១៨ខែក្រោយបណ្តេញចេញពី Arsenal លោក Unai Emery ដឹកនាំ Villarreal ឡើងវគ្គផ្តាច់ព្រ័ត្រ Europa League ជាលើកដំបូង

មាស សុផាណារ៉ុង May 7, 2021


 

អេស្ប៉ាញ៖ ក្រោយពីទម្លាក់ Arsenal ជាមួយនឹងលទ្ធផលសរុបទាំង ២ជើង ២-១ រួចមក ក្រុមមកពីលីគអេស្ប៉ាញ Villarreal បានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ជាលើកដំបូងគិតតាំងពីក្លឹបនេះបានកកើតនាឆ្នាំ១៩២៣ បន្ទាប់ពីចំណាយពេល ៤ដងកន្លងមកនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។​

គ្រូបង្វឹកក្រុម Villarreal លោក Unai Emery បានលើកឡើងថា៖ “ការឈានដល់វគ្គផ្តាច់ព្រ័ត្រគឺជារឿងដែលរំភើបបំផុត ហើយខ្ញុំពិតជាមានមោទកភាពណាស់ចំពោះក្រុមទាំងមូល វាការងារមួយដ៏លំបាកតែយើងធ្វើវាបានសម្រេចហើយ ពេលនេះយើងត្រូវបានគេស្គាល់កាន់តែច្រើនលើឆាកអន្តរជាតិ ប៉ុន្តែយើងត្រូវតែធ្វើឱ្យបានល្អបំផុតនៅវគ្គចុងក្រោយបន្តទៀត។”

វាគឺជាលើកទី៥ ផងដែរសម្រាប់លោក Unai Emery ដែលបាននាំក្រុម ៣ផ្សេងគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ ជាមួយ Sevilla ៣ដង, Arsenal ម្ដង និងលើកនេះជាមួយ Villarreal ម្ដង។

លទ្ធផលនេះត្រូវបានគេចាត់ទុកថា ជាការសងសឹងមួយលើ Arsenal ដែលបានសម្រេចបណ្តេញលោក Unai Emery ចេញពីតំណែងកាលពី ១៨ខែមុន ក្រោយចូលដឹកនាំបន្តពីលោក Arsene Wenger ប៉ុន្តែមិនទទួលបានលទ្ធផលជាទីគាប់ចិត្តនោះ។ ចំពោះក្រុម Man Utd ឯណោះវិញក៏បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រយ៉ាងហំហានក្រោយពីបានផ្តួលគូប្រកួត Roma ក្នុងលទ្ធផលសរុបទាំងពីរជើង ៨-៥ រួចមក៕

មតិយោបល់