UEFA Champions League: គ្រូធំ PSG ត្រៀមទទួលទាំងភាពឈឺចាប់ និងត្រៀមទាំងប្រយុទ្ធឲ្យតែមានឱកាស

មាស សុផាណារ៉ុង May 4, 2021


 

អង់គ្លេស៖ មុននឹងជំនួបកាត់សេចក្តីរវាងក្រុមទាំងពីរឈានចូលមកដល់ លោក Mauricio Pochettino ដែលជាកគ្រូបង្វឹករបស់ក្រុម Paris St Germain បានលើកឡើងថា លោកបានត្រៀមខ្លួនទទួលទាំងភាពឈឺចាប់ តែថាលោកក៏ត្រៀមខ្លួនសម្រាប់ឈ្លានពានលើគូប្រកួតគឺក្រុមម្ចាស់ផ្ទះ Manchester City ដែលកំពុងមានប្រៀបវិញដែរឱ្យតែមានឱកាសហុចឱ្យ។​

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានថ្លែងថា ទោះបីជាគូប្រកួតមានភាពនាំមុខដោយសារតែជ័យជម្នះកាលពីជើងទី១ក៏ដោយ ក៏ក្រុមរបស់លោកនឹងព្យាយាមប៉ះប៉ូវរបួសនេះដោយត្រូវតែហ៊ានប្រថុយ អមដោយភាពក្លាហានព្រមជាមួយនឹងផែនការដ៏ហ្មត់ចត់ត្បិតអីក្រុម Manchester City គឺជាក្រុមដែលអាចលេងបត់បែនទៅតាមស្ថានភាពយ៉ាងល្អប្រសើរ ដូចនេះសម្រាប់លោក កីឡាករទាំងអស់ត្រូវលេងដោយឆ្លាតវៃ ដោយទំនុកចិត្ត និងបង្ហាញឱ្យអស់ពីសមត្ថភាពនៅលើទីលានប្រៀបបាននឹងសមរភូមិមួយដូចនោះដែរ។

ចំពោះ សមាសភាពកីឡាករវិញ​ គេរំពឹងថាខ្សែប្រយុទ្ធឆ្នើម​ Kylian Mbappe នឹងអាចជាសះស្បើយពីរបួសដើម្បីជួយមិត្តរួមក្រុមសម្រាប់ការប្រកួតដ៏សំខាន់នេះ ខណៈដែលរូបគេអវត្តមានកាលពីការប្រកួតជើងទី១ កន្លងមក។

យ៉ាងណាក៏ដោយ ចំពោះលោក Mauricio Pochettino មិនបានបញ្ជាក់ច្បាស់លាស់ថា កីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំលីគកំពូលបារាំងរដូវកាលនេះអាចនឹងបង្ហាញខ្លួន ឬយ៉ាងណានោះទេ ដោយរង់ចាំមើលលទ្ធផលនៃការហ្វឹកហាត់របស់គេសិនពោលគឺអ្វីៗនឹងបង្ហាញច្បាស់ក្នុុងការប្រកួតតែម្តង៕

 

ប្រភព: Reuters

មតិយោបល់