Thierry Henry បញ្ជាក់ថាម្ចាស់ក្រុមហ៊ុន Spotify បានទាក់ទងទិញក្លិប Arsenal ពិតប្រាកដហើយ

មាស សុផាណារ៉ុង May 4, 2021


 

អង់គ្លេស៖ Thierry Henry ថ្លែងក្នុងនាមជាភ្ញៀវរបស់ទូរទស្សន៍ Sky Sports នៅរាត្រីថ្ងៃច័ន្ទ បាននិយាយថា “ខ្ញុំគិតថាវានឹងមានរយៈពេលយូរ និងមិនងាយស្រួលទេប្រសិនបើវាកើតឡើង។ រឿងមួយដែលខ្ញុំចង់បញ្ជាក់ម្តងទៀតគឺ Daniel នឹងមិនចុះចាញ់ទេ គាត់នឹងនៅទីនោះរង់ចាំមើលថាតើពួកគេចង់លក់ ដែរឬទេ?”

លោក Thierry Henry បានបញ្ជាក់ប្រាប់ទូរទស្សន៍ Sky Sports ថា Daniel Ek បានទាក់ទងទៅគ្រួសារ លោក Kroenke ដែលម្ចាស់ភាគហ៊ុនធំរបស់ក្លិប Arsenal ដើម្បីផ្តល់ជូនសំណើរក្នុងការទិញក្លិបរហស្សនាម កាំភ្លើងធំ មួយនេះ។

លោក Ek បានសរសេរទៅកាន់ម្ចាស់ក្លឹប Arsenal លោក Stan Kroenke ហើយរំពឹងថានឹងធ្វើការដេញថ្លៃចំនួន ១.៨កោដិផោន សម្រាប់ទិញក្លឹបនៅភាគខាងជើង ទីក្រុងឡុងដ៍ មុនដំណាច់សប្តាហ៍នេះ។

ម្ចាស់ក្រុមហ៊ុន Spotify ជឿជាក់ថា Kroenke នឹងស្តាប់សំណើរដែលលោកផ្តល់ជូន ដោយលោកចាត់ទុកថាជាការទាក់ទាញមួយ ហើយមានការគាំទ្រយ៉ាងពេញទំហឹងពី Henry និងវិរៈបុរសរបស់ Arsenal ជាច្រើនទៀត ដូចជា Patrick Vieira និង Dennis Bergkamp។

Henry បាននិយាយថា លោក Ek នឹងមិនបោះបង់ចោលការប៉ុនប៉ងរបស់គាត់ ដើម្បីគ្រប់គ្រង Arsenal ដោយមិនគិតពីជំហររបស់លោក Kroenkes ដែលថាក្លឹបនេះមិនមែនសម្រាប់លក់ទេ។

លោក Henry បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ខ្ញុំដឹងថាមានមនុស្សជាច្រើនចង់ដឹងអំពី ការកាន់កាប់នេះ។ វាជាការពិត Daniel គឺជាអ្នកគាំទ្រ Arsenal គាត់មិនបាននិយាយជាសាធារណៈនោះទេ។ គាត់គឺជាអ្នកគាំទ្រ Arsenal អស់រយៈពេលជាយូរមកហើយ។”

“គាត់បានធ្វើរួចហើយ ខ្ញុំឲ្យអ្នកដឹងរឿងខ្លះ – គឺបានទាក់ទង់ Kroenkes ហើយបានប្រាប់ខ្លួនឯងថា គាត់នឹងប្រមូលប្រាក់ដើម្បីធានាថាអាចធ្វើការដេញថ្លៃបាន។ ឥឡូវនេះ ពួកគេត្រូវការស្តាប់។ មនុស្សជាច្រើនបានស្រែកថា ពួកគេចង់ឲ្យម្ចាស់ក្លិបចាកចេញ។ យើងកំពុងព្យាយាមផ្តល់ដំណោះស្រាយដែលទាក់ទងនឹងអ្នកគាំទ្រ និងយក DNA របស់ក្លិបត្រឡប់មកវិញ។”

លោកបានបន្ថែមទៀតថា៖ “ខ្ញុំគិតថាវានឹងមានរយៈពេលយូរ និងមិនងាយស្រួលនោះទេប្រសិនបើវាកើតឡើង។ រឿងមួយដែលខ្ញុំចង់បញ្ជាក់ម្តងទៀត គឺ Daniel នឹងមិនចុះចាញ់ទេ គាត់នឹងនៅទីនោះរង់ចាំមើលថាតើពួកគេចង់លក់ ដែរឬអត់។ រឿងនោះនឹងចំណាយពេលយូរណាស់ យើងដឹងថាយើងចង់ធ្វើអ្វី ប៉ុន្តែដំបូងយើងត្រូវប្រាកដថាយើងអាចក្រប់គ្រងបាន ប្រសិនបើពួកគេកំពុងតែស្តាប់សំណើរ។”

សូមបញ្ជាក់ថា អ្នកគាំទ្រ Arsenal មានការខឹងសម្បារយ៉ាងខ្លាំង ដែលភាគច្រើនបាននឹងកំពុងពុះកញ្ជ្រោលក្នុងកំឡុងពេល ១០ឆ្នាំនៃភាពជាម្ចាស់កម្មសិទ្ធិរបស់គ្រួសារលោក Kroenke ដោយមិនទទួលជោគជ័យធំដំឡើយ ក្រោមស្លាក Kroenke Sports & Entertainment ភាគច្រើនគឺដោយសារពុំសូវហ៊ានចំណាយថវិកាដើម្បីទិញកីឡាករថ្លៃៗ ជាដើម៕

 

ប្រភព៖ skysports

មតិយោបល់