Zidane ទទួលស្គាល់ Chelsea សមនឹងឈ្នះ ក្រោយក្រុមខ្លួនធ្លាក់ពី UCL យប់មិញ

មាស សុផាណារ៉ុង May 6, 2021


 

អង់គ្លេ៖ អ្នកចាត់ការទូទៅ Real Madrid លោក Zinedine Zidane បានសម្ដែងការទទួលស្គាល់ថា Chelsea សាកសមនឹងឈ្នះ ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ព្រោះពួកគេជាក្រុមខ្លាំង និងលេងបានយ៉ាងល្អ នៅវគ្គ ៤ក្រុមចុងក្រោយ។

Timo Werner និង Mason Mount ជាអ្នកជួយ Chelsea ទទួលបានជ័យជម្នះនេះ ក្នុង​លទ្ធផល ២-០ ​ទៀត​សរុប​ទាំង​ពីរ​ជើង ៣-១ ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន​រង្វាន់ UEFA Champions League ដោយត្រូវតតាំងជាមួយក្រុមរួមលីគកំពូលអង់គ្លេស Manchester City។

លោក Zidane បានប្រាប់សន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ “ពួកគេខ្លាំងជាង ពួកគេសមនឹងទទួលបានជ័យជម្នះ។ ការប្រកួតរបស់ពួកគេកាន់តែមានប្រសិទ្ធភាពជាងមុន ពួកគេក៏មានឱកាសច្រើនដែរ។ ឆ្លងកាត់ការប្រកួតទាំង ២លើក ពួកគេសមនឹងទទួលបានការឡើងវគ្គបន្ត។ ទាំងនេះជាការប្រកួតដែលមានកំរិតខ្ពស់ ហើយយើងខកខានអ្វីមួយនៅយប់នេះ។ វាមិនមែននិយាយអំពីការរៀបចំទេ ទោះបីនៅក្នុងការប្រជែងបាល់ក៏ពិបាកដែរ។” 

ដោយឡែក លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមតោខៀវ ​Chelsea វិញ បានលើកឡើងផងដែរថា៖ “នេះពិតជាជ័យជម្នះដ៏ធំធេងណាស់ ដូច្នេះខ្ញុំពិតជារីករាយជាមួយនឹងស្មារតីនេះដ៏ធំធេងចំពោះក្រុមនេះ។”

បញ្ជាក់ថា Chelsea នឹងជួប Manchester City នៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ នាកីឡដ្ឋាន Ataturk Olympic Stadium ស្ថិតនៅរដ្ឋធានីអុីស្តង់ប៊ុល នៃប្រទេសទួគី៕

មតិយោបល់