Conor McGregor ក្លាយជាអត្តពលិករកចំណូលច្រើនជាងគេប្រចាំឆ្នាំ២០២០ លើស Messi និង CR7

មាស សុផាណារ៉ុង May 13, 2021


 

បរទេស៖ កីឡាករយុទ្ធគុនចម្រុះ (MMA) Conor McGregor ត្រូវបានស្ថាប័ន Forbes វាយតម្លៃថា ជាកីឡាករដែលរកបានប្រាក់ចំណូលច្រើនជាងគេកាលពីឆ្នាំ២០២០ ជាមួយនឹងទឹកប្រាក់ប្រមាណជា ១៨០លានដុល្លារអាម៉េរិក ដែលភាគច្រើនបានមកពីការបណ្តាក់ទុនលើមុខជំនួញរបស់គេតែម្តង។

កីឡាករជនជាតិអៀកឡង់រូបនេះគឺជាអត្តពលិកម្នាក់ក្នុងចំណោម ៤នាក់ប៉ុណ្ណោះដែលអាចរកចំណូលបានលើសពី ១០០លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២០ កន្លងមក។ ប្រាក់ចំណូលនេះមួយភាគធំបានពីជោគជ័យលើជំនួញស្រាវីស្គីម៉ាក Proper Twelve ដែលបង្កើតឡើងដោយរូបគេផ្ទាល់ ខណៈដែលកាលពីឆ្នាំមុននោះដែរ Conor McGregor បានប្រកួតតែមួយលើកប៉ុណ្ណោះ និងអាចរកបានប្រមាណជា ២២លានដុល្លារ ក្រោយពីបានយកឈ្នះលើកីឡាករ Donald Cerrone។

សម្រាប់លេខរៀងបន្ទាប់ គឺកីឡាករបាល់ទាត់ Lionel Messi រកបាន ១៣០លានដុល្លារអាម៉េរិក និងកីឡាករ Cristiano Ronaldo ដែលរកបាន ១២០លានដុល្លារអាម៉េរិក ដោយឡែកលេខ៤ គឺកីឡាករបាល់អោបអាមេរិក Dak Prescott ១០៧,៥លានដុល្លារអាម៉េរិក និងលេខ៥ កីឡាករបាល់បោះ របស់ក្រុម Los Angeles Lakers, LeBron James រកបាន ៩៦,៥លានដុល្លារអាម៉េរិក៕

 

ប្រភព៖ AFP

មតិយោបល់