អង់គ្លេសប្រកាសស្វាគមន៍ធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Champions League បើ UEFA អនុញ្ញាត្ត

មាស សុផាណារ៉ុង May 8, 2021


 

អង់គ្លេស៖ ខណៈដែលរាជរដ្ឋាភិបាលអង់គ្លេស បន្តអនុវត្តបម្រាមធ្វើដំណើរទៅកាន់ប្រទេសទួគីនោះ មន្ត្រីរបស់ខ្លួនបានបង្ហាញពីចេតនាក្នុងការស្វាគមន៍ការទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League វិញក្នុងករណីប្រសិនបើសហព័ន្ធបាល់ទាត់អឺរ៉ុបយល់ព្រម។

ជំនួបវគ្គចុងក្រោយនេះជាការប្រកួតរវាងក្រុមអង់គ្លេស ២គឺ Manchester City និង Chelsea ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា នេះ ប៉ុន្តែប្រទេសទួគី កំពុងស្ថិតនៅក្នងស្ថានភាពបិទខ្ទប់នៅឡើយដោយសារតែការវាយលុកនៃវីរុសកូវីដ-១៩ ស្របពេលដែនដីនេះក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីហាមឃាត់ការធ្វើដំណើររបស់អង់គ្លេសផងដែរ ជាហេតុធ្វើឲ្យក្រុមអ្នកគាំទ្រអង់គ្លេសមិនអាចហោះហើរដើម្បីទៅទស្សនាផ្ទាល់ការប្រកួតនៅទីក្រុងអុីស្តង់ប៊ុល បានឡើយ។

យ៉ាងក៏ដោយ សំណើរនេះមិនទាន់ត្រូវបានសម្រេចបែបណានោះទេដោយរង់ចាំលទ្ធផលនៃការពិភាក្សារវាងសមាគមបាល់ទាត់អង់គ្លេស និង UEFA សិន ខណៈដែលតាមគម្រោងការប្រេកួតនឹងដំណើរការទៅនៅពហុកីឡដ្ឋាន Ataturk Olympic Stadium ស្ថិតនៅរដ្ឋធានីអុីស្តង់ប៊ុលនៃប្រទេសទួគីក្រោយបញ្ចប់ការបិទខ្ទប់តែទំនងជាមានលក្ខខណ្ឌកំណត់តឹងតែងមួយចំនួនអំពីចំនួនទស្សនិកជន៕

 

ប្រភព: AFP

មតិយោបល់