ម្ចាស់ក្លឹប Man Utd កាន់តែរងសម្ពាធរឿងបង្ខំឱ្យលក់ក្លឹប ក្រោយបាតុកម្មម្សិលមិញ

មាស សុផាណារ៉ុង May 3, 2021


 

អង់គ្លេស៖ សន្ទុះនៃការវិះគន់ទៅលើម្ចាស់ក្លឹប ក៏ដូចជាថ្នាក់ដឹកនាំក្លឹប Man Utd ជាច្រើនសប្តាហ៍កន្លងមកបានឈានដល់សភាពពុះកញ្ជ្រោលខ្លាំងកាលពីម្សិលមិញ បន្ទាប់ពីក្រុមអ្នកគាំទ្របានក្លាយខ្លួនជាបាតុករ ហើយបានសម្រុកចូលលុកលុយកីឡដ្ឋាន Old Trafford រហូតបណ្តាលឱ្យសំភារៈមួយចំនួនមានការខូចខាត ចំណែកឯការប្រកួតរវាងក្រុមម្ចាស់ផ្ទះនឹងក្រុមភ្ញៀវ Liverpool ត្រូវបានលើកពេលតែម្តង។

កំហឹងនេះបានឆាបឆេះខ្លាំងក្នុងអំឡុងខែមីនាកន្លងមក បន្ទាប់ពីថ្នាក់ដឹកនាំក្លឹបបិសាចក្រហមនេះបានប្រកាសចូលរួមក្នុងគម្រោង European Super League ដ៏ចម្រូងចម្រាស និងបានរងការរិះគន់ពីមជ្ឈដ្ឋានជាច្រើនតាំងពីអ្នកគាំទ្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងរាជវង្សានុវង្សអង់គ្លេស ប៉ុន្តែក្រោយការប្រកាសដកខ្លួនពីផែនការនេះវិញ បងប្អូនត្រកូល ​Glazer ដែលជាម្ចាស់ក្លឹបក៏បានធ្វើការសូមទោសអ្នកគាំទ្រ ហើយរំពឹងថាទឹកចិត្តអ្នកគាំទ្រនឹងបានស្ងប់ស្ងាត់វិញ​ ខណៈដែល លោក Joel Glazer ក៏បានសន្យាថានឹងកសាងទំនុកចិត្តពីអ្នកគាំទ្រឡើងវិញ។

ប៉ុន្តែ អ្វីៗមិនបានប្រសើរសោះឡើយហើយមកទល់ពេលនេះទៀត ត្រកូល Glazer រឹតតែរងសម្ពាធពីអ្នកគាំទ្រខ្លាំងឡើងៗដោយបានទទូចឲ្យមហាសេដ្ឋីអាម៉េរិកទាំង ២នាក់បងប្អូនដាក់លក់ក្លឹបតែម្តងដោយពួកគេបានអះអាងថា នេះជាពេលវេលាល្អបំផុតសម្រាប់ការដាក់លក់ក្លឹប ដើម្បីប្តូរម្ចាស់ដែលឱ្យតម្លៃលើស្មារតីកីឡាជាជាងប្រាក់ចំណេញ ឬផ្តោតលើជំនួញហួសហេតុ ចំណែកបាតុករខ្លះបានលើកឡើងថា ពេលនេះវាជាការចាកចេញដ៏មានកិត្តិយសសម្រាប់ម្ចាស់ក្លឹបផងដែរ។

ជាការពិតណាស់ បើទោះបីជាបានលាឈប់ក៏ពិតមែន ប៉ុន្តែ លោក Ed Woodward ដែលជាអនុប្រធានប្រតិបត្តិក៏ទទួលរងការវាយប្រហារពីអ្នកគាំទ្រដែរដោយពួកគេយល់ថាលោកមានភាពឈ្លាសវៃក្នុុងការទាក់ទាញចំណូល ជាពិេសសពីដៃគូឧបត្ថម្ភជាច្រើន តែលោកមិនបានទទួលជោគជ័យក្នុងការនាំយកកីឡាករ និងគ្រូបង្វឹកល្អៗដើម្បីមកពង្រឹងក្លឹបឡើយ។ ជាលទ្ធផល ចាប់តាំងពីលោក Alex Ferguson ចូលនិវត្តន៍នាឆ្នាំ២០១៣មក ក្លឹប Man Utd មិនបានឈ្នះជើងឯកនោះឡើយផ្ទុយពីគូប្រជែងធំៗទាំង២ គឺ Manchester City និង Liverpool ដែលមានភាពលេចធ្លោជាង។

ត្រលប់ទៅអតីតកាលបន្តិចយើងឃើញថា ក្រោមការដឹកនាំរបស់ Sir Alex Ferguson ក្លឹបបិសាចក្រហមមានកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងពិភពលោក ដោយបានឈ្នះជើងឯកលីគកំពូលអង់គ្លេស ១៣លើក ព្រមទាំង European Champions League ចំនួន ២ដងថែមទៀតផង។ ការប្រៀបធៀបគ្នានេះបានក្លាយជារលកកាន់តែធំបោកបក់មកលើរបៀបរបបដឹកនាំក្លឹបនាពេលបច្ចុប្បន្នដែលពិបាកនឹងសាងទំនុកចិត្តក្នុងចំណោមអ្នកគាំទ្រឡើងវិញណាស់។

យ៉ាងណាក៏ដោយ មហាសេដ្ឋី Joel និង Avram Glazer មិនបានបង្ហាញចេតនាណាមួយពីការចង់លក់ក្លឹបទៅតាមសំណើររបស់អ្នកគាំទ្រនោះទេ។

សូមបញ្ជាក់ថា លោក Joel និង Avram បានក្លាយជាសហប្រធានក្លឹប Man Utd បន្ទាប់ពីឳពុករបស់ពួកគេគឺលោក Malcolm Glazer បានទទួលមរណភាពនាឆ្នាំ២០១៤ ដោយកាលដំបូងឡើយពោលគឺនៅឆ្នាំ២០០៥ មហាសេដ្ឋីអចលនទ្រព្យរូបនេះបានទិញយកក្លឹបបិសាចក្រហមក្នុងតម្លៃ ៧៩០លានផោន ឬប្រមាណជាជាង ១ពាន់លានដុល្លារអាម៉េរិកបន្ទាប់ពីលោក Malcolm រកបានប្រាក់ជាច្រើនពីអចលនទ្រព្យ និងពីការលក់ភាគហ៊ុនហើយបានវិនិយោគជាបន្តបន្ទាប់ក្នុងជំនួញកីឡា៕

 

ប្រភព៖ Reuters

មតិយោបល់