អេស្ប៉ាញ អនុញ្ញាតឱ្យទស្សនិកជនចូលរួមទស្សនាការប្រកួតបាល់ទាត់បានជាមួយនឹងលក្ខខណ្ឌគួរឱ្យចាប់អារម្មណ៍

មាស សុផាណារ៉ុង May 13, 2021


 

អេស្ប៉ាញ៖ បណ្តាក្លឹបបាល់ទាត់នៅក្នុងប្រទេសអេស្ប៉ាញ បានទទួលភ្លើងខៀវពីរាជរដ្ឋាភិបាលនៃប្រទេសនេះ ក្នុងការទទួលស្វាគមន៍វត្តមានរបស់ទស្សនិក ក៏ដូចជាអ្នកគាំទ្រមកកាន់កីឡដ្ឋានរបស់ពួកគេឡើងវិញក្រោយពីចំនួនឆ្លងនៃវីរុសកូវីដ១៩ បានបន្តថយចុះជាលំដាប់ ខណៈដែលការប្រកួតនៃរដូវកាលនេះនៅសល់ត្រឹមតែ ២ប្រកួតទៀតប៉ុណ្ណោះ។

លោក Jose Manuel Uribes រដ្ឋមន្ត្រីនៃក្រសួងកីឡា បានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា ចំនួនអតិបរិមានៃទស្សនិកជនគឺកំណត់ត្រឹម ៥,០០០នាក់សម្រាប់តំបន់ដែលមានអត្រាឆ្លងត្រឹម ៥០នាក់ក្នុងចំណោមប្រជាជនសរុប ១សែននាក់ ដូចនេះតំបន់មួយចំនួននៃទីក្រុង Valencia និង Galicia គឺមានលក្ខខណ្ឌគ្រប់គ្រាន់តាមការកំណត់នេះ។ យ៉ាងណាក៏ដោយ លោក Jose បានបញ្ជាក់ថា ចំពោះវិធីជ្រើសរើសទស្សនិកជននៅតាមកីឡដ្ឋាននីមួយៗ គឺអាស្រ័យលើការសម្រេចរបស់ក្លឹបផ្ទាល់ដូចជាការចាប់ឆ្នោត ឬការផ្តល់ដោយគោរពលើលក្ខខណ្ឌអាទិភាពជាដើម។

ជាមួយគ្នានេះ លោកស្រី Carolina Darias រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញបានបញ្ជាក់ថា សម្រាប់ក្លឹបបាល់ទាត់នៅតាមតំបន់ដទៃគឺត្រូវអនុញាតជាបន្តបន្ទាប់ទៀតដរាបណាដែលតំបន់របស់ពួកគេមានអត្រាឆ្លងតិចជាង ៥០នាក់ក្នុងចំណោមប្រជាជន ១សែននាក់។ លោកស្រីបានបន្ថែមថា ជាអាទិភាពគឺអនុញ្ញាតឱ្យអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះជាមុនសិនតែតម្រូវឱ្យពាក់ម៉ាស្គ៍ វាស់កម្តៅមុនចូលកីឡដ្ឋាន និងមិនអាចបរិភោគអាហារ ភេសជ្ជៈ ឬជក់បារីឡើយ។

យោងតាមការកំណត់នេះ គឺមិនប៉ះពាល់ដល់កាលវិភាគរបស់ក្រុមខ្លាំងៗដូចជា Atletico Madrid, Barcelona និង Real Madrid នោះទេ ព្រោះក្រុមទាំងនេះមិនមានការប្រកួតនៅទីក្រុង Valencia ឬ Galicia នាចុងសប្តាហ៍នេះឡើយ។ តាមការគ្រោងទុក កីឡដ្ឋាន Mestalla របស់ក្រុម Valencia និងកីឡដ្ឋាន Estadio Ceramicawill របស់ក្លឹប Villarreal នឹងត្រូវបើកទ្វារទទួលទស្សនិកជនមុនគេនាការប្រកួតនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីពីអាក់ខានអស់រយៈពេលជាង ១ឆ្នាំមកហើយនោះ៕

 

ប្រភព៖ reuters

មតិយោបល់