លីគបាល់ទាត់វៀតណាម ប្រែប្រួលខ្លាំងឆ្នាំនេះ គ្រូបង្វឹកដល់ទៅ ១២នាក់ បានបាត់បង់ការងារត្រឹមពាក់កណ្ដាលរដូវកាល

មាស សុផាណារ៉ុង May 5, 2021


 

វៀតណាម៖ រដូវកាល២០២១ បានក្លាយជារដូវកាលលំបាកសម្រាប់គ្រូបង្វឹកបាល់ទាត់នៅប្រទេសវៀតណាម ដោយគិតត្រឹមពាក់កណ្ដាលរដូវកាលនេះ គ្រូបង្វឹកលីគក្នុងស្រុក ១២នាក់បានបាត់បង់ការងារ។

ចំពេលដែលជំងឺរាតត្បាតកូវីដ-១៩ គ្រូបង្វឹកបាល់ទាត់រាប់ជាច្រើននាក់ត្រូវបានផ្លាស់ប្តូរ បណ្តេញ ផ្ទេរ ឬលាឈប់ ពីក្លិបរៀងខ្លួនៗ គ្រាដែលបច្ចុប្បន្ន ជិតបញ្ចប់ជុំទី១ របស់ខ្លួនទៅហើយ។

នៅក្នុងក្របខ័ណ្ឌកំពូលវៀតណាម (V. League) តែមួយគ្រូបង្វឹក ៨នាក់ត្រូវបានប្រកាសចាកចេញក្លិបរបស់ពួកគេ។ សម្រាប់នៅលីគទី២ វៀតណាម វិញ (V. League 2) ដែលមិនសូវមានការប្រកួតប្រជែង គ្រូបង្វឹកចំនួន ៤នាក់បានចែកផ្លូវគ្នាជាមួយក្លិបរបស់ពួកគេ។

គ្រូបង្វឹកចុងក្រោយដែលចាកចេញ គឺ លោក Le Huynh Duc ដោយបានលាលែងពីតំណែងជាគ្រូបង្វឹកនៃក្រុម SHB Da Nang បន្ទាប់ពីបានធ្វើការជាមួយក្លិបអស់រយៈពេល ១២ ឆ្នាំមកហើយនោះ។ លោក Duc ចាកចេញពីក្លិបគឺជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែចាប់តាំងពីទាំងអ្នកគាំទ្រ និងកីឡាករទាមទារការផ្លាស់ប្តូរ លោកត្រូវតែទៅ។

ងាកមកក្លិប Saigon FC វិញ បានប្តូរគ្រូបង្វឹករបស់ពួកគេចំនួន ២ដងនៅរដូវកាលនេះ។ បន្ទាប់ពីដឹកនាំ Saigon FC ឈរលេខ៣ កាលពីរដូវកាលមុន គ្រូបង្វឹក Vu Tien Thanh ត្រូវបានគ្រូបង្វឹកជប៉ុន លោក Masahiro Shimoda ចូលជំនួស។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការដឹកនាំមិនបានល្អជាបន្តបន្ទាប់ លោក Shimoda ត្រូវបានបណ្តេញចេញ និងជំនួសដោយគ្រូបង្វឹក Phung Thanh Phuong។

ស្ថានភាពស្រដៀងគ្នានេះបានកើតឡើងនៅក្លិប Hanoi FC ។ ក្លិបមួយនេះបានប្រកាសលាគ្រូបង្វឹកដែលនៅជាមួយគ្នាយូរមកហើយផងដែរនោះ លោក Chu Dinh Nghiem បន្ទាប់ពីការដឹកនាំក្រុមប្រកួតមិនបានល្អសោះ។ គ្រូបង្វឹក Hoang Van Phuc បានដឹកនាំក្រុមនេះត្រឹមតែមួយរយៈខ្លីមុនពេលបញ្ជូនកៅអីដ៏ក្តៅនេះ ទៅគ្រូបង្វឹកកូរ៉េខាងត្បូង Park Choong-kyun ដោយត្រូវមានបេសកកម្មនាំ Hanoi ឡើងទៅតំបន់ក្រុមកំពូលទាំង៦។

គ្រូបង្វឹកផ្សេងទៀតដូចជា លោក Pham Minh Duc (ក្លិប Hong Linh Ha Tinh) និង លោក Ngo Quang Truong (ក្លិប Song Lam Nghe An) ក៏ត្រូវបានជំនួសផងដែរបន្ទាប់ពីលទ្ធផលដឹកនាំមិនល្អ។

នៅលីគទី២ វៀតណាម គ្រូបង្វឹក ៤នាក់ដែលចែកផ្លូវគ្នាជាមួយក្លឹបរបស់គេមានដូចជា លោក Nguyen Thanh Cong (ក្លិប Quang Nam FC), លោក Van Sy Son (ក្លិប Binh Phuoc FC), លោក Pham Cong Loc (ក្លិប CAND) and Trinh Van Hau (ក្លិប An Giang FC).

សប្តាហ៍នេះ V. League នឹងឈានដល់ជុំចុងក្រោយនៃការប្រកួតជុំទី១ របស់ខ្លួន។ ក្រោយមកទៀតក្រុមកំពូលទាំង ៦ នឹងប្រជែងគ្នាដណ្តើមជើងឯក ក្នុងតំបន់ A ខណៈក្រុមបាតតារាង ៨ក្រុម ផ្សេងទៀតប្រកួតដើម្បីចៀសផុតពីការកាត់ចេញទៅលីគទី២ វៀតណាម។

បញ្ជាក់ថា លីគកំពូលវៀតណាម មាន ១៤ក្រុមចូលរួមប្រកួត ខណៈលីគទី២ វៀតណាម មាន ១៣ក្រុមចូលរួមប្រកួត៕

 

ប្រភព៖ vnexpress.net

មតិយោបល់