UEFA កំណត់ទស្សនិកជនត្រឹមជាង ៩៥០០នាក់អាចចូលទស្សនាវគ្គផ្តាច់ព្រ័ត្រ Europa League

មាស សុផាណារ៉ុង May 4, 2021


 

បារាំង៖ UEFA បានចេញសេចក្តីប្រកាសផ្លូវការមួយរបស់ខ្លួន បន្ទាប់ពីទទួលបានការបើកភ្លើងខៀវពីអាជ្ញាធរប៉ូឡូញរួចមក អំពីចំនួនទស្សនិកជនដែលអាចមានវត្តមាននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ដោយកំណត់ត្រឹមតែជាង ៩,៥០០នាក់ប៉ុណ្ណោះ។

យោងតាមការបញ្ជាក់ អាជ្ញាធររបស់ប្រទេសនេះបានសម្រេចថា សម្រាប់ការប្រកួតនាថ្ងៃទី២៦ ខែឧសភា ខាងមុខ នឹងអនុញ្ញត្តឱ្យទស្សនិកជន​ ២៥%នៃចំនួនចំណុះសរុបរបស់កីឡដ្ឋាន Gdansk Stadium ដែលមានប្រមាណជា ៤០.០០០ កៅអី។​ ជាមួយគ្នានេះដែរ សំបុត្រចំនួន ២០០០សន្លឹកត្រូវបានបម្រុងទុកចំណែក​ ២០០០សន្លឹកទៀតសម្រាប់ដាក់លក់ជាសាធារណៈ ខណៈដែលចំនួននៅសល់ គឺសម្រាប់ដៃគូឧបត្ថម្ភផ្លូវការរបស់ UEFA, បណ្តាញផ្សព្វផ្សាយ និងបណ្តាមន្ត្រីសមាគមបាល់ទាត់នៅអឺរ៉ុប។

ជាងនេះទៅទៀត សម្រាប់ទស្សនិកជនទូទៅមកពីបរទេសគឺតម្រូវឱ្យបំពេញលក្ខខណ្ឌឆ្លងដែនតាមការកំណត់របស់ប្រទេសម្ចាស់ផ្ទះដោយមិនមានការលើកលែងនោះឡើយ ដូចជាវិធានការធ្វើតេស្តវីរុសកូវីដ១៩ និងបង្ហាញពីសក្ខីកម្មនៃការបានចាក់វ៉ាក់សាំងជាដើម។

សូមបញ្ជាក់ថា ចំពោះលទ្ធផលនៃការប្រកួតជើងទី១​នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញក្រុមអង់គ្លេសទាំង ២ក្រុមកំពុងមានភាពនាំមុខក្នុងការក្លាយជាបេក្ខភាពនៃវគ្គផ្តាច់ព្រ័ត្រដោយសារតែក្រុម Manchester United បានយកឈ្នះក្រុម Roma ក្នុងលទ្ធផល ៦-២ ខណៈដែលក្រុម Arsenal ក៏បានទទួលជ័យជម្នះលើក្រុម Villarreal កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនជាមួយនឹងលទ្ធផល ២-១ ផងដែរ៕

 

ប្រភព: AFP

មតិយោបល់