិក ដណ្តើមមេដាយដើម្បីបង្អួតភាពខ្លាំងរបស់ខ្លួនលើឆាកអន្តរជាតិ៕

 

ប្រភព៖ Reuters

មតិយោបល់