Jose Mourinho រំពឹងសាងភាពជោគជ័យលើទឹកដីអុីតាលីសារជាថ្មី ក្រោយចូលដឹកនាំ Roma

មាស សុផាណារ៉ុង May 5, 2021


 

អុីតាលី៖ ១៥ថ្ងៃក្រោយការប្រកាសបញ្ឈប់ពីក្លឹប Tottenham Hotspur លោក Jose Mourinho បានក្លាយជាប្រធានបទថ្មីនៅលើទំព័រមុខបណ្តាញសារព័ត៌មានកីឡាល្បីៗជុំវិញពិភពលោក ដោយសារលោកទើបតែត្រូវបានថ្នាក់ដឹកនាំក្លឹប AS Roma សម្រេចតែងតាំងជាគ្រូបង្វឹករដូវកាលថ្មីដោយរំពឹងថានឹងអាចស្រោចស្រង់ក្លឹបដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៧ នៃតារាងពិន្ទុលីគកំពូលអុីតាលីនេះ។

ជាការពិតណាស់ លោក Jose Mourinho មានភាពកាក់កបខ្លាំងលើទឹកដីដ៏ចំណាស់របស់ទ្វីបអុឺរ៉ុបនេះជាងនៅទឹកដីអង់គ្លេស ព្រោះថាគឺអ៊ីតាលីនេះហើយដែលលោកបានឈ្នះពានលីគកំពូលជាមួយក្រុម Inter Milan និងថែមទាំងឈ្នះ Champions League ទៀតផង។ ដូចនេះ ក្រុមអ្នកគាំទ្រ Roma មួយចំនួនបានបង្ហាញក្តីសង្ឃឹមថា វត្តមានរបស់លោករួមជាមួយនឹងបទពិសោធន៍កន្លងមកលោកគឺជាជម្រើសដ៏ល្អមួយសម្រាប់រដូវកាល ២០២១/២២ ខាងមុខ។

“នៅពេលដែលលោក Jose ទំនេរពីការងារ យើងបានព្យាយាមចាប់យកឱកាសនេះភ្លាមៗដោយបានទំនាក់ទំនងផ្ទាល់ជាមួយនឹងគ្រូបង្វឹកឆ្នើមម្នាក់នេះ”។ អ្នកចាត់ការទូទៅក្លឹប Roma លោក Thiago Pinto បានលើកឡើងបែបនេះ។

លោកបានបន្ថែមថា៖ “ពួកយើងពិតជាមានការស្ញប់ស្ញែងចំពោះឆន្ទៈដើម្បីជ័យជម្នះ និងភាពត្រេកត្រអាលដែលគាត់តែងតែមានក្នុងពេលប្រកួតទាំងឡាយ ហើយវាមិនសំខាន់ថាគាត់ធ្លាប់ឈ្នះពានប៉ុន្មាននោះទេ ព្រោះយើងជឿថាអ្វីដែលគាត់តែងតែទុកជាមូលដ្ឋានសំខាន់ គឺផ្តោតលើដំណើរឆ្ពោះទៅមុខជានិច្ច។ គាត់មានទាំងចំណេះដឹង បទពិសោធន៍ និងភាពជាអ្នកដឹកនាំដើម្បីបំពេញការងារទាំងអស់នេះ។”

យ៉ាងណាក៏ដោយ ដំណើរវិលមកកាន់ទឹកដីអុីតាលីរបស់បុរសវ័យ៥៨ឆ្នាំនេះអាចនឹងមិនងាយស្រួលដូចកាលពីជាង​១០ឆ្នាំមុននោះទេ ជាក់ស្តែងអតីតអ្នកចាត់ការក្លឹប Roma លោក​ Fabio Capello បានប្រាប់សារព័ត៌មាន La Presse ថា៖ “Roma គឺជាក្លឹបដែលមួយដែលពិបាកដឹកនាំ ព្រោះថាដើម្បីឈ្នះវាមិនគ្រប់គ្រាន់នោះទេក្នុងការនាំយកគ្រូដ៏អស្ចារ្យម្នាក់ ប៉ុន្តែវាតម្រូវឱ្យមានកីឡាករល្អៗផងដែរ”

 

ប្រភព: Reuters

មតិយោបល់