Bale អះអាងថាខ្លួនកំពុងសប្បាយចិត្ត ក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យក្មេងជាងខ្លួន Ryan Mason

មាស សុផាណារ៉ុង May 4, 2021


 

អង់គ្លេស៖ កីឡាករ Gareth Bale របស់ក្រុម Tottenham Hotspur បានសារភាពថា បច្ចេកទេសលេងបែបប្រយុទ្ធរបស់គ្រូបង្វឹកវ័យក្មេង Ryan Mason បានធ្វើឱ្យក្រុមទាំងមូលមានភាពផ្លាស់ប្តូរ និងមិនធ្លាប់មានពីមុនមកកាលនៅក្រោមការដឹកនាំរបស់អតីតគ្រូបង្គោលលោក Jose Mourinho ដែលត្រូវបានអ្នកគាំទ្រនិយាយថាមានការរៀបចំទម្រង់លេងបែប “អវិជ្ជមាន” ផ្ទុយពី Mason ដែលលើកទឹកចិត្តឱ្យកូនក្រុមមានភាពជឿជាក់និងជាលទ្ធផល Tottenham ទើបតែយកឈ្នះ 4-0 លើក្រុម Sheffield United កាលពីម្សិលមិញ។

Gareth Bale ដែលរកបាន​ ៣គ្រាប់ម្នាក់ឯងក្នុងការប្រកួតកាលពីថ្ងៃអាទិត្យនេះបានលើកឡើងថា កីឡាករទាំងអស់កំពុងតែលេងតាមបែប Tottenham ផ្ទាល់ ពោលគឺដោយភាពស្វាហាប់ និងជឿជាក់ហើយមានទំនុកចិត្តថាពួកគេកំពុងស្ថិតនៅក្រោមការដឹកនាំមួយដែលត្រឹមត្រូវ។

រូបគេបានបន្ថែមថា៖ “ជ័យជម្នះតែងតែធ្វើឱ្យអ្នកគ្រប់គ្នារីករាយ ហើយសម្រាប់ខ្ញុំ គឺខ្ញុំមានអារម្មណ៍ល្អដូចដែលខ្ញុំធ្លាប់និយាយហើយថា ខ្ញុំគ្រាន់តែចង់ប្រកួតហើយបង្ហាញសមត្ថភាពលើទីលាន ហើយខ្ញុំបានធ្វើវាហើយ ហេតុនេះខ្ញុំសប្បាយចិត្ត កាលណាខ្ញុំសប្បាយចិត្តខ្ញុំក៏ធ្វើបានល្អតាមហ្នឹងដែរ។”

សូមបញ្ជាក់ថា កីឡាករ Gareth Bale បានចូលរួមជាមួយក្រុម Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid ដោយលោក Jose Mourinho មុននឹងលោកបានចាកចេញពីក្លឹបមាន់ខ្នាយមាសនេះ ប៉ុន្តែត្រឹម ​២ប្រកួតក្នុង Premier League ក្រោមស្នាដៃដឹកនាំរបស់លោក Ryan Mason រូបគេរកបាន ៤គ្រាប់ហើយ ខណៈដែលការបន្តកិច្ចសន្យាដើម្បីលេងនៅទឹកដីអង់គ្លេសទៀត ឬយ៉ាងណាមិនទាន់ត្រូវបានលើកយកមកពិភាក្សារវាងក្លឹបទាំង ២នៅឡើយទេ៕

 

ប្រភព៖ 90min.com

មតិយោបល់