ប្រេសុីល ចាប់ផ្តើមចាក់វ៉ាក់សាំងដល់អត្តពលិក មន្ត្រី និងអ្នកសារព័ត៌មានដែលត្រូវចូលរួម Tokyo Olympic

មាស សុផាណារ៉ុង May 15, 2021


 

ប្រេសុីល៖ រដ្ឋាភិបាលនៃប្រទេសប្រេសុីល បានចាប់ផ្តើមអនុវត្តផែនការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ កាលពីថ្ងៃសុក្រម្សិលមិញដល់ក្រុមអត្តពលិក គ្រូបង្វឹក មន្ត្រីគណៈប្រតិភូ និងអ្នកសារព័ត៌មានដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍ Tokyo Olympic នាខែកក្កដា ខាងមុខនេះ។

តាមការប្រកាសជាផ្លូវការក្រុមគ្រូពេទ្យនៅទីក្រុងធំៗចំនួន៦ របស់ប្រទេសនេះបានចាក់វ៉ាក់សាំង Pfizer ដល់ក្រុមមនុស្សដំបូងដែលមានចំនួនប្រមាណជា ១,៨០០នាក់ ខណៈដែលអត្តពលិកមួយចំនួនបានអះអាងដោយក្តីរីករាយថា ពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន ហើយថាដំណើរការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាដ៏ធំជាងគេនៅក្នុងសកលលោកនេះនឹងដំណើការដោយល្អប្រសើរ និងពេញលេញដោយគ្មានការព្រួយបារម្ភពីបញ្ហាប្រឈមតទៅទៀត។

គួរបញ្ជាក់ថា ប្រេសុីល គឺជាប្រទេសមួយដែលបានទទួលរងនូវការរាតត្បាតដ៏អាក្រក់ពីវីរុសកូវីដ១៩ ដោយមានចំនួនអ្នកស្លាប់រហូតដល់ ៤២៨,០០០នាក់ ហើយត្រូវបានប្រទេសជាច្រើនដាក់ចូលក្នុងបញ្ជីប្រទេសដែលត្រូវហាមប្រាមការធ្វើដំណើរស្របពេលដែលតួលេខអ្នកស្លាប់ប្រចាំថ្ងៃនៅតែបន្តខ្ពស់ខ្លាំងនៅលើដែនដី ដែលមានប្រជាជនច្រើនជាងគេនៃតំបន់អាម៉េរិកខាងត្បូងនេះ៕

 

ប្រភព៖ Reuters

មតិយោបល់