ប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ រុំព័ទ្ធដោយរឿងអាស្រូវ តែបដិសេធមិនលាឈប់ពីតំណែង

មាស សុផាណារ៉ុង May 13, 2021


 

អាល្លឺម៉ង់ដ៏៖ ប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ដ៏ កំពុងញុាំញីដោយរឿងអាស្រូវពុករលួយ ព្រមទាំងការបញ្ចេញមតិពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យមានការមិនពេញចិត្ត និងរងការរិះគន់រហូតស្នើឱ្យមានការចុះចេញពីតំណែងថែមទៀតផង។

លោក Fritz Keller ដែលបានចូលកាន់តំណែងកាលពីខែកញ្ញា ឆ្នាំ២០១៩ ជាមួយនឹងការប្តេជ្ញាថានឹងធ្វើកំណែទម្រង់សហព័ន្ធនេះឱ្យមានភាពល្អប្រសើរក្នុងអាណត្តិរបស់ខ្លួន ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីលោកបានស្ថិតនៅក្នុងភាពចម្រូងចម្រាសជាមួយនឹងការរុំព័ទ្ធដោយរឿងអាស្រូវ ពិសេសលើការចាត់ចែងហិរញ្ញវត្ថុមិនប្រក្រតីតែម្តង។

បន្ថែមពីលើនេះ លោក Fritz Keller ពេលនេះកំពុងតែរងសម្ពាធថ្មីទៀត និងត្រូវបានស្នើឱ្យចុះចេញពីតំណែងដោយសារតែលោកបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យពាក់ព័ន្ធនឹងរបបណាហ្សុីអាល្លឺម៉ងដ៏ ដោយបានហៅលោក Rainer Koch ដែលជាអនុប្រធានសហព័ន្ធ ថា “Freisler” សំដៅលើចៅក្រុម Roland Freisler ដែលបានចូលរួមក្នុងសន្និបាតឆ្នាំ១៩៤២ របស់គណបក្សណាសុី ក្រោមការដឹកនាំរបស់មេដឹកនាំផ្តាច់ការ Adolf Hitler និងបានចូលដៃចូលជើងអនុម័តលើសេចក្តីសម្រេចចុងក្រោយដើម្បីកាត់ទោសយ៉ាងរង្គាលលើជនជាតិជ្វីស ដែលជាបទល្មើសប្រល័យពូជសាសន៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រនាសម័យសង្គ្រាមលោក លើកទី២។

យ៉ាងណាក៏ដោយ លោក Fritz Keller បានសូមអភ័យទោសចំពោះរឿងនេះ ប៉ុន្តែបដិសេធមិនចុះចាញ់ពីតំណែងនោះទេ ទោះបីជាមានសេចក្តីប្រកាសពីសមាជិកតាមតំបន់មួយចំនួនដោយបានបង្ហាញការដកសេចក្តីទុកចិត្ត និងជំរុញឱ្យលោកលាលែងក៏ដោយចុះ។ ជាការឆ្លើយតប មន្ត្រីធំៗមួយចំនួននៅក្នុងសហព័ន្ធបានបញ្ជាក់ថា ពួកគេនឹងលាឈប់ពីតួនាទីរៀងៗខ្លួនព្រោះមិនអាចធ្វើការជាមួយលោក Fritz Keller តទៅទៀត ដោយក្នុងនោះក៏មានអគ្គលេខាធិការ Friedrich Curtius ដែលមានជម្លោះយ៉ាងជូរចត់ជាមួយគ្នាផងដែរនោះ។

សូមបញ្ជាក់ថា សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ដ៏ គឺជាសហព័ន្ធដែលធំជាងគេក្នុងពិភពលោកដែលមានក្លឹបជាសមាជិក ២៥,០០០ក្លិប និងមានកីឡាករ-កីឡាការិនី ជាសមាជិកជិត ៧លាននាក់៕

 

ប្រភព៖ Reuters

មតិយោបល់