ទីបំផុត ប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ដ៏ សម្រេចលាឈប់ពីតំណែងក្រោយញាុំញីដោយរឿងអាស្រូវ

មាស សុផាណារ៉ុង May 18, 2021


 

អាល្លឺម៉ង់ដ៏៖​ នៅទីបំផុតប្រធានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ដ៏ ឬ German Football Association (DFB) លោក Fritz Keller បានប្រកាសលាលែងពីតំណែងហើយកាលពីថ្ងៃចន្ទម្សិលមិញបន្ទាប់ពីរុំព័ទ្ធដោយរឿងអាស្រូវហិរញ្ញាវត្ថុ និងការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដោយបានប្រដូចលោក Rainer Koch ដែលជាអនុប្រធានសហព័ន្ធទៅនឹងចៅក្រមម្នាក់កាលពីរបបប្រល័យពូជសាសន៍ណាហ្សុី រួចមក។

យ៉ាងណាក៏ដោយ លោក Fritz Keller បានអះអាងថា ការលាឈប់របស់លោកគឺជាទទួលខុសត្រូវ និងជាការស្តារឡើងវិញនូវទំនុកចិត្តពីមហាជន ប៉ុន្តែលោកថាការចាកចេញនេះនឹងមិនអាចធ្វើឱ្យសហព័ន្ធបាល់ទាត់អាល្លឺម៉ងដ៏ មានភាពប្រសើរឡើងបានឡើយ។ “DFB ត្រូវការផ្លាស់ប្តូរជាចំបាច់ទើបអាចផ្តល់នូវជោគជ័យប្រកបដោយគុណតម្លៃ ពង្រឹងទំនុកចិត្ត សាមគ្គីភាព និងលទ្ធផលការងារឆ្ពោះទៅមុខហើយវាជាអាទិភាពដែលត្រូវធ្វើ។” លោក Fritz Keller បានថ្លែងដូចនេះ។

គួរំលឹកថា លោក Fritz Keller ដែលបានចូលកាន់តំណែងកាលពីខែកញ្ញា ឆ្នាំ២០១៩ ជាមួយនឹងការប្តេជ្ញាថានឹងធ្វើកំណែទម្រង់សហព័ន្ធនេះឱ្យមានភាពល្អប្រសើរក្នុងអាណត្តិរបស់ខ្លួន ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីលោកបានស្ថិតនៅក្នុងភាពចម្រូងចម្រាសជាមួយនឹងការរុំព័ទ្ធដោយរឿងអាស្រូវពិសេសលើការចាត់ចែងហិរញ្ញវត្ថុមិនប្រក្រតីតែម្តង។

បន្ថែមពីលើនេះត្រូវបានស្នើឱ្យចុះចេញពីតំណែងដោយសារតែលោកបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដោយបានហៅលោក Rainer Koch ដែលជាអនុប្រធានសហព័ន្ធ ថា “Freisler” ដែលសំដៅលើចៅក្រុម Roland Freisler ដែលបានចូលរួមក្នុងសន្និបាតឆ្នាំ១៩៤២ របស់គណបក្សណាសុី ក្រោមការដឹកនាំរបស់មេដឹកនាំផ្តាច់ការ Adolf Hitler និងបានចូលដៃចូលជើងអនុម័តលើសេចក្តីសម្រេចចុងក្រោយដើម្បីកាត់ទោសយ៉ាងរង្គាលលើជនជាតិជ្វីស ដែលជាបទល្មើសប្រល័យពូជសាសន៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រនាសម័យសង្គ្រាមលោក លើកទី២។

លោក Fritz Keller ក៏ជាបុគ្គលទី៤ ដែលបានលាលែងដោយសារតែរឿងអាស្រូវពីតំណែងប្រធានសហព័ន្ធបាល់ទាត់បាល់ទាត់ដ៏ធំជាងគេក្នុងពិភពលោកដែលមានក្លឹបជាសមាជិក ២៥,០០០ក្លិប និងមានកីឡាករ-កីឡាការិនី ជាសមាជិកជិត ៧លាននាក់នេះ។

កាលពីអណត្តិមុន លោក Reinhard Grindel ត្រូវបានបង្ខំឱ្យលាឈប់បន្ទាប់ពីបានទទួលកាដូនាឡិកាដ៏មានតម្លៃពីអ្នកជំនួញជនជាតិអ៊ុយក្រែនរួចមក ខណៈដែលអតីតប្រធាន ២រូបគឺលោក Wolfgang Niersbach និង Theo Zwanziger ត្រូវបានសើបអង្កេតពាក់ព័ន្ធនិងការចំណាយមិនប្រក្រតីក្នុងព្រឹត្តិការណ៍ 2006 World Cup ដែលបានធ្វើឡើងនៅទឹកដីអាល្លឺម៉ង់ដ៏នោះ៕

 

ប្រភព៖ Reuters

មតិយោបល់