បាល់ទាត់អាស៊ានសប្ដាហ៍នេះ មានតែ ២ប្រទេសប៉ុណ្ណោះបន្តការប្រកួតលីគជាធម្មតា

មាស សុផាណារ៉ុង May 10, 2021


 

អាស៊ាន៖ ការប្រកួតបាល់ទាត់ក្របខណ្ឌតាមបណ្ដាប្រទេសក្នុងតំប់អាស៊ានសប្ដាហ៍នេះ កាន់តែនៅសល់តិចទៅៗ បន្ទាប់ពីជំងឺកូវីដ-១៩ កាន់តែរាលដាលនៅតំបន់អាស៊ីអាគ្នេយ៍ ដីគោក ដែលសម្រេចឲ្យលីគនៃបណ្ដារប្រទេសទាំងនោះត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

ចំពោះលីគប្រទេស ២ដែលបន្តការប្រកួតជាធម្មតានោះ គឺលីគកំពូលម៉ាឡេស៊ី និងលីគកំពូលសិង្ហបុរី ដែលសុទ្ធសឹងតែជាប្រទេសដីកោះ ខណៈការរាតត្បាតនៃជំងឺកូវីដ-១៩ គឺគេអាចគ្រប់គ្រងបាន។

ម៉ាឡេស៊ី៖

លីគកំពូលម៉ាឡេស៊ី សប្ដាហ៍នេះ គឺឈានចូលសប្ដាហ៍ទី១៣ ហើយក្លិបអ្នកមាន Johor Darul Ta’zim ដែលប្រកួតមិនដែលចាញ់ ៩ប្រកួតកន្លងមកនោះ ទើបតែស្គាល់ពាក្យថាចាញ់នោះ បានត្រលប់មករកជ័យជម្នះវិញផងដែរ ស្របពេលដែល Terengganu FC ដែលជាអតីតក្លិបរបស់​ ធារី ចន្ថាប៊ីន ក៏កំពុងធ្វើបានលទ្ធផលដូចគ្នា។

Johor Darul Ta’zim នៅតែបន្តនាំមុខកំពូលតារាង​ ខណៈ Terengganu FC កំពុងឈរនៅលេខ២ តាមពីក្រោយ ៣ពិន្ទុ ដោយឡែកក្រុមដែលកំសត់ជាងគេ គឺក្រុម UiTM FC ដែលប្រកួត​ ១៣លើកកន្លងមកមិនដែលស្គាល់ពាក្យថាឈ្នះម្ដងណាឡើយ បានត្រឹមស្មើតែ ២ដងប៉ុណ្ណោះ។

សិង្ហបុរី៖

ងាកមកលីគកំពូលសិង្ហបុរី វិញ សប្ដាហ៍នេះបានចូលដល់សប្ដាហ៍ទី១០ ខណៈ Albirex Niigata (S) បានត្រឹមប្រកួតស្មើ គ្រាដែលគូប្រជែងក្រុមលេខ២ Lion City Sailor រកបានជ័យជម្នះដែលជ័យជម្នះ ៤លើកជាប់ៗគ្នា។

ដ្បិតបានត្រឹមស្មើសប្ដាហ៍នេះ Albirex Niigata (S) នៅតែបន្តកាន់កាប់កំពូលតារាង ប៉ុន្តែនាំមុខក្រុមលេខ២ Lion City Sailor តែ ១ពិន្ទុប៉ុណ្ណោះ ខាងក្រោមគឺជាតារាងពិន្ទុទាំងស្រុង៖

សម្រាប់លីគកំពូលឡាវ, វៀតណាម វិញមិនមានការប្រកួតឡើយដោយសារលីគត្រូវបានប្រកាសផ្អាកជាបណ្ដោះអាសន្ន ក្រោយប្រទេសទាំងពីរនេះបច្ចុប្បន្នកំពុងរទទួលរងឥទ្ធិពលពីជំងឹកូវីដ-១៩ ផ្ទុះឡើងខ្លាំងផងដែរ។

សូមបញ្ជាក់ជាថ្មី ចំពោះលីគកំពូល មីយ៉ាន់ម៉ា នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេដោយសារបញ្ហានយោបាយក្នុងប្រទេសនេះ ខណៈលីគកំពូលហ្វីលីពីន និងឥណ្ឌូនេស៊ី គ្រោងចាប់ផ្ដើមនៅអំឡុងពាក់កណ្ដាលឆ្នាំ២០២១ ដូចគ្នា ពោលគឺ លីគកំពូលហ្វីលីពីន ​ចាប់ផ្ដើមនៅថ្ងៃទី១៧ ខែកក្កដា ខណៈលីគកំពូលឥណ្ឌូនេស៊ី គ្រោងចាប់ផ្ដើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បញ្ចប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្របពេលដែលលីគកំពូលថៃ គ្រោងចាប់ផ្ដើមរដូវកាលថ្មី ២០២១-២០២២ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ហើយបញ្ចប់នោថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ចំពោះលីគកំពូលទីម័រខាងកើត ក៏ដូចជាលីគកំពូលព្រុយណេ វិញ មិនទាន់ព័ត៌មានច្បាស់ការបញ្ជក់នៅឡើយទេ៕

មតិយោបល់