Solskjaer សូមឱ្យអ្នកគាំទ្រ Man Utd បញ្ចៀសការប្រើអំពើហិង្សាមុនប្រកួតជាមួយ Liverpool

មាស សុផាណារ៉ុង May 12, 2021


 

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុម Manchester United លោក Ole Gunnar Solskjaer បានសំណូមពរដល់ក្រុមអ្នកគាំទ្រឱ្យជៀសវាងការប្រើអំពើហិង្សាណាមួយនៅមុនការប្រកួតជាមួយក្រុមភ្ញៀវ Liverpool ឈានចូលមកដល់នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភាខាងមុខនេះបន្ទាប់ពីមានសារព័ត៌មានខ្លះបានចុះផ្សាយថា ពួកគេមានគម្រោងជួបជុំគ្នាសារជាថ្មីនាសប្តាហ៍នេះ។

លោក Solskjaer បានថ្លែងថា សន្តិសុខនឹងត្រូវបានរឹតបន្តឹងហើយសង្ឃឹមថានឹងអាចគ្រប់គ្រងស្ថានការណ៍បានជាពិសេសក្នុងករណីមានការតវ៉ាពួកគេនឹងស្នើឱ្យរក្សាសណ្តាប់ធ្នាប់និងជៀសវាងអំពើហិង្សា។ លោកបានបន្ថែមថា កីឡាករត្រូវការផ្តោតអារម្មណ៍លើការប្រកួតហើយក្នុងបណ្តាជំនួបចុងក្រោយនេះកូនក្រុមរបស់លោកត្រូវការផ្តួលទាំង Liverpool ទាំង Leicester ដើម្បីជាកាដូរដល់អ្នកគាំទ្រ ហេតុនេះ លោកសូមឱ្យអ្នកគាំទ្ររក្សាឥរិយាបថហើយចូលរួមអបអរទាំងអស់គ្នាវិញ។

គួររំលឹកថា ជំនួបរវាងក្រុមទាំងពីរដែលត្រូវធ្វើឡើងកាលពីថ្ងៃទី២ ខែឧសភានោះត្រូវបានលើកពេលទៅវិញបន្ទាប់ពីក្រុមអ្នកគាំទ្របាននាំគ្នាតវ៉ានៅក្នុងបរិវេណកីឡដ្ឋាន Old Trafford រួចបានសម្រុកចូលទីលានតែម្តងជាមួយនឹងបដាក៏ដូចជាសម្រែកប្រឆាំងនឹងម្ចាស់ក្លឹបដែលបានបណ្តាលឱ្យសំភារៈមួយចំនួនមានការខូចខាតព្រមទាំងបង្ករបួសដល់មន្ត្រីប៉ូលិស ៦នាក់ផងដែរ៕

 

ប្រភព៖ Reuters

មតិយោបល់