FIFA លើកយកប្រធានបទក្តីបារម្ភពីបញ្ហាសិទ្ធិមនុស្ស និងសុខុមាលភាពពលករនៅប្រទេសកាតា មកពិភាក្សា

មាស សុផាណារ៉ុង May 12, 2021


 

កាតា៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ឬ FIFA បានជួបប្រជុំគ្នាជាមួយនឹងបណ្តាប្រទេសជាសមាជិក ដោយបានលើកយកប្រធានបទស្តីពីការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស និងសុខុមាលភាពពលករនៅក្នុងប្រទេសកាតា ដែលបានរងការរិះគន់យ៉ាងខ្លាំងពីបណ្តាអង្គការសិទ្ធិមនុស្សនាពេលកន្លងមកថា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅតាមការដ្ឋាននានាដែលកំពុងសាងសង់ដើម្បីបម្រើការក្នុងព្រឹត្តិការណ៍ប្រកួត 2022 World Cup ដែលកាតា ត្រូវធ្វើជាម្ចាស់ផ្ទះនោះ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារម្សិលមិញ ក៏មានការធ្វើបទបង្ហាញពីសំណាក់អង្គការសិទ្ធិមនុស្ស និងសហជីពជាច្រើនដោយបានលើកឡើងនូវបញ្ហាប្រឈមដែលកម្មករជាច្រើនជាពិសេសពលករបរទេសតែម្តងកំពុងរងគ្រោះ ហើយបើតាមរបាយការណ៍ក្នុងរយៈពេល​ ១០ឆ្នាំមកនេះមានជនរងគ្រោះយ៉ាងហោចណាស់ ៦,៥០០នាក់បានបាត់បង់ជីវិតនៅក្នុងគម្រោងនានាដែលត្រូវបានសាងសង់សម្រាប់ព្រឹត្តិការណ៍ World Cup ស្របពេលដែល កីឡាករជាច្រើនពីប្រទេសអាល្លឺម៉ង់ដ៏ ហូឡង់ និងណវេស៍ ជាដើមក៏បាននាំគ្នាចេញមុុខរិះគន់ និងបង្ហាញក្តីព្រួយបារម្ភលើបញ្ហានេះដែរ។

យ៉ាងណាក៏ដោយ អគ្គលេខធិការនៃសហព័ន្ធបាល់ទាត់កាតា​ បានលោក Hassan Al Thawadi បានលើកឡើងថា រាជរដ្ឋាភិបាលនៃប្រទេសនេះបានដាក់ចេញនូវកំណែទម្រង់ជាបន្តបន្ទាប់តាំងពីឆ្នាំ២០១០ មកដើម្បីដោះស្រាយបញ្ហានានា ហើយជាលទ្ធផលគឺទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាំងផ្នែកសិទ្ធិមនុស្ស សុខុមាលភាពពលករ និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។

ជាមួយគ្នានេះ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានបង្ហាញក្តីរីករាយចំពោះកំណែទម្រង់ទាំងនេះដោយបានហៅថាជា “ការផ្តល់អត្ថប្រយោជន៍ដល់កម្មករទាំងជាង ១មុឺននាក់ទូទាំងប្រទេសកាតា” ហើយលោកក៏បានជំរុញឱ្យអាជ្ញាធរប្រទេសនេះព្យាយាមដោះ្រសាយបញ្ហាដោយផ្តោតលើកត្តាជាក់ស្តែង ដើម្បីធានាថាកិច្ចការទាំងអស់នឹងត្រូវបញ្ចប់ដោយរលូន៕

 

ប្រភព៖ reuters

មតិយោបល់