ម្ចាស់ក្លឹប Man City ព្រះអង្គម្ចាស់ Mansour ចំណាយថ្លៃធ្វើដំណើរសម្រាប់អ្នកគាំទ្រទៅទស្សនាវគ្គផ្ដាច់ព្រ័ត្រ UCL

មាស សុផាណារ៉ុង May 18, 2021


 

អង់គ្លេស៖ ម្ចាស់ក្លឹប Manchester City គឺព្រះអង្គម្ចាស់ Sheikh Mansour នឹងចំណាយលើការធ្វើដំណើររបស់អ្នកគាំទ្រផ្លូវការរបស់ខ្លួន ទៅចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពាន UEFA Champions League នៅទីក្រុង Porto ។ ដោយអ្នកគាំទ្រ Man City និង Chelsea ចំនួន ៦,០០០នាក់អាចចូលរួមទស្សនាការប្រកួតបាន។

ការប្រកួតនេះ ដើមឡើយគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Ataturk ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែសម្ពាធបានកើនឡើងសម្រាប់ទីតាំងដែលត្រូវផ្លាស់ប្តូរ បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេស បានដាក់ប្រទេសតួកគី ក្នុងបញ្ជីក្រហមនៃបណ្តាប្រទេសដែលមានហានិភ័យ ហើយបានជំរុញឲ្យអ្នកគាំទ្រមិនធ្វើដំណើរទៅទស្សនាការប្រកួតនោះ។

នៅទីបំផុត ទីក្រុង Porto ត្រូវបានគេជ្រើសរើស ទោះបីមានការព្យាយាមពីសំណាក់ UEFA ដើម្បីផ្លាស់ប្តូរវគ្គផ្តាច់ព្រ័ត្រទៅកាន់ Wembley នៅអង់គ្លេស និងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេសក៏ដោយ ប៉ុន្តែមានចំណុចជាប់ទាក់ទងជាច្រើនលើការលើកលែងច្បាប់សំរាប់អ្នកពាក់ព័ន្ធ ចំនួនជាង ២,០០០នាក់ ទាំងម្ចាស់ឧបត្ថម្ភ, ភ្ញៀវ VIPs និងប្រព័ន្ធផ្សព្វផ្សាយបរទេស។

និយាយអំពីគំនិតផ្តួចផ្តើមនេះ Sheikh Mansour បាននិយាយថា៖ “Pep និងក្រុមទាំងមូលបានធ្វើឲ្យរដូវកាលនេះមានភាពអស្ចារ្យ ហើយការឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីការប្រកួតប្រជែងយ៉ាងខ្លាំង វាគឺជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់ក្លឹប។ ដូច្នេះ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកគាំទ្រជាច្រើនតាមដែលអាចធ្វើទៅបាន មានឱកាសចូលរួមទស្សនាការប្រកួតពិសេសនេះ ជាពិសេសអ្នកដែលបានគាំទ្រក្រុម Manchester City ឆ្លងកាត់ពេលវេលាល្អ និងអាក្រក់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។”

ថ្នាក់ដឹកនាំក្លិប Man City មួយរូបទៀត លោក Khaldoon Al Mubarak បាននិយាយថា “បញ្ហាប្រឈមដែលអ្នកគាំទ្រប្រឈមមុខនៅមុនវគ្គផ្តាច់ព្រ័ត្រនេះគឺមានច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងបញ្ហាគតិយុត្ត។ សង្ឃឹមថាគំនិតផ្តួចផ្តើមរបស់ព្រះអង្គម្ចាស់ ដែលអនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមទាំងអស់ផ្ដោតអារម្មណ៍តែទៅលើការរីករាយ ជាជាងការព្រួយបារម្ភអំពីបន្ទុកនៃការចំណាយលើការធ្វើដំណើរដែលបានក្លាយជាការលំបាកបន្ថែមទៀតដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត។”

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នាកីឡដ្ឋាន Estádio da Luz ក្នុងទីក្រុង Porto ប្រទេសប៉ទុយហ្កាល់៕

 

ប្រភព៖ skysports

មតិយោបល់